Saturday, January 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំណើរទស្សនកិច្ចសាលាមត្តេយ្យសិក្សាសហគមន៍ ដើម្បីលើកកម្ពស់គុណភាពយុទ្ធសាស្រ្តកំណែទម្រង់ការគ្រប់គ្រងអប់រំកុមារតូចនៅកម្ពុជា

សៀមរាប៖ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា បានអញ្ជើញមកទស្សនៈកិច្ចសាលាមត្តេយ្យសិក្សាសហគមន៍ ដើម្បីលើកកម្ពស់គុណភាពយុទ្ធសាស្រ្តកំណែទម្រង់ការគ្រប់គ្រងអប់រំកុមារតូច ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង លោកជំទាវ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប មន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោក មេឃុំលាងដៃ ស្រុកអង្គរធំ គ្រូមត្តេយ្យសិក្សាសហគមន៍ តំណាងមាតាបិតា តំណាងអង្គការភ្លែនប្រចាំខេត្តសៀមរាប និងតំណាងសមាគមបណ្តុះកុមារប្រចាំខេត្តសៀមរាប។

ក្នុងឱកាសនេះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារពាក់ព័ន្ធ ជាពិសេសអង្គការភ្លែន ដែលបានចូលរួមគាំទ្រ និងបន្តអភិវឌ្ឍន៍សាលាមត្តេយ្យសិក្សាសហគមន៍នេះ រហូតដល់មានការរៀបចំហេដ្ឋារចនាសម្ព័ន្ធបានល្អគ្រប់គ្រាន់នៅក្នុងការរៀនសូត្រ និងការលេងសម្រាប់កុមារ ចូលរួមចំណែកក្នុងការជួយអភិវឌ្ឍការអប់រំក្នុងប្រទេសកម្ពុជាឱ្យប្រសើរឡើងថែមមួយកម្រិតទៀត ក្រសួងអប់រំ យុវជន និងកីឡា នឹងជួយបន្តគាំទ្រដល់គ្រូបង្រៀននៃសាលាមត្តេយ្យសិក្សាសហគមន៍ ដោយនឹងរៀបចំឱ្យមានការទទួលស្គាល់ ការបណ្តុះបណ្តាល គ្រូមត្តេយ្យសិក្សាសហគមន៍ ជាបន្តបន្ទាប់ទៀតផងដែរ។

ការអប់រំកុមារតូចគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ដ៏រឹងមាំសម្រាប់សិស្សានុសិស្ស ឱ្យទទួលបានទាំងជំនាញរឹងនិងជំនាញទន់ ការសិក្សាពេញមួយជីវិត និងបំណិនសតវត្សទី២១ ដូចជាការគិតស៊ីជម្រៅ ជំនាញដោះស្រាយបញ្ហាជាដើម ចេះចែករំលែក ចេះធ្វើការងារជាក្រុម ដែលទាំងអស់នេះនឹងក្លាយជាស្ពាន ឈានទៅរកភាពជោគជ័យក្នុងការសិក្សាបន្តបន្ទាប់ទៀត ក៏ដូចជាបានលើកឡើងពីវិធីសាស្ត្របង្រៀនកុមារតូចថ្មីពោលគឺ “ការរៀនតាមរយៈការលេង” ដោយការលេងនេះគឺគោរពទៅតាមគោលការណ៍នៃការអភិវឌ្ឍកុមារទាំងប្រាជ្ញា បំណិនសង្គម និងការអភិវឌ្ឍរាងកាយជាដើម ដោយទាំងអស់ជួយឱ្យពួកគាត់ មានបំណិនក្នុងការសិក្សាពេញមួយជីវិត និងបំណិនសង្គម ដូចជាមានភាពក្លាហាន ចេះចែករំលែក ចេះធ្វើការងារជាក្រុម ឈានទៅរកភាពជោគជ័យក្នុងការសិក្សាបន្តបន្ទាប់ទៀត ទាំងក្នុងកម្រិតថ្នាក់បឋមសិក្សា មធ្យមសិក្សា ឧត្តមសិក្សា ក៏ដូចជាការសិក្សាពេញមួយជីវិតផងដែរ។

ជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធនាពេលកន្លងមក និងសូមលើកទឹកចិត្តឱ្យបន្តខិតខំបន្ថែម ដោយក្រសួងនឹងរៀបចំគោលនយោបាយដាក់សំណើថវិកាដើម្បីអភិវឌ្ឍសាលាបន្ថែម និងបានផ្តល់អនុសាសន៍ដល់ក្រុមការងារជំនាញ ឱ្យត្រូវមានគណកម្មការគ្រប់គ្រងដើម្បីប្រើប្រាស់ថវិកាឱ្យចំគោលដៅ និងត្រូវមានការចូលរួមពីលោកគ្រូ អ្នកគ្រូ និងសហគមន៍ទាំងមូល ដើម្បីធានាបានថា កុមារី និងកុមារាទាំងអស់ នឹងទទួលបានការអប់រំកម្រិតមត្តេយ្យសិក្សា ដោយការថែទាំ និងការអភិវឌ្ឍកុមារតូចប្រកបដោយគុណភាព ដើម្បីពួកគាត់ត្រៀមខ្លួនរួចជាស្រេចសម្រាប់ការអប់រំកម្រិតបឋមសិក្សា ក្លាយខ្លួនជាធនធានមនុស្ស ឆ្លើយតបនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×