ភ្នំពេញ ៖ អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានចាប់ខ្លួននៅព្រំដែនប្រទេសរុស្ស៊ី នឹងត្រៀមបញ្ជូនតាមយន្តហោះមកកម្ពុជាវិញ ដើម្បីបន្តអនុវត្តន៍នីតិវិធីច្បាប់ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់នគរបាលជាតិកម្ពុជា អះអាងប្រាប់បណ្តាញព័ត៌មាន នៅយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។
ក្រុមការងារស្ថានទូតកម្ពុជា និងរុស្ស៊ី កំពុងរៀបចំកិច្ចការបញ្ជូនលោក ហេង សិទ្ធី មកកម្ពុជា។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីពេលថ្មីៗនេះ បានផ្ញើលិខិតទៅកាន់ស្ថានទូតកម្ពុជាទាំងអស់ នៅក្រៅប្រទេសប្រាប់អំពីការធ្វើមោឃភាពលិខិតឆ្លងដែនរបស់អតីតអ្នកឧកញ៉ា ហេង សិទ្ធី ខណៈសមត្ថកិច្ចរបស់កម្ពុជា បានសហការជាមួយប៉ូលិស Interpol ដាក់ឈ្មោះអតីតឧកញ៉ា ហេង សិទ្ធី ទៅក្នុងនិវេតក្រហម ដើម្បីតាមចាប់ខ្លួនផងដែរ។
ជុំវិញបញ្ហានេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក យី សុខវួច បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួន អតីតឧកញ៉ា ហេង សិទ្ធី កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ បន្ទាប់ពីត្រូវបានចោទពីបទ គំរាមកំហែងហែកកេរ្តិ៍ស្ថានទម្ងន់ទោស តាមមាត្រា៣៧២ និងមាត្រា៣៧៤ នៃក្រមព្រហ្មទណ្ឌ៕រក្សាសិទ្ធដោយ៖សុទ្ធលី