សៀមរាប ៖ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានថ្លែងថា អាជ្ញាធរក្រុង ស្រុកដែលមានភូមិសាស្ត្រជាប់បឹងទន្លេសាប ត្រូវអនុវត្តឱ្យបានតឹងរឹងបំផុត ចំពោះបុគ្គលណាដែលបំពានកាប់រានទន្ទ្រាយព្រៃលិចទឹកនៅតំបន់បី បឹងទន្លេសាប ព្រមទាំងជម្រកព្រៃឈើនៃតំបន់ឧទ្យានជាតិត្រូវទទួលទោសទៅតាមច្បាប់។
ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានថ្លែងយ៉ាងដូច្នេះ នៅសាលប្រជុំសាលាខេត្តសៀមរាប នាថ្ងៃទី០៨ ខែមករា ឆ្នាំ ២០២៥ ក្រុមប្រឹក្សាខេត្តសៀមរាបបានដំណើរការកិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី៥ ក្រោមកិច្ចដឹកនាំរបស់ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត អស់លោកលោកស្រីជាគណៈអភិបាលខេត្ត នាយក ,នាយករងរដ្ឋបាលសាលាខេត្ត ទីចាត់ការ និងអង្គភាពចំណុះសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុកផងដែរ។
ឯកឧត្តម អភិបាលខេត្តបានគូសបញ្ជាក់ថា ឆ្លងតាមលទ្ធផលដែលរដ្ឋបាលខេត្ត ដែលបានអនុវត្តក្នុងឆ្នាំ២០២៤ យើងទទួលបានសមទ្ធិផលជាច្រើនគួឲ្យកត់សម្គាល់ ជាមួយគ្នានេះឯកឧត្តមក៏បានជំរុញដល់អាជ្ញាធរក្រុង ស្រុក និង កងកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវអនុវត្តឱ្យខានតែបានរាល់បទល្មើសដែលតែងកើតមានឡើងនៅក្នុងមូលដ្ឋានខ្លួន ដើមី្បធានានូវសន្តិសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ និង ភ្ញៀវជាតិ អន្តរជាតិ ដែលចូលមកទស្សនាកម្សាន្តនៅខេត្តសៀមរាប ។
ឯកឧត្តមបន្ថែមថា ដោយរាជរដ្ឋាភិបាលបានបញ្ចប់នូវការកាត់ឆ្វៀលដីនៅតំបន់បីបឹងទន្លេសាប រួចរាល់ ដូចនេះអាជ្ញាធរក្រុង ស្រុកដែលមានភូមិសាស្ត្រជាប់បឹងទន្លេសាប ត្រូវអនុវត្តឱ្យបានតឹងរឹងបំផុត ចំពោះបុគ្គលណាដែលបំពានកាប់រានទន្ទ្រាយព្រៃលិចទឹកនៅតំបន់បី បឹងទន្លេសាប ព្រមទាំងជម្រកព្រៃឈើនៃតំបន់ឧទ្យានជាតិត្រូវទទួលទោសទៅតាមច្បាប់។ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការក្រើនរំលឹកដល់មន្ត្រីថ្នាក់ដឹកនាំ កងកម្លាំងទាំងអស់ ត្រូវធ្វើការណែនាំ អប់រំដល់កូនចៅ បងប្អូនសាច់ញ្ញាតិរបស់ខ្លួន ត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងក្រុមក្មេងទំនើង ព្រមទាំងបញ្ហាផ្សេងៗ សំដៅលុបបំបាត់ឱ្យអស់នូវប្រពៃណីអន្តរាគមន៍។
ឯកឧត្តម ប្រាក់ សោភ័ណ ក៏បានធ្វើការកោតសរសើរ ចំពោះកងកម្លាំងទាំងបី បានយកចិត្តទុកដាក់ខ្ពស់លើការងារសន្តិសុខសណ្តាប់ធ្នាប់ សុវត្តិភាព និងបរិស្ថាន ក្នុងការលើកកម្ពស់ដល់វិស័យទេសចរណ៍ ក្នុងខេត្តសៀមរាប ដែលធ្វើឱ្យប្រជាពលរដ្ឋ និង ភ្ញៀវទេសចរជាតិ អន្តរជាតិមានការជឿជាក់ដល់ការដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមកិច្ចដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានធ្វើការវាយតម្លៃខ្ពស់ ចំពោះលទ្ធផល ដែលរដ្ឋបាលខេត្តសៀមរាប សម្រេចបានប្រចាំឆ្នាំ២០២៤ ព្រមទាំងបានធ្វើការឯកភាពនូវរាល់ប្រសាសន៍របស់ឯកឧត្តម អភិបាលខេត្តបានលើកឡើង ដែលជាវិធានការដ៏ល្អ ក្នុងការអនុវត្តច្បាប់នៅថ្នាក់ក្រោមជាតិ ។
ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានធ្វើការណែនាំ និង ផ្តល់នូវអនុសាសន៍ល្អៗមួយចំនួន ដល់សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត ក្នុងអាណត្តិទី៤ ត្រូវចូលរួមសហការគ្នាឱ្យបានល្អ ក្នុងការអនុវត្តគោលនយោបាយ បញ្ចកោណ ដំណាកាលទី១ របស់រាជរដ្ឋាភិបាលក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីឱ្យសម្រេចជោគជ័យ ដើមី្បបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ ។
ឯកឧត្តមបានបញ្ជាក់ថា កំណើនសេដ្ឋកិច្ចរបស់ខេត្តនៅឆ្នាំ២០២៥ និង អាចសម្រេចបាន ដោយសារការរំពឹងទុកនៃការត្រឡប់មក រកភាពល្អប្រសើរឡើងវិញនៃតម្រូវការខាងក្រៅ និងទំនុកចិត្តរបស់អ្នកវិនិយោគ ស្របពេលដែលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកនៅបន្តរក្សាបាននូវតុល្យភាព។
ឯកឧត្តមក៏បានលើកផងដែរ អំពីវិស័យទេសចរណ៍នៅខេត្តសៀមរាប បានចាប់ផ្តើមមានកំណើនជាបណ្តើរៗឡើងវិញគួឲ្យកត់សំគាល់ និង សំដៅធ្វើការអភិវឌ្ឍខេត្ត លើគ្រប់ហេដ្ឋារចនាសម្ព័ន្ត សមស្របជាខេត្តគោលដៅទេសចរណ៍ វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី