ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា សន្តិភាព និងការផ្សះផ្សា គឺជាបញ្ហាចម្បងរបស់ពិភពលោក ខណៈពេលសង្គ្រាមកំពុងតែឆាបឆេះយ៉ាងសន្ធោរសន្ធៅនៅតាមតំបន់មួយចំនួន ដោយពាក់ព័ន្ធនឹងតួអង្គប្រកបដោយសក្តានុពលជាច្រើន ដែលគម្រាមកំហែងដល់អរិយធម៌មនុស្សជាតិ។
ក្នុងពិធីអបអរសាទរខួបលើកទី៤៦ ទិវាជ័យជម្នះ ៧ មករា (១៩៧៩-២០២៥) ដែលប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញនាព្រឹកថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាជនដែលរស់នៅក្នុងតំបន់សង្គ្រាមកំពុងស្រែកដង្ហោយ រកសន្តិភាពដែលត្រូវធ្វើឱ្យបាត់បង់ទៅ ដោយមិនដឹងថាសន្តិភាពនឹងកើតមានវិញនៅពេលណាឡើយ។ សម្រាប់កម្ពុជាយើង ទោះបីយើងមានសន្តិភាពពេញលេញ ២៦ ឆ្នាំមកហើយក្តី ក៏សន្តិភាពនៅតែជាបញ្ហា បច្ចុប្បន្នភាពក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនយើង ក្នុងពេលដែលនៅតែមានពួកជ្រុលនិយមមួយចំនួនតូច ព្យាយាមសាបព្រោះឥតឈប់ឈរនូវនយោបាយសតិអារម្មណ៍ជ្រុលនិយមមកលើសង្គមជាតិយើង សំដៅ អុជអាល ញុះញង់ បំផុសប្រជាជន កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការឱ្យធ្វើការប្រឆាំងនឹងរាជរដ្ឋាភិបាល ស្របច្បាប់ ដែលនោះគឺ ជាការគម្រាមកំហែងពិតដល់សន្តិភាព។ យើងបានឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃជាច្រើន ទសវត្ស ដូចនេះយើងដឹងច្បាស់ណាស់អំពីសារៈសំខាន់ដែលពុំអាចកាត់ថ្លៃបាននៃសន្តិភាព។ នៅពេល ដែលគ្មានសន្តិភាព យើងមិនអាចនិយាយដល់សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ឬការអភិវឌ្ឍបានឡើយ អាស្រ័យហេតុនេះ សូមយើងទាំងអស់គ្នាពង្រឹងស្មារតីស្រឡាញ់សន្តិភាព និងការពារសន្តិភាពដែលរកបាន មកដោយលំបាកបំផុតនេះ ឱ្យគង់វង្សជារៀងដរាបលើទឹកដីមាតុភូមិដ៏កម្សត់របស់យើង ហើយមិន អនុញ្ញាតដាច់ខាតឱ្យជនណា ឬកម្លាំងណាមកបំផ្លាញសន្តិភាពនេះបានឡើយ។
“ក្នុងស្មារតីនេះ ខ្ញុំយល់ថាវាដល់ពេលហើយដែលត្រូវកសាងច្បាប់ដែលនឹងកំណត់ចំពោះជនណា ឬ ក្រុមណាដែលមានគម្រោងការ ឬអំពើឃុបឃិតបង្កើតចលនាប្រឆាំងជ្រុលនិយម បង្កភាពវឹកវរ អសន្តិសុខ ក្នុងសង្គម បង្កឱ្យមានជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺជាភេរវករ ដែលត្រូវតែនាំខ្លួនយកមកវិនិច្ឆ័យទោសដើម្បីការពារសន្តិភាព។ ព្រមជាមួយនោះ យើងក៏ត្រូវយល់ឱ្យបាន ច្បាស់ថា សន្តិភាពនឹងមិនអាចគង់វង្សបានយូរអង្វែងឡើយ ប្រសិនបើពុំមានការផ្សះផ្សាជាតិ យុត្តិធម៌ និង ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្នទេនោះ” សម្តេចបានបញ្ជាក់យ៉ាងដូច្នេះ។
សម្តេចបានប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងបន្តថា ព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្នកំពុងពុះពារឈានទៅមុខទៀតលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍ ដើម្បីកសាងអនាគតរបស់ខ្លួនឱ្យក្លាយជាអរិយប្រទេសមួយដូចបណ្តាប្រទេសលើពិភពលោក ដោយគ្មានការកើតមានជាថ្មីទៀតនូវសង្គ្រាម និងអំពើប្រល័យពូជសាសន៍។ ប្រជាជនកម្ពុជាកំពុង រួមសាមគ្គីជាធ្លុងមួយក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត និងកំពុងរួមសាមគ្គីជុំវិញរាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីសម្រេចសមិទ្ធផល ថ្មីៗទៀត ក្នុងការកសាង និងការពារមាតុភូមិ ក៏ដូចការលើកស្ទួយជីវភាពរបស់ខ្លួន។ ក្នុងឱកាសនេះ ខ្ញុំក៏សូម រំឭកជាថ្មីទៀតថា សូមបណ្តាប្រទេសរៀនសូត្រអំពីកំហុសប្រវត្តិសាស្ត្រពីរលើក ដែលប្រទេសមួយចំនួន បានប្រព្រឹត្តមកលើកម្ពុជា ដើម្បីចៀសវាងកុំឱ្យកើតមានកំហុសជាលើកទី៣ទៀត។ កំហុសលើកទី១ គឺការ គាំទ្ររដ្ឋប្រហារថ្ងៃ ១៨មីនា ឆ្នាំ ១៩៧០ និងកំហុសលើកទី២ គឺការផ្តល់សិទ្ធិឱ្យពួកប្រល័យពូជសាសន៍ កាន់កាប់អាសនៈកម្ពុជានៅអង្គការសហប្រជាជាតិរយៈពេល ១២ឆ្នាំ ចាប់ពីឆ្នាំ១៩៧៩ ហើយដាក់ទណ្ឌកម្ម សេដ្ឋកិច្ច នយោបាយ ការទូត យ៉ាងអយុត្តិធម៌ ប្រឆាំងនឹងអ្នកបានរំដោះប្រជាជនពីរបបប្រល័យពូជសាសន៍ ដោយធ្វើមិនដឹងមិនឮចំពោះទុក្ខលំបាក និងបំណងប្រាថ្នាពិតរបស់ប្រជាជនកម្ពុជា។ យើងសង្ឃឹមថា អធិបតេយ្យជាតិ សិទ្ធិស្វ័យសម្រេច និងបំណងប្រាថ្នាដ៏បរិសុទ្ធរបស់ប្រជាជនកម្ពុជានឹងត្រូវបានគោរព។
បើតាមសុន្ទរកថារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងពិដ៏មីស្ទឹងឭកខួបលើកទី ៤៦ នៃទិវាជ័យជម្នះ ៧មករា, លើមូលដ្ឋានជ័យជម្នះ ៧មករា បានធ្វើឱ្យកម្ពុជា ដែលបានធ្លាក់ចេញពីគន្លងអភិវឌ្ឍន៍ ហើយត្រូវដើរថយក្រោយរាប់សិបឆ្នាំនោះ កំពុងបានពង្រឹង និងពង្រីកខ្លួនឡើងវិញ ក្នុងជំហរឈានឆ្ពោះទៅមុខ ស្របតាមក្រឹត្យក្រមនៃអភិវឌ្ឍន៍សង្គម ដែលបានផ្តល់នូវមនុញ្ញផលដ៏វិសេសវិសាលដល់ប្រជាជនគ្រប់ៗរូប ឱ្យរស់នៅក្នុងសន្តិភាព សេរីភាព សេចក្តីថ្លៃថ្នូរ និងមានសេចក្តីសង្ឃឹមចំពោះអនាគត។ ពិតណាស់ថា ដើម្បីកសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋជឿនលឿន និងរឹងមាំ មានសេដ្ឋកិច្ចរីកចម្រើនខ្លាំងក្លាក្លាយជា អរិយប្រទេសមួយនោះ យើងត្រូវបន្តធ្វើដំណើរវែងឆ្ងាយទៀត ដែលទាមទារឱ្យមានការប្រឹងប្រែងទ្វេឡើង ប្រកបដោយភាពជឿជាក់ ដើម្បីឱ្យសុបិនរបស់យើងក្លាយជាការពិត គឺ «កម្ពុជាជាប្រទេសអភិវឌ្ឍន៍ នៅឆ្នាំ ២០៥០»។ យើងពិតជាសម្រេចបាននូវគោលដៅនេះ ព្រោះថា ៤៦ឆ្នាំមកនេះ បានសាកល្បងរួចហើយនូវ កម្លាំង ឆន្ទៈ និងសមត្ថភាពរបស់យើង។ នៅត្រង់ចំណុចនេះ ខ្ញុំសូមសង្កត់ធ្ងន់ថា ភាពជាម្ចាស់របស់ប្រជាជន លើជោគវាសនាប្រទេសជាតិ គឺជាកត្តាសម្រេចនូវជ័យជម្នះរបស់ប្រជាជាតិយើង។
នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ក៏ថ្លែងរំឭកជាថ្មីនូវការដឹងគុណជានិច្ចចំពោះប្រទេសវៀតណាម ថ្នាក់ដឹកនាំវៀតណាម ដែលបានជួយដល់ការកសាងកងទ័ពកម្ពុជា និងការបញ្ជូនកងទ័ពស្ម័គ្រចិត្តរបស់ខ្លួន មកជួយរំដោះកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ សូមថ្លែងការដឹងគុណជានិច្ចចំពោះ សហគមន៍អន្តរជាតិ ក្នុងកិច្ចប្រឹងប្រែងស្វែងរកសន្តិភាពជូនប្រទេសកម្ពុជា ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ និងប្រទេសជាមិត្តរបស់កម្ពុជា ហើយបាននិងកំពុងបន្តពង្រឹង និងពង្រីកថែមទៀតនូវទំនាក់ទំនង និងកិច្ច សហប្រតិបត្តិការប្រកបដោយផ្លែផ្កាដើម្បីបុព្វហេតុសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍របស់កម្ពុជា។
ក្នុងនាម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ សូមសម្តែងការគោរព និងដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះជនរួមជាតិ ទាំងនៅក្នុងប្រទេស ទាំងនៅក្រៅ ប្រទេស ដែលបានផ្តល់ការគាំទ្រ និងជំនឿយ៉ាងមុតមាំចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងរយៈពេល ៤៦ ឆ្នាំកន្លងទៅនេះ។ ខ្ញុំព្រះករុណាខ្ញុំ គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ស្ថិត នៅជាមួយប្រជាជនជានិច្ច និងបន្តធ្វើអ្វីៗគ្រប់យ៉ាងដើម្បីសេចក្តីសុខរបស់ប្រជាជន និងវឌ្ឍនភាពរបស់ ប្រជាជាតិខ្មែរ។ ខ្ញុំសូមយកឱកាសនេះអំពាវនាវដល់អង្គការចាត់តាំងគណបក្សគ្រប់ថ្នាក់ មន្ត្រី សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាគ្រប់រូប បងប្អូនជនរួមជាតិ បណ្តាគណបក្សនយោបាយ និងគ្រប់ មជ្ឈដ្ឋានចម្រើនជឿនលឿនទាំងអស់ សូមពង្រឹងធ្លុងមហាសាមគ្គីជាតិ បន្តការពារសន្តិភាព និងចូលរួម សកម្មក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ឱ្យសម្រេចបានសមិទ្ធផលធំៗថ្មីៗច្រើនថែមទៀត ក្នុងឆ្នាំ ២០២៥នេះ៕រក្សាសិទ្ធដោយ៖សុទ្ធលី