Wednesday, January 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុគ្គលិកជនជាតិបរទេស របស់ក្រុមហ៊ុនក្នុងកាស៊ីណូអូរស្មាច់រីសត ចំនួន ៥៧ នាក់ នាំគ្នាតវ៉ា ហើយដើរចេញពីក្រុមហ៊ុន ដោយក្នុងដៃមានកាន់ដំបងឈើ ក្នុងគោលបំណង តវ៉ាឲ្យមានពេលឈប់សម្រាកគ្រប់គ្រាន់

ខេត្តឧត្តរមានជ័យ ៖ អ្នកនាំពាក្យ និងក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ មាន កិត្តិយស សូមជម្រាបជូន អ្នកនិយមតាមដានព័ត៌មាន នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook និងសាធារណជន មេត្តាជ្រាបថា ៖ នៅថ្ងៃទី០៥ ខែ មករា ឆ្នាំ២០២៥ វេលាម៉ោង ១៤ និង ៤០ នាទី មានបុគ្គលិកជនជាតិបរទេស របស់ ក្រុមហ៊ុនក្នុងកាស៊ីណូអូរស្មាច់រីសត ចំនួន ៥៧ នាក់ ជនជាតិ ប៉ាគីស្ថាន ទាំង ៥៣ នាក់ (ស្រី ០២នាក់) និង ណេប៉ាល់ ០៤ នាក់ បានធ្វើការតវ៉ា និងនាំគ្នាដើរចេញពីក្រុមហ៊ុន ហើយត្រូវបាន កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ចុះទៅសម្របសម្រួល និងនាំពួកគាត់ទាំង ៥៧ នាក់ មកស្នងការដ្ឋានដើម្បីសាកសួរ ដោយទទួលបានលទ្ធផលដូចខាង ក្រោម ៖

  • ជនជាតិបរទេសទាំងនោះ ពួកគាត់បានមកធ្វើការនៅប្រទេសកម្ពុជា ក្នុងក្រុមហ៊ុនមួយ នៅខេត្តព្រះសីហនុ រយៈពេលពី ០២-០៣ ខែ មកហើយ ដោយមិនទទួលបានប្រាក់ខែនោះទេ និងត្រូវបានក្រុមហ៊ុនបញ្ជូនពួកគាត់ ឲ្យមកធ្វើ ការនៅក្រុមហ៊ុនក្នុងកាស៊ីណូអូរស្មាច់វីសត ក្នុងខេត្តឧត្តរមានជ័យ វិញ ។

ក្រោយពួកគាត់បានមកធ្វើការនៅក្រុមហ៊ុនក្នុងកាស៊ីណូអូរស្មាច់រីសត បានរយៈពេល ១០ ថ្ងៃ ត្រូវអ្នកគ្រប់គ្រងជនជាតិចិន (មិនស្គាល់ឈ្មោះ) ឲ្យពួកគាត់ធ្វើការគ្មានថ្ងៃសម្រាក និងដោយភ័យខ្លាចថាខ្លួនមិនបានទទួលប្រាក់ខែ ដូចក្រុមហ៊ុននៅឯខេត្តព្រះសីហនុ ទើបពួកគាត់នាំគ្នាតវ៉ា ហើយដើរចេញពីក្រុមហ៊ុន ដោយក្នុងដៃមានកាន់ដំបងឈើ ក្នុងគោលបំណង តវ៉ាឲ្យមានពេលឈប់សម្រាកគ្រប់គ្រាន់ ខ្លះចង់បន្តការងារនៅកន្លែងដដែល ខ្លះចង់ទៅធ្វើការនៅក្រុមហ៊ុន ក្នុងខេត្តព្រះសីហនុ ខ្លះទៀតចង់ត្រឡប់ទៅប្រទេសកំណើតវិញ។

ក្រោយធ្វើការសាកសួរទៅលើជនបរទេសទាំង ៥៧នាក់ នោះរួច ស្នងការនគរបាលខេត្ត បានបញ្ជូនជនជាតិ ប៉ាគីស្ថាន ទាំង ៥៣ នាក់ (ស្រី ០២នាក់) និង ណេប៉ាល់ ០៤ នាក់ ទៅស្នាក់ការ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ប្រចាំខេត្តសៀមរាប ដើម្បីបន្តនីតិវិធី។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម សាធារណជន អ្នកសារព័ត៌មាន ពិសេសអ្នកនិយមតាមដាន ព័ត៌មាននៅលើបណ្តាញទំនាក់ទំនងសង្គម Facebook មេត្តាជ្រាប និងសូមកុំមានការភ័ន្តច្រឡំ តាមអត្ថបទសារព័ត៌មាន ក្នុងនិងក្រៅប្រទេស ដែលបានចុះផ្សាយ ដោយមិនបានប្រមូលនូវព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយច្បាស់លាស់ ព្រមទាំងវាយប្រហារធ្វើឲ្យប៉ះពាល់នូវកិត្តិយស សេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ ក៏ដូចកងកម្លាំងនគរបាលជាតិ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×