នេះជារឿងថ្មីមួយទៀតហើយ ដែលស្ទើរតែមិនគួរឲ្យជឿសោះឡើយ ខណៈដែលគ្រួសារមួយ បានចាញ់បោកអ្នកដើរលក់អង្ករតាមផ្ទះបោកប្រាស់ អស់លុយកាក់ចំនួន ៥ ម៉ឺនរៀល មិនបានអង្ករ បែរជាបានអំបិលទៅវិញ ដែលធ្វើឲ្យពួកគាត់ហួសចិត្ត និយាយមិនចេញ និងចាត់ថាជាមេរៀន។
ជាក់ស្តែង តាមរយៈវីដេអូ ស្រ្តីរងការចាញ់បោក បានបង្ហាញបាវអង្ករមួយបេធំ ដោយដាក់ថា អង្ករផ្ញាខ្ញី ។ ហើយពិតណាស់ ដោយសារតែឃើញស្លាកយីហោត្រឹមត្រូវ នោះទាំងគេទាំងយើង នឹងប្រាកដណាស់ថាជាអង្ករពិតហើយ ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់នោះ គឺនៅពេលបើកមើល ស្រាប់តែឃើញសុទ្ធតែអំបិល១បេពេញតែម្តង។
ជាមួយបទពិសោធន៍លើកទី១នេះផងដែរ ម្ចាស់គណនីឈ្មោះថា Srey Nich បានប្រាប់បងប្អូននៅក្នុងបណ្តាញសង្គម តាមរយៈខមិនថា ដោយសារឃើញតម្លៃថោក ខណៈអ្នកលក់ប្រាប់ថា អង្ករបង្ហើយចុងក្រោយ សល់តែ១ហ្នឹងទេ លក់ឡៃឡុង ១បេត្រឹមតែ ៥ ម៉ឺនរៀលប៉ុណ្ណោះ ជាហេតុធ្វើឲ្យពួកគាត់ត្រេកអរយ៉ាងខ្លាំង និងប្រញាប់ប្រញាល់ទិញយ៉ាងលឿន ព្រោះខ្លាចគេដណ្តើមយក ដោយមិនបានពិនិត្យ ឬស្ទាបអ្វីនោះទេ។ តែជាលទ្ធផល អង្ករថោក មិននឹកស្មានក្លាយជាអំបិល។
ក្រោយពីបានឃើញបែបនេះ មហាជនអ្នកលេងបណ្តាញសង្គម ក៏និយាយមិនចេញដែរ ដោយបានត្រឹមអស់សំណើច និងហួសចិត្តថា៖ «ចប់ហើយ ស្រុកខ្មែរស្អីក៏មានដែរ បោកស្ទើរគ្រប់សព្វអស់ហើយ, វាមិនដែលអង្ករ១បេណា ៥ ម៉ឺន ទេ អត់ឆែកមើល ហូបអំបិលសិនទៅចែ,…»៕