ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) នៅថ្ងៃទី៩/០១/២០២៥ បានឲ្យដឹងថា ៖ ២២ ថ្ងៃទៀត ការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ២ឆ្នាំ ឆ្នាំ២០២៥ នឹងត្រូវបញ្ចប់។ តាមច្បាប់កំណត់បុគ្គលដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួនរៀងរាល់ ២ឆ្នាំម្តង នៅដើមខែមករា ហើយមិនឱ្យហួសពីថ្ងៃទី ៣១ ខែមករាឡើយ។
តាមការឱ្យដឹងពីក្រុមការងារនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល គិតត្រឹមម៉ោង ១២ ថ្ងៃត្រង់នេះ នាយកដ្ឋានបានទទួលឯកសារពីអ្នកជាប់កាតព្វកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ចំនួន ១៥,៣៤៥ រូប ស្មើ ៦៧.៤០% នៃចំនួនត្រូវប្រកាសសរុប ២២,៧៧៦រូប។
មកទល់ពេលនេះ មានស្ថាប័ន ចំនួន ០១ គឺ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងខេត្តចំនួន ១០ រួមមាន ខេត្តប៉ៃលិន កំពង់ចាម ព្រៃវែង កំពង់ស្ពឺ មណ្ឌលគិរី កំពង់ឆ្នាំង បន្ទាយមានជ័យ ពោធិ៍សាត់ ក្រចេះ និងខេត្តព្រះសីហនុ បានបញ្ចប់ការប្រកាសរបស់ខ្លួន ១០០%។
អ.ប.ព. សូមរំលឹកថា មាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយបានចែងថា ជនណាដែលមិនបាន ប្រកាសទ្រព្យសម្បត្តិ និងបំណុល ឬបានប្រកាសមិនត្រឹមត្រូវនូវទ្រព្យសម្បត្តិរបស់ខ្លួនទៅតាមបទប្បញ្ញត្តិនៃច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ១ (មួយ) ឆ្នាំ និងពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ២.០០០.០០០ (ពីរលាន) រៀល ហើយត្រូវបង្ខំឱ្យធ្វើការប្រកាសទ្រព្យសម្បត្តិ ជូនអង្គភាពប្រឆាំងអំពើពុករលួយ។ ក្នុងករណី រឹងរូសមិនព្រមប្រកាសទ្រព្យសម្បត្តិទៀត ត្រូវផ្តន្ទាទោសទ្វេដង៕រក្សាសិទ្ធដោយ៖សុទ្ធលី