កំពង់ស្ពឺ៖ យោងតាមព័ត៌មានពី អធិការដ្ឋាននគរបាលស្រុកថ្ពង ថាករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយគោយន្តកន្រ្ដៃកែឆ្នៃមានទ្រុងធ្វើពីឈើរឺម៉កក្រោយ បណ្ដាលឲ្យរងរបួសអ្នកបើកបរម៉ូតូ បញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្រ្គោះ។
គ្រោះថ្នាក់ចរាចរណ៍ក្នុងគោលដៅបញ្ច្រាសទិសគ្នា វេលាម៉ោង ១៩ និង ២០នាទី នៅលើផ្លូវក្រាលកៅស៊ូ1KS1 ត្រង់ចំណុចភូមិថ្នល់ទទឹង ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ម៉ូតូ១គ្រឿងម៉ាក HONDA DREAM 125CC ពណ៌ខ្មៅស៊េរីឆ្នាំ២០១៤ លេខភ្នំពេញ 1CE-2027អ្នកបើកបស្គាល់ឈ្មោះ សាន សង្ហា ភេទប្រុស អាយុ២៨ឆ្នាំ (ពាក់មួកសុវត្ថិភាពរងរបួសធ្ងន់) តាមព័ត៌មានអ្នកបើកបរម៉ូតូបើកក្នុងល្បឿនលឿន រួចបានបើកទៅបុកផ្នែកពីចំហៀងគោយន្ត ម៉ាកKUBOTA ពណ៌ក្រហមសណ្តោងរទេះ រីឯម្ចាស់គេចខ្លួនក្រោយពេលកើតហេតុ។
គោយន្តកន្រ្ដៃបើកបរបញ្រ្ចាសទិសគ្នារួចបត់ឆ្វេងឆ្លងគន្លងទ្រូងផ្លូវដើម្បីបត់ចូលផ្ទះ ករណីម៉ូតូកំពុងបើកក្នុងល្បឿនលឿនគេចមិនទាន់ ជាន់ហ្រ្វាំងមិនជាប់ បុកតែម្ដង។
ម៉ូតូរងការខូចខាតកម្រិតធ្ងន់ សមត្ថកិច្ចបានធ្វើការបញ្ជូនវត្ថុតាងមធ្យោបាយទាំង២គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកថ្ពង ដើម្បីចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធដោយ៖សុទ្ធលី