រាជធានីភ្នំពេញ ៖ រសៀលថ្ងៃព្រហស្បតិ៍ ទី២៣ មករា ២០២៥សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ។
សមិទ្ធផលនានានៅទូទាំងប្រទេស និយាយជារួម និងសមិទ្ធផលនៅក្នុងវិស័យ សាធារណការ និងដឹកជញ្ជូន និយាយដោយឡែក ដែលកម្ពុជាសម្រេចបាននាពេលនេះមិនមែន កើតឡើងដោយចៃដន្យនោះទេ គឺកើតឡើងដោយសារកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ ពេញលេញ នឹងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនតាំងពីអាណត្តិមុនៗ ។
ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ឱ្យមានប្រសិទ្ធភាព និងសម្រេចបានជោគជ័យ ក្រសួងសាធារណការ និងដឹកជញ្ជូន បានកំណត់នូវចក្ខុវិស័យសំខាន់ៗចំនួនពីរ រួមមាន ទី១.ការលើកកម្ពស់សេវាដឹកជញ្ជូន តាមរយៈការអភិវឌ្ឍ និង បន្តធ្វើទំនើបកម្មការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រង និងការផ្តល់សេវាលឿន រហ័ស តម្លាភាព ប្រសិទ្ធភាព ងាយស្រួល និងជឿទុកចិត្ត និង ទី២.ការលើកកម្ពស់ការតភ្ជាប់ប្រព័ន្ធដឹក ជញ្ជូនអន្តរមធ្យោបាយ ឡូជីស្ទីក និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យមានគុណភាព សុវត្ថិភាព ចីរភាព ភាពធន់ និងបរិយាបន្ន ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជម្រុញឱ្យអាជ្ញាធររាជធានីខេត្តគ្រប់លំដាប់ថ្នាក់ ត្រូវសហការជាមួយអគ្គស្នងការនគរបាលជាតិ និងស្នងការនគរបាលខេត្តចុះត្រួតពិនិត្យមើលការបើកបរមានជាតិស្រវឹង ជាពិសេសនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា ជារួមយើងអាចវាយតម្លៃបានថា ចាប់ពីដើមអាណត្តិទី៧ រហូតដល់ដំណាច់ឆ្នាំ២០២៤ ក្រសួងសាធារណការ និងដឹកជញ្ជូនសម្រេចបានសមិទ្ធជាច្រើនគួរឱ្យកត់សម្គាល់ ឆ្លើយតបទៅនឹងអាទិភាពនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ជាពិសេសការកំណត់នូវចក្ខុវិស័យសំខាន់ៗចំនួនពីរ៖ ទី១ គឺការលើកកម្ពស់សេវាដឹកជញ្ជូនតាមរយៈការវិវឌ្ឍន៍ និងការធ្វើទំនើបកម្មការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់ គ្រង និងការផ្តល់សេវាលឿន រហ័ស តម្លាភាព ប្រសិទ្ធភាព ងាយស្រួល និងជឿទុកចិត្ត និងទី២ ការលើកកម្ពស់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយឡូជីស្ទិក និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹក ជញ្ជូនឱ្យមានគុណភាព សុវត្ថិភាព ចីរភាព ភាពធន់ និងបរិយាប័ន្ន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងរយៈពេល១៧ខែនៃរាជរដ្ឋាភិបាលនីតិកាលទី៧នេះ យើងបានសម្ពោធនូវសមិទ្ធផលជាច្រើននៅក្នុងវិស័យសាធារណការ ហើយនៅពេលខាងមុខយើងនឹងសម្ពោធសមិទ្ធផលក្នុងវិស័យសាធារណការនេះជាច្រើនទៀត ដែលសុទ្ធសឹងជាហេដ្ឋារចនាសម្ព័ន្ធបំរើដល់វិស័យដឹកជញ្ជូនទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសដ៏ចាំបាច់។ សម្ដេចធិបតីបានលើកឡើងថា ដូច្នេះ ការកសាងហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាក្នុងការត្រៀមសម្រាប់ជួយជំរុញរយៈវែងគឺជាការសំខាន់ ព្រោះ ការដឹកជញ្ជូននៅតែប្រព្រឹត្តទៅតាមរយៈផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសក្នុងរយៈពេលយូរអង្វែងមិនដឹង ថាពេលណាទើបមានការប្តូរផ្លាស់នៃរបៀបដឹកជញ្ជូននោះទេ។
ក្នុងឱកាសនោះ សម្តេចធិបតីនាយករដ្ឋមន្រ្ដីបានចាត់ទុកសមិទ្ធផលដែលក្រសួងសាធារណការ និងដឹកជញ្ជូនសម្រេចបានកន្លងមកថា បានជួយសម្រួលដល់ការតភ្ជាប់ប្រទាក់ក្រឡាក្នុងការធ្វើដំណើរ និងការដឹកជញ្ជូន ព្រមទាំងចូលរួមលើក កម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងចាប់យកកាលានុវត្តភាពថ្មីៗដូចជា ការទាក់ទាញវិនិយោគដោយ ផ្ទាល់ និងទេសចរពីបរទេសដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។
សម្តេចធិបតី ឱ្យក្រសួងសាធារណការ ពិនិត្យបន្ថែមទៀត លើការសហការជាមួយភាគីថៃ ដើម្បីជំរុញការអភិវឌ្ឍកិច្ចព្រមព្រៀងទ្វេភាគី កម្ពុជា-ថៃ ឆ្នាំ២០១៩ ស្តីពីការធ្វើចរាចរណ៍ ផ្លូវដែករួមគ្នា និងការសិក្សាពិនិត្យលទ្ធភាពលើការសាងសង់ស្ថានីយរថភ្លើងអន្តរជាតិថ្មី នៅស្ទឹងបត់ ជំនួសឱ្យស្ថានីយប៉ោយប៉ែត ។
សម្តេចធិបតី មានប្រសាសន៍ថា “ហើយកិច្ចការងារនេះ អាចពិនិត្យបន្ថែមទៀត ទៅលើតំបន់មួយចំនួន ដូចជានៅខេត្តពោធិ៍សាត់ ដែលយើងត្រូវការបន្ថែមតភ្ជាប់ ពីតំបន់អភិវឌ្ឍសេដ្ឋកិច្ចពិសេស ជាមួយនឹងប្រព័ន្ធផ្លូវដែករបស់យើង ហើយចំពោះការរៀបចំ តំបន់សេដ្ឋកិច្ចពិសេសមួយចំនួននៅខាងមុខ ដែលត្រូវការវិនិយោគបន្ថែម លើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នោះ គឺការតភ្ជាប់ផ្លូវដែក ផ្លូវថ្នល់នេះ គឺជាកិច្ចការសំខាន់មួយ” ។
ក្នុងនោះដែល សម្តេចធិបតី នាយករដ្ឋមន្ត្រី ឱ្យក្រសួងសហការពិនិត្យមើលជាមួយនឹងខាង CDC ក៏ដូចជាខាងរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីសិក្សាមើលមួយជំហាន នៅក្រគរ ដែលគ្រោងរៀបចំតំបន់សេដ្ឋកិច្ចពិសេសមួយ ដែលជៀសមិនផុតពីការដឹកជញ្ជូនទៅខេត្តព្រះសីហនុ ឬមួយទៅច្រកប៉ោយប៉ែត ដូច្នេះការដឹកជញ្ជូនត្រូវមានពហុមធ្យោបាយ អន្តរមធ្យោបាយ ។
សម្តេចធិបតី មានប្រសាសន៍បន្ថែមថា “ផ្លូវយើងធ្វើហើយ ប៉ុន្តែផ្លូវដែកនេះ ជាពិសេសសម្រាប់ដឹកជញ្ជូនទំនិញច្រើន ដូចនៅពោធិ៍សាត់ ដឹករថយន្ត មានរថយន្តFord រថយន្តអី ទៅថ្ងៃមុខទៀត យើងមានលទ្ធភាព ក្នុងការដឹកទំនិញផ្សេងទៀត សម្រាប់ចេញទៅក្រៅ ចឹងការតភ្ជាប់នេះ សំខាន់ណាស់ ហើយតួនាទីរបស់ផ្លូវដែកក៏កាន់តែសំខាន់ ចឹងយើងគិតគូរដើម្បីរៀបចំ ហើយវាមិនឆ្ងាយប៉ុន្មានទេ ខ្ញុំមើលដូចប្រហែលមិនដល់១០គីឡូនៅក្នុងការគិតគូរ”៕ រក្សាសិទ្ធដោយ៖សុទ្ធលី