Saturday, January 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយឧត្តមសេនីយ៍ ស ថេត ក្រើនរំលឹកដល់សន្តិសុខឯកជនឲ្យចៀសវាងដាច់ខាតការប្រើប្រាស់ឯកសណ្ឋាន ស្លាកសញ្ញាស័ក្កដូច ឬស្រដៀងទៅកងកម្លាំងមានសមត្ថកិច្ច និងស្ថាប័នរដ្ឋ

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំដកពិសោធន៍ការងារគ្រប់គ្រងសន្តិសុខឯកជន រវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន សហគ្រាស គ្រឹះស្ថានជ្រើសរើសភ្នាក់ងារសន្តិសុខជកជន នៅសាលប្រជុំ អគារ S នៃទីស្តីការក្រសួងមហាផ្ទ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានធ្វើការក្រើនរំលឹកឲ្យចៀសវាងដាច់ខាតការប្រើប្រាស់ឯកសណ្ឋាន ស្លាកសញ្ញាស័ក្កដូច ឬស្រដៀងទៅកងកម្លាំងមានសមត្ថកិច្ច និងស្ថាប័នរដ្ឋ និងមិនត្រូវបំពាក់ឧបករណ៍ សម្ភារៈបច្ចេកទេស ដែលផ្ទុយពីការណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិឡើយ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំដល់បណ្តាក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាសគ្រឹះស្ថានទាំងអស់ ហាមមិនឲ្យជ្រើសរើសជនបរទេសបម្រើការងារជាកម្លាំងភ្នាក់ងារសន្តិសុខឯកជនជាដាច់ខាត ហើយមួយវិញទៀតភ្នាក់ងារសន្តិសុខទាំងអស់ ដែលក្រុមហ៊ុនជ្រើសរើសរួចហើយត្រូវចុះបញ្ជីការឲ្យបានត្រឹមត្រូវនៅអគ្គស្នងការនគរបាលជាតិ។ ថ្លែងនៅក្នុងកិច្ចប្រជុំដកបទពិសោធន៍ការងារគ្រប់គ្រងសន្តិសុខឯកជន រវាងអគ្គស្នងការដ្ឋាននគរបាលជាតិ ជាមួយក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាសគ្រឹះស្ថាននា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ នាទីស្ដីការក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់ថា គ្រប់ក្រុមហ៊ុនផ្ដល់សេវា និងសហគ្រាស គ្រឹះស្ថានទាំងអស់ នៅពេលជ្រើសរើសភ្នាក់ងារសន្តិសុខឯកជន ត្រូវអនុវត្តតាមប្រកាសលេខ១០២០ ប្រ.កចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃ និងស្របតាមលក្ខខណ្ឌច្បាប់ស្តីពីការងារ នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានប្រាប់ដល់ក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន និងសហគ្រាសគ្រឹះស្ថានទាំងអស់ត្រូវរាយការណ៍ឲ្យបានជាប់ជាប្រចាំ នូវចំនួនភ្នាក់ងារសន្តិសុខឯកជន ដែលបានជ្រើសរើសមកអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ដើម្បីបញ្ចូលសាវតាភ្នាក់ងារសន្តិសុខឯកជន ទៅក្នុងប្រព័ន្ធគ្រប់គ្រងតាមបច្ចេកវិទ្យាឌីជីថល។ដោយឡែកចំពោះទីតាំងស្នាក់នៅបណ្តោះអាសន្ន ឬទីតាំងរស់នៅប្រមូលផ្តុំរបស់ភ្នាក់ងារសន្តិសុខឯកជនត្រូវរាយការណ៍ជូនសមត្ថកិច្ចនៅមូលដ្ឋាន និងត្រូវបំពេញបែបបទរដ្ឋបាលឲ្យបានត្រឹមត្រូវ ដូចជាការចុះបញ្ជីស្នាក់នៅជាដើម។ បន្ថែមពីនេះត្រូវចាត់បញ្ជូនភ្នាក់ងារសន្តិសុខឯកជនឲ្យមកទទួលការបណ្តុះបណ្តាលបំប៉នជំនាញអំពីតួនាទី ភារកិច្ច និងមេរៀនមូលដ្ឋានគ្រឹះផ្សេងៗ ឲ្យបានត្រឹមត្រូវ មុនដាក់ពង្រាយឲ្យឈរជើងតាមគោលដៅនីមួយៗ ហើយត្រូវម្ចាស់ការលើកកម្ពស់សមត្ថភាព វិជ្ជាជីវៈ វិន័យ សេចក្តីថ្លៃថ្នូរ ក្រមសីលធម៌ និងអាកប្បកិរិយារបស់ភ្នាក់ងារសន្តិសុខឯកជន ឲ្យបានជាប់ជាប្រចាំ បូករួមទាំងកាយសម្បទាផងដែរ។

ជាមួយគ្នានោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានធ្វើការក្រើនរំលឹកឲ្យចៀសវាងដាច់ខាតការប្រើប្រាស់ឯកសណ្ឋាន ស្លាកសញ្ញាស័ក្កដូច ឬស្រដៀងទៅកងកម្លាំងមានសមត្ថកិច្ច និងស្ថាប័នរដ្ឋ និងមិនត្រូវបំពាក់ឧបករណ៍ សម្ភារៈបច្ចេកទេស ដែលផ្ទុយពីការណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិឡើយ និងគួរផ្តល់អាទិភាពដល់មន្ត្រីរាជការ និងកងកម្លាំងដែលបានចូលនិវត្តន៍ ប៉ុន្តែនៅមានសុខភាពល្អរឹងមាំឲ្យចូលបម្រើការងារជាភ្នាក់ងារសន្តិសុខឯកជន។

ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានជំរុញឲ្យបន្តចូលរួមអនុវត្តគោលនយោបាយជាតិស្តីពី «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ជាពិសេសចូលរួមជាមួយកម្លាំងនគរបាលជាតិ ការពារព្រឹត្តការណ៍ជាតិ-អន្តរជាតិនានា ដែលប្រារព្ធធ្វើឡើងនៅកម្ពុជា ព្រមទាំងថ្លែងអំណរគុណចំពោះកិច្ចការផ្តល់នូវភ្នាក់សន្តិសុខឯកជន ឲ្យចូលរួមរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសម្រាប់ព្រឹត្តិការណ៍សំខាន់ៗ នាពេលកន្លងមកផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×