នេះជាគ្រោះថ្នាក់ចរាចរណ៍ដ៏ស្លុតរន្ធត់ណាស់ ដែលរថយន្តរត់តាក់ស៊ី Pruis ១គ្រឿង បានបើកលឿនដូចហោះ រ៉េចង្កូតទៅបុករបាំងពុះចែកទ្រូងផ្លូវ ក្រឡាប់ឆេះសន្ធោសន្ធៅ បណ្តាលឲ្យអ្នកដំណើរប្រុសស្រី២នាក់ ស្លាប់នៅក្នុងអណ្តាតភ្លើងយ៉ាងអាណោចអាធមបំផុត ខណៈអ្នកបើកបរជាម្ចាស់រថយន្ត រងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋនៅកន្លែងកើតហេតុ ជួយសង្គ្រោះយកចេញពីរថយន្តទាន់ពេល និងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវនេះ បានកើតឡើងនៅស្ថិតនៅលើផ្លូវជាតិលេខ២១A ចំណុចមុខច្រកចូលបុរី សិរីមង្គល ក្នុងភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីវេលាម៉ោងប្រមាណ ៣ ទៀបភ្លឺឈានចូលថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥។
តែអ្វីដែលគួរឲ្យសោកស្តាយ និងអាសូរយ៉ាងខ្លាំងនោះ គឺនៅពេលនេះ អត្តសញ្ញាណអ្នកដំណើរប្រុសស្រី ដែលបានស្លាប់ក្នុងហេតុការណ៍ដ៏រន្ធត់ រថយន្ត PRIUS ស្លាកលេខភ្នំពេញ 2BD-1735 ឆេះសល់តែគ្រោងឆ្អឹងនោះ ត្រូវបានដឹងហើយ គឺពួកគេជាសង្សារនឹងគ្នា ដែលបានចាកចេញដំណើរពីទីតាំងចំការដូង ឆ្ពោះទៅគោលដៅស្រុកស្អាង ខេត្តកណ្តាល។
គូសង្សារទាំងពីរ ខាងស្រីត្រូវបានដឹងថាមានឈ្មោះ ស្រីលីន ឬហៅម៉ូលីន និងខាងប្រុសឈ្មោះ ឌីន, នេះបើតាមសាច់ញាតិនារីរងគ្រោះ បានប្រាប់ឲ្យដឹងនៅកន្លែងកើតហេតុ។ នារីជាសាច់ញាតិ ក៏បានឲ្យដឹងថា រាល់លើក គូសង្សាររងគ្រោះទាំងពីរ តែងធ្វើដំណើរផ្លូវផ្សេង ប៉ុន្តែ នៅថ្ងៃកើតហេតុនេះ មិនដឹងជាយ៉ាងម៉េច ក៏បានធ្វើដំណើរតាមផ្លូវនេះក៏ជួបគ្រោះអកុសលដ៏សែនរន្ធត់បែបនេះ៕