ភ្នំពេញ៖ រដ្ឋសភានឹងបើកកិច្ចប្រជុំពេញអង្គ នៅថ្ងៃទី២៧ ខែវិច្ឆិកាខាងមុខដើម្បី ពិនិត្យប្រកាសឈ្មោះសមាជិកសភាថ្មីចំនួន៥៥រូប ក្រោយពីរំលាយគណបក្សសង្គ្រោះជាតិ និងតែងតាំងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ៣រូប បន្ទាប់អនុប្រធានម្នាក់និងសមាជិក២រូប កូតាបក្សប្រឆាំង ដែលបានលាលែងតំណែង។
នៅថ្ងៃទី២៤វិច្ឆិកានាវិមានរដ្ឋសភាជាតិ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹក នាំកិច្ចប្រជុំគណៈគម្មាធិការអចិន្ត្រៃយ៏រដ្ឋសភា។ ក្នុងនោះមានរបៀបវារៈប្រជុំនៅថ្ងៃនេះមាន៖
១-ការពិនិត្យនិងសម្រេចលើបញ្ជីបេក្ខជនជាប់ឆ្នោតចំនួន៤៤រូបដែលសម្រេចដោយ គណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត (គជប)។
២-ការពិនិត្យសំណើរសុំលាលែងពីតួនាទីនិងតំណែងជាអនុប្រធាន សមាជិក សមាជិកានៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(ឯកឧត្តម គួយ ប៊ុនរឿន ឯកឧត្តម រ៉ុង ឈុន និងលោកជំទាវ តែ ម៉ានីរ៉ុង)។
៣-ការពិនិត្យសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកំណត់បែបបទនីតិវិធីនៃការជ្រើសរើសបេក្ខជនសមាជិកគ.ជ.ប.។
និង៤-ការពិនិត្យនិងសម្រេចសេចក្តីព្រាងរបៀបវារៈទី១៧សម័យប្រជុំលើកទី៩នីតិកាលទី៥។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ លោកឈាង វុន សមាជិកគណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា មានប្រសាសន៍បញ្ជាក់ថា កាបែងចែកអាសនៈសមាជិក សភាគឺគជប អនុវត្តតាមច្បាប់ ហើយការបែងចែកនេះគឺជាជុំទី១មាន ៤៤ អាសនៈ។នៅពេលខាងមុខគ.ជ.ប. និងធ្វើការបែងចែកអាសនៈសមាជិកសភានៅជុំ២(១១អាសនៈ)នាពេលខាង មុខឆាប់ៗនេះ។
រដ្ឋសភានិងប្រជុំពេញអង្គ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលដឹកនាំ ដោយសម្តេចអគ្គមហាពញាចក្រីហេង សំរិនប្រធានរដ្ឋសភា។
លោកឈាងវុន មានប្រសាសន៍បញ្ជាក់ទៀតថា គ.ជ.ប. បានធ្វើការបែងចែកអាសនៈសមាជិកសភានៅទំនេរ គឺអនុវត្ត ទៅតាមមាត្រា១៣៨ស្ទួន នៃច្បាប់ស្តីពីគណបក្សនយោបាយដែលចែងថា៖ “ករណី ដែលពុំមានគណបក្សនយោបាយណាមិនទទួលអាសនៈដែលនៅទំនេររបស់គណបក្សនយោបាយដែលប្រកាសបោះបង់ ចោលអាសនៈឬដែលត្រូវលុប ឈ្មោះចេញពីបញ្ជីបោះឆ្នោត។ ដូច្នេះគ.ជ.ប.បែងចែកឲ្យគណបក្សនយោបាយមានអាសនៈក្នុងរដ្ឋសភា”៕ ដោយ៖បញ្ញាស័ក្តិ