ខេត្តកំពង់ចាម៖ ដោយអាកាសធាតុអំណោយផលរាងត្រជាក់ នៅព្រឹកថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៥ នេះ រដ្ឋបាលខេត្តកំពង់ចាមបានប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី ៤៦ នៅទិវាជាជំនះ៧មករា ១៩៧៩ – ២០២៥ ដែលមានប្រជាពលរដ្ឋចូលរួមសរុបប្រមាណជាជិត ៧០០០នាក់ ស្ថិតនៅបរិវេណក្បែរិមានឯករាជ្យ ក្នុងក្រុងកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងជាអនុប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម ។ ជាមួយនោះក៏មានការចូលរួមពីសំណាក់ប្រជាពលរដ្ឋសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មន្ត្រីរាជការជុំវិញខេត្តច្រើនកុះករទៀតផង។
អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងក្នុងឱកាសនោះថា ថ្ងៃនេះ ជាខួបអនុស្សាវរីយ៍លើកទី៤៦ នៃមហាជ័យជម្នះជាប្រវត្តិសាស្ត្រ ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ដែលបានសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជារាប់លាននាក់ ឲ្យរួចផុតពីការកាប់សម្លាប់នៃរបបប្រល័យ ពូជសាសន៍ ប៉ុល ពត ដ៏សាហាវយង់ឃ្នងបំផុត និងបានបើកឡើងនូវសករាជថ្មីនៃកម្ពុជាគឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ។
ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ទៀតថា ផ្តើមពីជ័យជម្នះជាប្រវត្តិសាស្រ្ត ៧ មករា កម្ពុជាបាននឹងកំពុងឈានឆ្ពោះទៅមុខតាមទិសដៅដ៏ត្រឹមត្រូវដែលស្របតាមបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា ទោះបីជាត្រូវជួបនឹងការលំបាក និងភាពបត់បែនយ៉ាងច្រើនក្តី តែកម្ពុជាមានភព្វសំណាងដ៏ធំធេងដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអគ្គមគ្គុទេសក៍ឯក បានដឹកនាំប្រទេសជាតិទទួលបាននូវឯកភាពទឹកដី បង្រួបបង្រួមជាតិ មានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរាល់សមិទ្ធផលជាច្រើនលើគ្រប់វិស័យ កម្ពុជា បានបោះជំហានទៅមុខមួយជំហានម្ដងៗឆ្ពោះទៅសម្រេចបានសមិទ្ធផលលើគ្រប់វិស័យ និងរីកចម្រើនរបស់ប្រជាជាតិខ្មែរទាំងមូល។
ទាំងអស់នេះ ជាការផ្លាស់ប្តូរដ៏ធំធេងជាប្រវត្តិសាស្ត្រនៃកម្ពុជាក្នុងរយៈពេលជាង ៤ទសវត្សរ៍ចុងក្រោយនេះ ដែលកើតចេញពីការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ពីការចូលរួមដោយទឹកចិត្តស្នេហាជាតិដ៏
ពុះពោររបស់ប្រជាជនគ្រប់ស្រទាប់ គ្រប់ជនជាតិ គ្រប់ជំនឿសាសនា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កសិករ កម្មករ អាជីវករ ពលករទូទៅ និងគ្រប់មជ្ឈដ្ឋាននានាក្នុងសង្គម ក្នុងដំណើរការស្ដារកសាង និងការពារមាតុភូមិ ព្រមទាំងការជួយឧបត្ថម្ភដ៏ស្មោះស ពីសំណាក់បណ្តាប្រទេសជាមិត្តជិតឆ្ងាយ និងសហគមន៍អន្តរជាតិ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី