ភ្នំពេញ៖ សារាចរស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ ២០២៥ ដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងបង្កើនការចំណាយថវិកាជាតិរហូតដល់ប្រមាណ ៨,៧ប៊ីលានដុល្លារអាម៉េរិក នៅឆ្នាំ ២០២៥ ស្មើនឹង ១៦,៩២% នៃផលិតផលក្នុងស្រុកសរុប (GDP) កើនឡើង ២,៦% បើធៀបឆ្នាំ ២០២៤។
នៅក្នុងច្បាប់ថវិការជាតិនេះ ខ្ទង់ចំណាយដែលត្រូវបានបែងចែកជាពីរផ្នែក ក្នុងនោះ រាជរដ្ឋាភិបាល គ្រោងចំណាយទៅលើថវិកាចរន្តថ្នាក់ជាតិប្រមាណ ៥,៨៨ប៊ីលានដុល្លារអាម៉េរិក ស្មើនឹង ១១,៤៣% នៃផលិតផលក្នុងស្រុកសរុប (GDP) កើនឡើង ០,៤% បើធៀបនឹងឆ្នាំ ២០២៤។
ខ្ទង់ចំណាយទៅលើថវិកាមូលធនថ្នាក់ជាតិ ប្រមាណ ២,៨២ប៊ីលានដុល្លារអាម៉េរិក ស្មើនឹង ៥,៥%នៃផលិតផលក្នុងស្រុកសរុប (GDP) កើនឡើង ៧,៥% បើធៀបនឹងឆ្នាំ ២០២៤។
រាជរដ្ឋាភិបាល ក៏ត្រូវបង្កើនចំណូលថវិកាថ្នាក់ជាតិ ឲ្យស្មើនឹង ១៣,៨៩% នៃផលិតផលក្នុងស្រុកសរុប (GDP) គឺស្មើនឹង ៧,១ប៊ីលានដុល្លារអាម៉េរិកផងដែរ។
ដើម្បីបង្គ្រប់ត្រូវការចំណាយដែលមានឳនភាពថវិកាជាតិប្រមាណ ១,៦ប៊ីលានដុល្លារអាម៉េរិក រាជរដ្ឋាភិបាលកម្ពុជា គ្រោងមានតម្រូវការហិរញ្ញប្បទានសរុប ២.១៥៨លានដុល្លារអាម៉េរិក ក្នុងនោះកម្ចីក្នុងស្រុកតាមរយៈការបោះលក់មូលបត្របំណុលរដ្ឋចំនួន ១២៣លានដុល្លារអាម៉េរិក និងកម្ចីក្រៅប្រទេស ប្រមាណ ២.០៣៥លានដុល្លារអាម៉េរិក៕