រាជធានីភ្នំពេញ : ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹង ស្តីពី ការចាត់វិធានការចំពោះក្រុមហ៊ុន អាតធីវើស្ស (ខេមបូឌា) ឯ.ក (ARTIVERSE (CAMBODIA) CO., LTD.)។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា ក្រុមហ៊ុន អាតធីវើស្ស (ខេមបូឌា) ឯ.ក (ARTTVERSE (CAMBODIA) CO., LTD.) ស្ថិតនៅភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មិនអនុវត្តតាមច្បាប់ស្តីពីការងារ ដោយបានអនុវត្តការឈប់សម្រាកប្រចាំឆ្នាំដោយមានប្រាក់ឈ្នួលមិន បានត្រឹមត្រូវជូនបងប្អូនកម្មករនិយោជិត ដែលបង្កើតជាបញ្ហាវិវាទការងារ កាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥។
អនុលោមតាមច្បាប់ស្តីពីការងារ មាត្រា១៦៦ មាត្រា៣៦៣ថ្មី និងមាត្រា៣៨៣ អធិការការងារបានចាត់វិធាន ការយ៉ាងម៉ឺងម៉ាត់ ដោយបានធ្វើការផាកពិន័យជាប្រាក់ចំពោះក្រុមហ៊ុននេះ ចំនួន ១៦ ៨០០ ០០០ (ដប់ប្រាំមួយលាន ប្រាំបីរយពាន់គត់) រៀល ដើម្បីបង្ការជាដាច់ខាតនូវការអនុវត្តមិនត្រូវទាំងនេះ។
ទន្ទឹមនឹងនេះ ក្រសួងសូមក្រើនរំលឹកដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានផ្សេងទៀត ត្រូវអនុវត្តការឈប់ សម្រាកប្រចាំឆ្នាំដោយមានប្រាក់ឈ្នួល ប្រាក់បំណាច់អតីតភាពការងារ និង/ឬប្រាក់បំណាច់ផ្សេងៗជូនកម្មករនិយោជិត ឱ្យបានត្រឹមត្រូវស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ក្នុងករណីមានការខកខាន ឬគណនាមិន បានត្រឹមត្រូវ ដែលនាំឱ្យមានវិវាទការងារ អធិការការងារនឹងចាត់វិធានការផាកពិន័យយ៉ាងតឹងរ៉ឹងតាមច្បាប់ជាធរមាន៕ រក្សាសិទ្ធដោយ៖សុទ្ធលី