ខេត្តសៀមរាប ៖ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥នេះ អាជ្ញាធរខេត្តសៀមរាប ដឹកនាំដោយ លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត បានដឹកនាំកិច្ចប្រជុំស្ដីពីការទប់ស្កាត់ និងបង្ក្រាប បទល្មើសធនធានធម្មជាតិក្នុងដែនជម្រកសត្វព្រៃបឹងពែរ និងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ក្នុងភូមិសាស្ត្រខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាព និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត ការកាប់ព្រៃទន្ទ្រានដី យកធ្វើកម្មសិទ្ធិដោយខុសច្បាប់ នៅតែមានការកើតឡើងគួរឱ្យកត់សម្គាល់ ដែលអ្នកពាក់ព័ន្ធត្រូវរួមគ្នាគិតពិភាក្សាដោះស្រាយឱ្យបានត្រឹមត្រូវតាមច្បាប់គតិយុត្ដ។ ជាមួយនោះ មន្ដ្រីពាក់ព័ន្ធត្រូវបង្ហាញពីផ្ទៃដីដែលជនខិលខូចកាប់ព្រៃទន្រ្ទានយកដីក្នុងដែនជម្រកសត្វព្រៃបឹងពែរ ដែនជម្រកសត្វព្រៃភ្នំត្នោត ភ្នំពក ក្នុងភូមិសាស្ដ្រខេត្ដសៀមរាប ដើម្បីធ្វើរបាយការណ៍ជូនក្រសួងបរិស្ថាន ក៏ដូចជារាជរដ្ឋាភិបាល។
លោក អភិបាលរងខេត្ត បន្តថាក្រោយពេលពិនិត្យរកឃើញបទល្មើសធនធានធម្មជាតិច្បាស់លាស់ អ្នកពាក់ព័ន្ធត្រូវសុំគោលការណ៍ថ្នាក់ដឹកនាំធ្វើការទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលា។ លោកបន្ថែមថា គ្មានអ្នកណាម្នាក់អាចលាក់បាំងជិត ក្នុងការកាប់បំផ្លាញព្រៃឈើ ដូចការលាក់លុយនោះទេ ដូច្នេះអ្នកពាក់ព័ន្ធត្រូវទប់ស្កាត់បទល្មើសធនធានធម្មជាតិឱ្យបានជាដាច់ខាត ដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់។
លោក ឃឺន សុគុណវិសិទ្ធ អនុប្រធានមន្ទីរបរិស្ថានខេត្ដសៀមរាប បានឱ្យដឹងថា រយៈពេល៦ខែ គិតចាប់ពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ដែនជម្រកសត្វព្រៃបឹងពែរ ក្រុមការងារបង្ក្រាបបទល្មើសធនធានធម្មជាតិ បានធ្វើការចុះល្បាតពិនិត្យជាក់ស្តែងលើទីតាំងដីរងការទន្ទ្រាន ២០១ទីតាំង ក្នុងនោះមាន ៨ទីតាំង ពុំឃើញមានដាំដំណាំអ្វីនៅលើទីតាំងនេះទេ, ទីតាំងឈូសឆាយដីព្រៃថ្មី ៦ទីតាំង ពុំឃើញមានដាំដំណាំអ្វីនៅលើទីតាំងនេះទេ ហេីយទីតាំងកាន់កាប់ខុសច្បាប់ឃើញមានដាំដំឡូង ស្រូវ និងចន្ទីមាន ១៨០ទីតាំង។ ទីតាំងធ្លាប់កសាងសំណុំរឿង ៧ទីតាំង នៅតែបន្តគ្រប់គ្រងដោយឃើញមានដាំដំឡូង។ លោកបានថា ចំពោះដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ក្រុមការងារបានធ្វើការចុះល្បាតពិនិត្យជាក់ស្តែងទីតាំងដីរងការទន្ទ្រាន ១៥៦ទីតាំង ក្នុងនោះទីតាំងកាប់រុករានដីព្រៃថ្មីចំនួន ៩ទីតាំង ពុំឃើញមានដាំដំណាំអ្វីនៅលើទីតាំងនេះទេ, ទីតាំងកាន់កាប់ខុសច្បាប់ឃើញមានដាំដំឡូង ស្រូវ ចេក ខ្នុរ ចេក និងចន្ទីមានចំនួន ១៣៧ទីតាំង និងទីតាំងធ្លាប់កសាងសំណុំរឿងចំនួន ១០ទីតាំង នៅតែបន្តគ្រប់គ្រងឃើញមានដាំដំឡូង៕ រក្សាសិទ្ធដោយ៖សុទ្ធលី