រាជធានីភ្នំពេញ៖ បន្ទាប់ពីបានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទ NoDrug ថាមានករណីចែកចាយ និងជួញដូរគ្រឿងញៀនខុសច្បាប់ ស្ថិតនៅសង្កាត់ច្បារអំពៅទី៣ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ កម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទំនាក់ទំនង និងបញ្ជូនព័ត៌មានភ្លាមទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។
កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាត់កម្លាំងជំនាញចុះសហការជាមួយ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចុះស្រាវជ្រាវនៅចំណុចផ្សារច្បារអំពៅ ជាលទ្ធផល នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង២២និង៤៥នាទី កម្លាំងសមត្ថកិច្ចយើងបានកំណត់បានមុខសញ្ញាក្រុមខាងលើ តែងតែយកគ្រឿងញៀន មកចែកចាយ និងលក់ឱ្យក្មេងៗ ដើម្បីឈរលក់បន្តនៅពេលយប់ នៅម្តុំផ្សារច្បារអំពៅ សង្កាត់ច្បារអំពៅទី២ និងម្តុំជិតវត្តកំសាន្ត ភូមិចាម សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ក្រោយពីកំណត់ក្រុមជនសង្ស័យខាងលើរួចមក កម្លាំងសមត្ថកិច្ចបានធ្វើការបង្ក្រាបបានករណី “ដឹកជញ្ជូន ជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន” នៅចំណុចដីឡូត៍គ្មានលេខ ផ្លូវលំ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ឃាត់បានជនសង្ស័យម្នាក់ និងបានធ្វើតេស្តទឹកនោមវិជ្ជមាន(មានសារធាតុញៀន)។
ជនសង្ស័យខាងលើបានសារភាពថា ខ្លួនពិតជាយកគ្រឿងញៀន ខាងមកលក់ឱ្យក្មេងៗ ដើម្បីលក់បន្តឱ្យខ្លួន នៅចំណុចម្តុំយឿត្រីមាត់ទន្លេ ផ្សារច្បារអំពៅ សង្កាត់ច្បារអំពៅទី២ និងម្តុំមាត់ទន្លេ ភូមិចាម សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញកំពុងសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់បន្ត៕ រក្សាសិទ្ធដោយ៖សុទ្ធលី