Wednesday, January 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ មន្ត្រីរាជការ ត្រូវអនុវត្តតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល

ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រាប់ដល់សិស្សមន្ត្រីនៃសាលាភូមិន្ទរដ្ឋបាលថា “មន្ត្រីរាជការ ត្រូវអនុវត្តតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ហើយប្រជាជន ជាគោលដៅដែលយើងត្រូវតែនឹកឃើញជាប្រចាំ។”[…] “វិជ្ជាជីវៈ បេសកកម្ម របស់យើងធំជាងគេក្នុងនាមជាមន្ត្រីរាជការ គឺការផ្តល់សេវា និងការបម្រើប្រជាជន។”

នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានចំណាយពេលពេញមួយព្រឹក ដើម្បីស្តាប់ការចូលរួមមតិយោបល់ និងបទពិសោធរបស់សិស្សមន្ត្រីនៃសាលាភូមិន្ទរដ្ឋបាល ដែលបានឆ្លងកាត់ការប្រឡងប្រជែង និងជាប់ជាជ័យលាភី។ ក្រោយការសិក្សានៅសាលាភូមិន្ទរដ្ឋបាល សិស្សមន្ត្រីទាំង២៣០រូប នឹងត្រូវទៅចេញទៅបំពេញការងារតាមមូលដ្ឋានគោលដៅរាជធានី ខេត្តដែលខ្លួនបានជ្រើសរើសរៀងៗខ្លួនក្នុងអំឡុងពេលដាក់ពាក្យចូលរួមប្រឡងប្រជែង។

បន្ទាប់ពីបានស្តាប់មតិយោបល់ និងការចែករំលែកបទពិសោធរបស់សិស្សមន្ត្រីរួចមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា “បេក្ខជនគ្រប់ៗរូប ហាក់ដូចជាបានកំពុងចែករំលែកនូវមេរៀនជីវិត ដែលឆ្លងកាត់ការតស៊ូ ពុះពារ ខិតខំប្រឹងប្រែង រហូតសម្រេចបាននូវលទ្ធផលដ៏មានតម្លៃ ហើយក្លាយខ្លួនទៅជាសិស្សមន្ត្រីនៃសាលាភូមិន្ទរដ្ឋបាលមួយរូប ពោរពេញដោយសក្តានុពល និងជាមន្ត្រីរាជការប្រកបដោយគុណភាព។” ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកឡើងបែបនេះ ដោយបានរម្លឹកដល់មេរៀនជីវិតដ៏មានគុណតម្លៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលលោកបានពុះពារឧបសគ្គសព្វបែបយ៉ាងចេញពីត្រកូលកសិករ ខិតខំប្រឹងប្រែងរៀនសូត្រ អភិវឌ្ឍសមត្ថភាព រហូតក្លាយទៅជានាយករដ្ឋមន្ត្រីមួយរូប។

បន្ថែមលើការលើកឡើងខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់ជាអនុសាសន៍ជូនដល់សិស្សមន្ត្រី ដែលបានចូលរួមនៅក្នុងថ្ងៃនេះថា “មន្ត្រីរាជការ ត្រូវអនុវត្តតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ហើយប្រជាជន ជាគោលដៅដែលយើងត្រូវតែនឹកឃើញជាប្រចាំ។ វិជ្ជាជីវៈ បេសកកម្ម របស់យើងធំជាងគេក្នុងនាមជាមន្ត្រីរាជការ គឺការផ្តល់សេវា និងការបម្រើប្រជាជន។”

សូមជម្រាបផងដែរថា សិស្សមន្ត្រីដែលកំពុងត្រៀមខ្លួនចូលរៀននៅសាលាភូមិន្ទរដ្ឋបាលនាពេលនេះ មាន២កម្រិតគឺ៖ (១) សិស្សមន្ត្រីជាន់ខ្ពស់ មានចំនួន ៥០រូប ដែលត្រូវឆ្លងកាត់ការបណ្តុះបណ្តាលរយៈពេល ២ឆ្នាំ និង(២) សិស្សមន្ត្រីក្រមការ មានចំនួន ១៨០រូប ដែលត្រូវឆ្លងកាត់ការបណ្តុះបណ្តាលរយៈពេល ១ឆ្នាំ មុនចេញទៅបំពេញការងារតាមគោលដៅមូលដ្ឋានរៀងៗខ្លួននៅទូទាំងប្រទេស៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×