ខេត្តស្វាយរៀង ៖ លោកបណ្ឌិត អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតីនៅក្នុងអង្គសិក្ខាសាលាចែករំលែកបទពិសោធន៍ និងចំណះដឹងស្តីពីការបណ្តុះបណ្តាលវិជ្ជាជីវៈនៅប្រទេសជប៉ុន។
ពិធីនេះបានប្រព្រឹត្តទៅនាសាលប្រជុំរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងព្រមទាំងមានការអញ្ជើញចូលរួមផងដែរពីសំណាក់លោក ឡៅ ហ៊ីម អគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ កញ្ញា Kishida Nami បុគ្គលិកតំណាងការិយាល័យ Jica ប្រចាំកម្ពុជា៦ ព្រមទាំងកម្មសិក្សាការីនៃកម្មវិធីបណ្តុះបណ្តាលសម្រាប់អ្នកដឹកនាំវ័យក្មេងផងដែរ។
លោកអ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍ឲ្យដឹងថាៈ ក្រសួងអប់រំយុវជននិងកីឡាមានគោលនយោបាយចម្បងៗចំនួន១៥ចំណុចដូចជាការបង្កើតសាលារៀនជំនាន់ថ្មី-ពង្រឹងគុណភាពនៃការប្រឡងការអប់រំនិងទីផ្សារ-ចេះទ្រឹស្តី-អនុវត្តបង្កើតកម្មវិធីថ្មី-បន្តសិក្សាពេញមួយជីវិតដោយបានរៀបចំផែនការយុទ្ធសាស្ត្រវិស័យអប់រំ២០១៤-២០១៨ដោយរួមបញ្ចូលនូវយុទ្ធសាស្ត្រនិងសកម្មភាពការងារអប់រំបច្ចេកទេសផ្តោតការយកចិត្តទុកដាក់ចម្បងលើការងារតម្រង់ទិសវិជ្ជាជីវៈសម្រាប់ដោះស្រាយបញ្ហាសេដ្ឋកិច្ចគ្រួសារ សង្គម និងបន្តការសិក្សាពេញមួយជីវិត។
លោករដ្ឋលេខាធិការបានមានប្រសាសន៍បន្តទៀតថាៈនាពេលបច្ចុប្បន្ននេះក្រសួងអប់រំយុវជននិងកីឡានិងក្រសួងការងារបានបញ្ជូនបុគ្គលិកថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិដែលមានសក្តានុពលរបស់ខ្លួនចូលរួមវគ្គបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងនៅប្រទេសជប៉ុនក្រោមការឧបត្ថម្ភគាំទ្រថវិកាពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន Jica ដើម្បីទទួលការបណ្តុះបណ្តាលនិងអភិឌ្ឍសមត្ថភាពបន្ថែមទាក់ទងនឹងការបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈសិក្សាពីប្រព័ន្ធបណ្តុះបណ្តាលនៅប្រទេសជប៉ុនទស្សនៈកិច្ចសិក្សានៅតាមស្ថាប័នបណ្តុះបណ្តាលវិជ្ជាជីវៈទាំងរដ្ឋនិងឯកជន វិទ្យាល័យបច្ចេកទេស វិទ្យាស្ថានបច្ចេកទេស អង្គការព្រមទាំងការជជែកជាមួយអ្នកជំនាញនៃវិស័យនេះ។
កញ្ញា Kishida Nami បុគ្គលិកតំណាងការិយាល័យ Jica ប្រចាំនៅកម្ពុជាបានមានប្រសាសន៍ឱ្យដឹងថាៈ កម្មវិធីបណ្តុះបណ្តាលសម្រាប់អ្នកដឹកនាំវ័យក្មេងគឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីកិច្ចសហប្រតិបត្តិការបច្ចេកទេសរបស់ Jica ដែលត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់ និងចូលរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សរបស់ប្រទេសកម្ពុជា ។
Jica បានចាប់ផ្តើមកម្មវិធីនៅកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៥ ដែលរហូតមកទល់ពេលនេះមានសិក្ខាកាមដែលជាមន្ត្រីកម្ពុជាវ័យក្មេងចំនួន១០៣៩នាក់បានចូលរួមកម្មវិធីបណ្តុះបណ្តាលនេះនៅប្រទេសជប៉ុនលើវិស័យផ្សេងៗរួមមាន វិស័យអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ អប់រំ សុខាភិបាល គោលនយោបាយរបស់ខ្លួនតាមរយៈការរៀនសូត្រនិងផ្លាស់ប្តូរបទពិសោធន៍ជាមួយអ្នកជំនាញ និងការចុះអង្កេតផ្ទាល់នៅតាមស្ថាប័នពាក់ព័ន្ធនានានៅប្រទេសជប៉ុន។
សិក្ខាសាលាថ្ងៃនេះត្រូវបានរៀបចំឡើងដើម្បីលើកទឹកចិត្តដល់សិក្ខាកាមដែលបានចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលខាងលើដើម្បីរួមចែករំលែកនិងផ្សព្វផ្សាយបទពិសោធន៍និងចំណេះដឹង ដែលពួកគេបានទទួលពីវគ្គបណ្តុះបណ្តាលនៅប្រទេសជប៉ុនទៅដល់មន្ត្រីពាក់ព័ន្ធផ្សេងទៀត ដែលកំពុងបម្រើការងារក្នុងវិស័យអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈនៅប្រទេសកម្ពុជា៕ វ៉ៃកូ