Sunday, January 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បន្តកែប្រែស្ថានភាព លើកកម្ពស់សោភ័ណភាពឆ្នេរ២៧០០ម៉ែត្រ ស្ថិតក្នុងខេត្តកែប និងផ្តួចផ្តើមលើកកម្ពស់គុណភាព “ឆ្នេរព្រែកត្រែង” នៃខេត្តព្រះសីហនុ

គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានតំបន់ឆ្នេរនៃខេត្តព្រះសីហនុ កំពត និងកែប បានបន្តកែប្រែស្ថានភាព លើកកម្ពស់សោភ័ណភាពឆ្នេរ២៧០០ម៉ែត្រ ស្ថិតក្នុងខេត្តកែប និងផ្តួចផ្តើមលើកកម្ពស់គុណភាព “ឆ្នេរព្រែកត្រែង” នៃខេត្តព្រះសីហនុ។ នឹះបើតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ចេញផ្សាយនៅ១៧ មករា ២០២៥។

គម្រោងលើកកម្ពស់សោភ័ណភាព ឆ្នេរ២៧០០ម៉ែត្រ ត្រូវបានឱ្យឈ្មោះថា “ឆ្នេរតេជោសន្តិភាពកែប” ជាគម្រោងអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ ស្ថិតនៅក្នុងសង្កាត់ព្រៃធំ ក្រុងកែប។

គម្រោងនេះ នឹងលើកកម្ពស់គុណភាពឆ្នេរ២៧០០ម៉ែត្រ នេះ ឱ្យក្លាយទៅជាឆ្នេរខ្សាច់កម្សាន្តតែមួយគត់ ដែលនឹងឆ្លើយតបបានទៅនឹងការរំពឹងទុករបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនាកម្សាន្តនៅឆ្នេរសមុទ្រកម្ពុជា។

ដោយឡែក ឆ្នេរព្រែកត្រែង នៃខេត្តព្រះសីហនុ ស្ថិតនៅក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ នឹងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយទៀតនៅក្នុងខេត្តព្រះសីហនុ ក៏ដូចជាតំបន់ឆ្នេរសមុទ្រ ដែលនឹងទាក់ទាញអ្នកទេសចរជាតិ-អន្តរជាតិ មកទស្សនា សម្រាកលម្ហែ នៅតំបន់ឆ្នេរ ក៏ដូចជានៅកម្ពុជា។

បន្ទាប់ពីគម្រោងអភិវឌ្ឍនេះបានបញ្ចប់ជាស្ថាពរ ឆ្នេរទាំងពីរនេះ នឹងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ទាំងភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិ ហើយថែមទាំងបង្កើតឱកាសការងារ និងបង្កើតមុខរបរបន្ថែមទៀតសម្រាប់ប្រជាជននៅក្នុងតំបន់ ដែលនឹងផ្តល់ប្រាក់ចំណូលច្រើនជាងមុន និងធ្វើឱ្យជីវភាពរស់នៅកាន់តែល្អប្រសើរមួយកម្រិតថែមទៀត។

គម្រោងលើកកម្ពស់គុណភាពអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ “ឆ្នេរតេជោសន្តិភាពកែប” និង “ឆ្នេរព្រែកត្រែង” ជាគម្រោងនៃកិច្ចសហប្រតិបត្តិការរដ្ឋ និងវិស័យឯកជនលើកដំបូងក្នុងការអភិវឌ្ឍឆ្នេរកម្សាន្តសាធារណៈ។

គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ កំពត និងកែប សូមថ្លែងអំណរគុណដល់វិស័យឯកជន ក៏ដូចជាសប្បុរសជនទាំងអស់ ដែលបានប្តេជ្ញាចិត្តក្នុងការចូលរួមក្នុងការអភិវឌ្ឍគម្រោងទាំងពីរនេះ សម្រាប់ផលប្រយោជន៍សាធារណៈ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាលើកកម្ពស់សោភ័ណភាពឆ្នេរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×