ទាហានកូរ៉េខាងជើង ដែលត្រូវរបួសដោយគ្រាប់កាំភ្លើង ៥គ្រាប់ពេលរត់មកកូរ៉េខាងត្បូងនោះ កំពុងតែសះស្បើយពីរបួសសន្សឹមៗហើយ។
មន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូង និយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន Yonhap ថា ខណៈពេលជីវិតរបស់ទាហានកូរ៉េខាងរូបនេះ រងការគំរាមកំហែងបានឆ្លងផុត។
នាពេលដឹងខ្លួនវិញនៅថ្ងៃទី ២១/១១នោះ ស្រាប់តែទាហានរូបនេះ បានស្នើសុំស្តាប់ចម្រៀងរបស់ក្រុម K-pop និងមើលភាពយន្តទូរទស្សន៍របស់កូរ៉េខាងត្បូង។
“នេះជាកូរ៉េខាងត្បូងមែនទេ? ខ្ញុំចង់ស្តាប់ចម្រៀងរបស់កូរ៉េខាងត្បូង” -នេះថាជាការបើកមាត់និយាយដំបូងបំផុតរបស់គាត់ក្រោយពេលដឹងខ្លួន។ ហេតុនេះកូរ៉េខាងត្បូងបានវាយតម្លៃថា ពុំអាចទាត់ចោលមូលហេតុដែលទាហានរូបនេះបានត់ចោលជួរព្រោះតែរងផលប៉ះពាល់លើផ្នែកចិត្តសាស្ត្រពីក្រុមតន្ត្រី K-pop ពិសេសគឺ SNSD ។
ពីយូរមកហើយដែលរវាងកូរ៉េទាំង២ បានប្រើប្រាស់យុទ្ធសាស្ត្រប្រើ ឧឃោសនស័ព្ទ ដែលបំពងសំឡេងមានថាមពលខ្លាំងនៅតាមតំបន់ព្រំដែន ដើម្បីបញ្ជូននូវព័ត៌មានឃោសនាសំដៅបំបែកស្មារតីរបស់គូបដិបក្ខ និងអូសទាញពលទាហានរបស់បច្ចាមិត្រ។
ក្រៅពីព័ត៌មាន និងសារឃោសនាក្រុងសេអ៊ូលតែងចាក់បទចម្រៀងរបស់ក្រុមតន្ត្រីល្បីៗ K-pop ជាអាទិ៍ Big.Bang ឬ SNSD។
ឧបករណ៍បំពងសំឡេងទាំងនោះអាចបញ្ជូនសូរសំឡេង បានដល់ទៅ 24km នាពេលយប់ ហើយ 10km នៅពេលថ្ងៃ គ្រប់គ្រាន់នឹងឮដល់តំបន់ភូមិករ មានពលរដ្ឋរស់នៅជិតតំបន់ស ឬតំបន់ដែលមានទាហានកូរ៉េខាងជើងបោះជំរំ។
មន្ត្រីខាងលើបានប្រាប់ Yonhap បន្ថែមថា “ដើម្បីធ្វើឲ្យស្មារតីរបស់ទាហានកូរ៉េខាងជើងនេះ ស្ថិរភាពឡើងវិញ យើងបានព្យួរទង់ជាតិរបស់កូរ៉េខាងត្បូងនៅក្នុងបន្ទប់ព្យាបាលតែម្តង។
អត្តសញ្ញាណរបស់ទាហានរូបនេះ នៅពុំទាន់កំណត់បាន ប៉ុន្តែគេសង្ស័យថា គាត់ជាអ្នកបើកបររថយន្តឲ្យកម្មាភិបាលជាន់ខ្ពស់ម្នាក់ក្នុងរដ្ឋការព្យុងយ៉ាង។
កូរ៉េខាងត្បូងប៉ាន់ស្មានថា មានពលរដ្ឋកូរ៉េខាងជើងប្រមាណ ៣០.០០០នាក់ បានរត់ទៅកាន់ប្រទេសជិតខាង ក្រោយពីការផ្អាកសង្គ្រាមនៅឧបទ្វីបនេះ នាឆ្នាំ ១៩៥៣។ ក្រៅពីរត់មកកូរ៉េខាងត្បូងក៏នៅមានរត់ទៅជ្រកកោននៅចិន៕ សូយន