ថ្មីៗនេះ មហាជនអ្នកនិយមលេងបណ្តាញសង្កម ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះមង្គលការមួយ ដែលបានធ្វើពិធីដ៏ប្លែកតម្រូវឲ្យ «កូនកំលោះកូនក្រមុំរៀនបង់នំ» ខណៈមនុស្សជាច្រើន ពេលបានឃើញហើយក៏នាំគ្នាលាន់មាត់ថា តាំងពីកើតមកអាយុ ៣០, ៤០ ឆ្មាំ ឬ ស្ទើរជាងពាក់កណ្តាលជីវិតហើយ មិនដែលឃើញពិធីមង្គលណា ធ្វើដូចក្មេងលេងបាយឡុកបាយឡអីចឹងទេ។
ពិធីមង្គលការនេះផងដែរ ត្រូវបានដឹងថា ធ្វើឡើងនៅក្នុងឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ខណៈកូនស្រីដែលមានឈ្មោះ សំ ស្រីនិត បានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់នាង ជាមួយស្នាមញញឹម និងក្តីរំភើបបែបនេះថា «បំណងប្រថ្នារបស់ខ្ញុំយូហើយ ពេលនេះបានដូចបំណង»។
ដោយឡែក សម្រាប់កម្មពិធីដ៏ចម្លែក កូនកំលោះកូនក្រមុំ រៀនបង់នំរួមគ្នា ខណៈដែលមនុស្សជាច្រើនមិនដែលឃើញពីមុនមក ហើយក៏មិនដឹងថា គេធ្វើពិធីនេះដើម្បីអ្វី? ក៏មានអ្នកដឹងបានប្រាប់ថា ពិធីបង់នំនេះ គឺមានតាំងពីបុរាណមកម្ល៉េះ ដែលគ្រាន់តែកន្លែងការសម័យឥឡូវ ខ្លះគេលុបចោលមិនធ្វើទេ គេធ្វើកាត់ៗ បើធ្វើឲ្យគ្រប់សព្វដូចពីមុន នោះ៣យប់៤ថ្ងៃ ក៏មិនទាន់ហើយដែរ។
ជាមួយគ្នានេះ ក៏មានអ្នកបកស្រាយពន្យល់យ៉ាងដូច្នេះថា «ពិធីបង់នំនេះ គឺមានន័យថា ពេលយើងបានក្លាយជាប្តីប្រពន្ធនឹងគ្នាហើយ គឺបង្កប់ន័យអោយចេះអត់ធ្មត់ ចេះអត់អោនអោយគ្នា។ ការហើយត្រូវតែមានកូនដែលយើងជាម្ដាយ ត្រូវតែមានតួនាទីថែរក្សាកូនអោយល្អ»។
តែបើទោះជាការបកស្រាយនេះហាក់ដូចជាមិនសូវត្រូវនឹងអត្ថន័យយ៉ាងណា, ទាក់ទងនឹងពិធីបង់នំនេះ ក៏មានអ្នកខាងស្វាយរៀងម្នាក់ បានឲ្យដឹងថា «ស្រុកខ្ញុំស្វាយរៀងកាលពី20ឆ្នាំមុន គេការហើយ គេអោយកូនក្រមុំ កូនកំលោះធ្វើនំនេះទៅលេងផ្ទះសាច់ញ្ញាតិទាំងសងខាង ហើយបងប្អូនខ្លះគួចដៃជាអង្ករ ស្រូវ គ្រាប់ពូជ ចានឆ្នាំង មាន់ទា ជ្រូក លុយ ដើម្បីបង្កើតគ្រួសារថ្មី តែឥលូវបាត់បង់អស់ហើយ»។
ចុះប្រិយមិត្តវិញ ធ្លាប់ដែលឃើញពិធីនេះទេ ហើយតើមានអត្ថន័យយ៉ាងដូចម្តេចដែរ?