អតីតសមាជិករដ្ឋសភាគណបក្សប្រឆាំងកម្ពុជាម្នាក់ ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅក្នុងទីក្រុងបាងកក ប្រទេសថៃកាលពីថ្ងៃអង្គារ ទី៧ខែមករាឆ្នាំ២០២៥ ក្រោយបង្កហេតុ ខ្មាន់កាំភ្លើងម្នាក់បានជិះម៉ូតូពាក់មួកការពារគេចចេញពីកន្លែងកើតហេតុបាត់។ នេះបើតាមសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មានថៃហើយត្រូវបានរាយការណ៍ ដោយទីភ្នាក់ងារសារព័ត៌មាន AFP។
យោងតាមព័ត៌មានថៃ Thai Enquirer និយាយថា លោក លឹម គឹមយ៉ា អាយុ ៧៤ឆ្នាំ អតីតសមាជិកសភាកម្ពុជា មកពីគណបក្សសង្គ្រោះជាតិ ។
ករណីបាញ់ប្រហារនេះបានកើតឡើងនៅម៉ោង ៥ កន្លះនាថ្ងៃទី ៧ មករា ឆ្នាំ២០២៥ ក្បែរវត្តបុណ្ណនិវេវិហារ ប្រទេសថៃ ខណៈឃាតករប្រហារពាក់មួកសុវត្ថិភាព ជិះម៉ូតូពណ៌ក្រហម។
ប៉ូលីសបានរាយការណ៍ដោយផ្នែកលើកាំមេរ៉ាសុវត្ថិភាពថា ឃាតករ ដែលបានបាញ់សម្លាប់ លោក លឹម គឹមយ៉ា គឺជិះម៉ូតូហុងដាវេវ ១០០ សេសេ ពណ៌ក្រហម ពាក់ស្លាកលេខ ៨៤៥។
បុរសនោះ ស្លៀកខោខាវប៊យជើងវែងពណ៌ខៀវ អាវដៃខ្លីពណ៌ប្រផេះ ហើយបានលាក់កាំភ្លើងក្នុងកាបូបស្ពាយជាប់នឹងខ្លួន។
លោក លឹម គឹមយ៉ា បានធ្វើដំណើរពីខេត្តសៀមរាបតាមរថយន្តក្រុងជាមួយភរិយាជនជាតិបារាំង និងពូគាត់ម្នាក់។ តែយ៉ាងណា ជនសង្ស័យជិះម៉ូរត់គេចខ្លួនបាត់។
លោក លឹម គឹមយ៉ា បានស្លាប់នៅកន្លែងកើតហេតុ។ ពួកមន្ត្រីនៅការិយាល័យប៉ូលិសក្រុងបានចាប់ផ្តើមស្វែងរកចាប់ខ្លួនឃាតករ។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែត Bangkok Post។ កាសែតនោះបានបន្ថែមទៀតថាលោក លឹម គឹមយ៉ា មានសញ្ជាតិ២គឺ ខ្មែរនិងបារាំង៕ រក្សាសិទ្ធដោយ៖សុទ្ធលី