Sunday, January 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ចីអនឡាញពិតជាគ្រោះថ្នាក់ណាស់ ឯកឧត្តម គួច ចំរើន អំពាវនាវឱ្យប្រជាពលរដ្ឋ រាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ក្នុងករណីបងប្អូនបានជំពាក់កម្ចីអនឡាញ

កណ្តាល ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ រាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជំពាក់កម្ចីអនឡាញ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអំពាវនាវបែបនេះ ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន២,០៥០ប័ណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ស្ថិតនៅភូមិឫស្សីជ្រោយ និងភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ និងភូមិក្រោម ឃុំព្រែកអញ្ចាញ នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ នៅបរិវេណវត្តអម្ពរវ័ន ស្ថិតនៅឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។

ឯកឧត្តមអភិបាលខេត្តកណ្ដាល បន្តថា៖ កម្ចីអនឡាញនេះ គឺពិតជាគ្រោះថ្នាក់ណាស់ សម្រាប់បងប្អូនប្រជាពលរដ្ឋ ព្រោះថាកម្ចីអនឡាញនេះ មានការខ្ចីពីមួយទៅមួយបន្តគ្នា ហើយចំនួននៃការជំពាក់មានការកើនឡើងទ្វេដង ដូច្នេះប្រសិនបើប្រជាពលរដ្ឋណា មានការជំពាក់កម្ចីអនឡាញ សូមធ្វើការរាយការណ៍មកអាជ្ញាធរមូលដ្ឋាន ឬរាយការណ៍មកឯកឧត្តមផ្ទាល់ ដើម្បីឱ្យអាជ្ញាធរមានមូលដ្ឋានក្នុងការពិនិត្យ និងសម្របសម្រួល ជៀសវាងបំណុលអនឡាញមានការកើនឡើងឥតឈប់ឈរ ដែលធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ ប្រឈមនឹងការគិតខ្លី ឬអាចឈានដល់ការបញ្ចប់ជីវិតជាដើម។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ សូមឈប់ធ្វើការខ្ចីលុយពីជនជាតិឥណ្ឌា(លុយរាប់) ហើយក្នុងករណីដែលនៅមានប្រជាពលរដ្ឋមានការខ្ចីលុយពីជនជាតិឥណ្ឌា សូមធ្វើការរាយការណ៍មកអាជ្ញាធរមូលដ្ឋាន។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បន្តថា៖ ការខ្ចីរបស់ជនជាតិឥណ្ឌានេះមានការប្រាក់ថ្លៃ ហើយមិនមានច្បាប់អនុញ្ញាតឡើយ។ ហើយការខ្ចីនេះ មានរយៈពេលកាន់តែយូរទៅ បំណុលរបស់យើងកាន់តែកើនឡើងឥតឈប់ឈរ ដែលធ្វើឱ្យយើងសងពួកគេមិនចេះអស់។ ដូច្នេះប្រសិនបើមានប្រជាពលរដ្ឋណាបានខ្ចីពីជនជាតិឥណ្ឌា សូមរាយការណ៍មកអាជ្ញាធរមូលដ្ឋាន ឬរាយការណ៍មកឯកឧត្តមផ្ទាល់ ដើម្បីធ្វើការពិនិត្យ និងសម្របសម្រួលជូនបងប្អូនកុំឱ្យមានការជំពាក់កាន់តែច្រើនជាងនេះបន្ថែមទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី