Saturday, January 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្ដម សូរ វ៉ិចទ័រ ដឹកនាំក្រុមបច្ចេកទេសពិនិត្យផ្លូវវាងមហាវិថី ស៊ីជីនពីង(ក្រវាត់ក្រុងទី៣) ដើម្បីធ្វើស្ពានរំលងផ្លូវជាតិលេខ១ នៃគម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ -ថ្មគរ)

កណ្តាល ៖ នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្ដម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងសាងសង់ឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ -ថ្មគរ) បានដឹកនាំក្រុមបច្ចេកទេសចុះពិនិត្យកំណាត់មហាវិថី ស៊ីជីនពីង(ក្រវាត់ក្រុងទី៣) ប្រសព្វផ្លូវជាតិលេខ១ ដែលត្រូវធ្វើផ្លូវវាងពីមហាវិថី ស៊ីជីនពីង មកផ្លូវជាតិលេខ១ សម្រាប់ដំណើរការសាងសង់ស្ពានហោះរំលងផ្លូវជាតិលេខ១ នៃគម្រោងសាងសង់ឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ -ថ្មគរ)។

គិតត្រឹមដើមខែមករា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ)សម្រេចលទ្ធផលបាន៤,៣៤%។ គម្រោងស្ពានដីឥដ្ឋ-ថ្មគរ មានទីតាំងត្រើយខាងលិចស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងត្រើយខាងកើតស្ថិតក្នុងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល គឺជាគម្រោងដ៏សំខាន់សម្រាប់ការតភ្ជាប់សេដ្ឋកិច្ច ការដឹកជញ្ជូនពីភាគខាងត្បូង និងខាងកើតរាជធានីភ្នំពេញ ដោយភា្ជប់មហាវិថីស៊ីជីនពីង ត្រង់ចំណុចផ្លូវជាតិលេខ១ និងត្រើយខាងកើតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ បច្ចុប្បន្នក្រុមហ៊ុនសាងសង់កំពុងមមាញឹកក្នុងការរៀបចំសាងសង់ស្ពានដែកបណ្តោះអាសន្ន ដើម្បីបំពាក់សម្ភារគ្រឿងចក្រខួងសរសរគ្រឹះនាពេលខាងមុខដ៏ខ្លី។

សូមជម្រាបជូនថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ) ជាប្រភេទស្ពានបេតុង ប្រវែងស្ពាន និងផ្លូវក្បាលស្ពានសរុប ៣៧០០ម៉ែត្រ ដែលក្នុងនោះតួស្ពានមានប្រវែងសរុប ១៦០០ម៉ែត្រ និងទទឹង២៦ម៉ែត្រ(៤គន្លងផ្លូវ)។ ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ២១០០ម៉ែត្រ ទទឹងផ្លូវ ២៦ ម៉ែត្រ ក្រាលបេតុងកៅស៊ូ(AC) និងសាងសង់ផ្លូវបង្វែរទិសចរាចរណ៍ ចំនួន៤ខ្សែ។ រយៈពេលសាងសង់ ចំនួន៤៨ ខែ (គ្រោងបញ្ចប់ក្នុងឆ្នាំ២០២៨) និងអនុវត្តគម្រោងសាងសង់ដោយក្រុមហ៊ុនសាខាសាជីវកម្មស្ពាន និងថ្នល់ចិន(BCRBC) និងទីប្រឹក្សាបច្ចេកទេសគម្រោងដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×