ភ្នំពេញ ៖ សិស្សានុសិស្សប្រើប្រាស់ ថ្នាលបឋម PLP សម្រាប់អនុវត្តសកម្មភាពសិក្សា និងសំណួរតេស្តលើមុខវិជ្ជា ភាសាខ្មែរ គណិតវិទ្យា វិទ្យាសាស្ត្រ និងមុខវិជ្ជាផ្សេងទៀត ដើម្បីអភិវឌ្ឍបំណិន ត្រិះរិះពិចារណា ឱ្យកាន់តែស៊ីជម្រៅ, ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពី ការដាក់ឱ្យអនុវត្តជាផ្លូវការ ថ្នាលបឋម PLP (PLP EdTech) ដើម្បីជាប្រយោជន៍យ៉ាងច្រើនដល់សិស្សរៀនសូត្រ និងបង្រៀនតតគ្នា។
ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ថ្នាលបឋម PLP (PLP EdTech) ត្រូវបានអភិវឌ្ឍឡើង ដើម្បីគាំទ្រដល់ការរៀន និងបង្រៀន ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ និងការត្រួតពិនិត្យការសិក្សារបស់សិស្ស និងមានលក្ខណៈសម្បត្តិ ផ្ដល់ជាប្រយោជន៍ដូចខាងក្រោម ៖
- គ្រូបង្រៀនអាចតាមដានសកម្មភាពសិក្សា និងលទ្ធផលសិក្សារបស់សិស្ស ដើម្បីរៀបចំផែនការ បង្រៀនស្របតាមសមត្ថភាពសិស្ស ,
- គ្រូបង្រៀន និងមន្ត្រីបច្ចេកទេសកម្រិតបឋមសិក្សា អាចប្រើប្រាស់ថ្នាលបឋម PLP សម្រាប់អភិវឌ្ឍវិជ្ជាជីវៈជាប់ជាប្រចាំ តាមរយៈការធ្វើស្វ័យសិក្សាតាមអនឡាញ ដើម្បីទទួលបានក្រេឌីត ,
- មន្ត្រីបច្ចេកទេសថ្នាក់ជាតិ និងអ្នកស្រាវជ្រាវ អាចធ្វើការវាយតម្លៃលទ្ធផលសិក្សារបស់សិស្ស តាមគំរូតេស្ត វាយតម្លៃថ្នាក់ជាតិ (ថ្នាក់ទី៣ និងទី៦) និងថ្នាក់តំបន់ SEA-PLM (ថ្នាក់ទី៥) ,
- មាតាបិតា អ្នកអាណាព្យាបាល សហគមន៍ អង្គការដៃគូជាតិ និងអន្តរជាតិ អាចតាមដានការសិក្សា និងផ្តល់កិច្ចសហការក្នុងការជួយសិស្សទាន់ពេលវេលា ដោយផ្អែកលើទិន្នន័យសិក្សា និងលទ្ធផលសិក្សាប្រចាំថ្ងៃ សប្តាហ៍ ឬប្រចាំខែ ជាដើម ,
- អភិវឌ្ឍបំណិនបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍សម្រាប់បង្រៀន រៀន និងវាយតម្លៃតាមរយៈ ថ្នាលបឋម PLP ,
- ប្រើប្រាស់ថ្នាលបឋម PLP ដើម្បីរៀបចំសម្ភារឧបទេសឌីជីថលសម្រាប់បង្រៀន រៀន និងវាយតម្លៃ ,
- ប្រើប្រាស់ថ្នាលបឋម PLP សម្រាប់គ្រប់គ្រងគណនីអ្នកប្រើប្រាស់ (គ្រូ សិស្ស) ,
- ប្រៀបធៀបកិច្ចតែងការបង្រៀន និងសកម្មភាពសិក្សាតាមការបង្រៀនដោយប្រើសម្ភារ:ឧបទេសមិនមែនឌីជីថល និងការបង្រៀនដោយការប្រើសម្ភារ:ឧបទេសឌីជីថល ក្នុងថ្នាលបឋម PLP
- ដាក់កិច្ចការផ្ទះតាមថ្នាលបឋម PLP សមស្របតាមកម្រិតចំណេះដឹងរបស់សិស្សម្នាក់ៗ (personalized learning) ,
- ប្រើប្រាស់ថ្នាលបឋម PLP ដើម្បីតាមដានវឌ្ឍនភាព និងលទ្ធផលសិក្សារបស់សិស្ស ,
- ប្រើប្រាស់ថ្នាលបឋម PLP សម្រាប់អភិវឌ្ឍបំណិនឌីជីថលរបស់សិស្សតាមរយៈការដាក់កិច្ចការឌីជីថល៕ រក្សាសិទ្ធដោយ៖ពិសិដ្ឋ CEN