ភ្នំពេញ៖ សម្តេចធិបតិ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពិធីសម្ពោធ សមិទ្ធផលនានា ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាថ្ងៃទី២០ ខេមករានេះ បានថ្លែងថា រាជរដ្ឋាភិបាល បានត្រៀមដើមទុន សរុប ២២០ លានដុល្លារ ដើម្បីជួយទិញស្រូវពីប្រជាកសិករ និងសម្រាប់ធានាដល់ការនាំចេញអង្ករ។ ក្នុងចំណោមទុនទាំងអស់នេះ មាន៧០លានដុល្លារ ត្រៀមសម្រាប់ការប្រមូលទិញស្រូវ និង១៥០លានដុល្លារ សម្រាប់គម្រោងឥណទានធានាដល់ការនាំចេញអង្ករ។
សម្តេចធិបតី បញ្ជាក់ថា នេះគឺជា អន្តរាគមន៍ដែលរាជរដ្ឋាភិបាល បានអនុវត្តន៍ ដើម្បីបន្ថយសម្ពាធដល់រោងម៉ាស៊ីនកិនស្រូវ និងធានាថា ប្រជាកសិករ អាចលក់ស្រូវបានភ្លាមៗ ក្រោយប្រមូលផល។
ក្រៅពីដំណាំស្រូវ រដ្ឋាភិបាល ក៏បានសម្រេចបង្កើនឥណទានធានាដល់ការនាំចេញអង្ករ ពី៣០លានដុល្លារ រហូតដល់ទៅ ១៥០លានដុល្លារផងដែរ ដើម្បីពង្រីកលទ្ធភាពរបស់ ម៉ាស៊ីនកិនស្រូវ អាចទទួលបានឥណទានពីធនាគារឯកជន និងពង្រីកការទិញស្រូវ កិនជាអង្ករសម្រាប់ការនាំចេញ។
បើយោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានឲ្យដឹងថា នៅចន្លោះខែតុលា ដល់ខែវិច្ឆិកា ឆ្នាំ២០២៤ និងខែមេសា ដល់ខែឧសភា ឆ្នាំ២០២៥ រដ្ឋាភិបាល បានគ្រោងបញ្ចេញទុន ៤០ដុល្លារ ដើម្បីផ្តល់ទៅឱ្យបណ្តារោងម៉ាស៊ីនកិនស្រូវ ធ្វើជាទុនបង្វិល សម្រាប់ទិញកសិផលស្រូវរបស់ប្រជាកសិករ។
សូមជម្រាបថា សម្តេចធិបតី បានឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រៀមបញ្ចេញដើមទុន ៣០លានដុល្លារបន្ថែមទៀត នៅចន្លោះខែមករា ដល់ខែមីនា ឆ្នាំ២០២៥ ទៅដល់បណ្តារោងម៉ាស៊ីនកិនស្រូវ ក្នុងការប្រមូលទិញស្រូវពីកសិករ ដែលជាពេលវេលាប្រមូលផលពេញទំហឹង ពិសេសនៅក្នុងអំឡុងរដូវកាលចូលឆ្នាំចិន-វៀតណាម ដែលឈ្មួញពីប្រទេសជិតខាងអាចឈប់សម្រាក៕