បុរសជនជាតិថៃ បានលោតចុះពីលើអគារជាន់ទី១៤ កាស៊ីណូមួយកន្លែង នៅក្នុងក្រុងប៉ោយប៉ែត ដែលស្ថិតនៅជាប់នឹងអគារជាន់ទី២៥ ដែលជាកន្លែងត្រូវបានដឹងថា ជាមូលដ្ឋានដ៏សំខាន់នៃក្រុមឆបោកតាមប្រព័ន្ធ Call Center ។
ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ទំព័រហ្វេសបុក Drama-addict បានបញ្ចេញឃ្លីបវីដេអូពីកាមេរ៉ា CCTV ដែលត្រូវបានថតជាប់ បានបង្ហាញពីខណៈពេលដ៏ស្លុតរន្ធត់ ដែលបុរសម្នាក់ត្រូវបានគេស្គាល់ថាជាជនជាតិថៃ បានលោតចុះពីលើអគារជាន់ទី១៤ និងបានស្លាប់ភ្លាមៗ នៅក្នុងអគារកាស៊ីណូនោះតែម្តង។
តាមរយៈកាមេរ៉ាវីដេអូ គេបានរកឃើញថា បុរសនោះទំនងជាកំពុងរត់ចេញពីនរណាម្នាក់នៅខាងក្នុងអគារនៅជាន់ទី១៤ មុនពេលព្យាយាមឡើងទៅលើយ៉រ ហើយលោតចុះមកក្រោម។ មុនពេលលោតចុះ គេក៏បានឃើញមនុស្សម្នាក់នៅខាងក្នុង ហាក់ដូចជាកំពុងព្យាយាមចាប់តោងដៃបុរសនោះផងដែរ ប៉ុន្តែ ប្រហែលជាមិនអាចជួយបាន ក៏របូតដៃធ្លាក់ចុះមកក្រោមស្តែងៗតែម្តង។ ករណីនេះផងដែរ គេក៏មិនដឹងថា ជាជម្លោះគូសង្សារ ឬក៏ប្តីប្រពន្ធ យ៉ាងណានោះទេ។
បើយោងតាមការស៊ើបអង្កេត បានរកឃើញថា អគារ ១៨ ជាន់នេះ ស្ថិតនៅជាប់នឹងអគារ ២៥ ជាន់ ដែលអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ធ្លាប់បានផ្តល់ព័ត៌មានថា ជាមូលដ្ឋានរបស់ក្រុមឆបោកតាមប្រព័ន្ធ Call Center ។ អគារកម្ពស់១៨ជាន់នេះ ក៏ត្រូវបានដឹងថាជាទីកន្លែងកាស៊ីណូ និងក្រុម Call Center ខុសច្បាប់ ដែលមានជនជាតិថៃជាច្រើននាក់ ត្រូវបានបោកបញ្ឆោតឱ្យទៅធ្វើការនៅទីនោះ ហើយក៏ត្រូវបានរកឃើញផងដែរថា មានជនជាតិថៃជាច្រើននាក់ បានធ្លាក់ពីលើអគារនោះ៕