យ៉ាងហោចណាស់ មានក្មេងស្រីចំនួន ៣ នាក់ បានរងរបួសធ្ងន់-ស្រាល នៅក្នុងឧបទ្ទវហេតុដាច់កន្រ្តកវិលជិះលេង ដែលឪពុកម្តាយគ្រប់គ្នាតែងតែមានការភ័យបារម្ភថា ខ្លាចតែដាច់ទេ។ យ៉ាងណាមិញ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង៩យប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅភូមិត្រោកធំ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ទាក់ទងនឹងករណីនេះ ស្រ្តីម្នាក់ដែលជាសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាម៉ោងប្រហែលជា ៩ យប់ ពួកគាត់បានទៅមើលកន្លែងគេដាក់តាំងកន្ត្រកវិល និង ម៉ូតូហោះ គប់ប៉េងប៉ោង កូនឡាន សម្រាប់ជួលឲ្យក្មេងៗជិះលេង។ តែអ្វីដែលមិននឹកស្មានដល់នោះ គឺខណៈពេលក្មេងៗកំពុងជិះក្នុងកន្ត្រកវិលចុះឡើងនោះ ក៏ស្រាប់តែដាច់ខ្ចៅដែកកន្ត្រក១ ធ្លាក់ពីលើមកដល់ដី បណ្តាលឲ្យមានក្មេងៗជិះក្នុងកន្ត្រកចំនួន៣នាក់ រងរបួសធ្ងន់-ស្រាលតែម្តង។
ក្រោយពេលកើតហេតុ និងទទួលបានអំពីព័ត៌មាននេះ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយធំ បានចុះមកពិនិត្យ និងកោះហៅម្ចាស់អាជីវកម្មកន្រ្តកវិល ដែលមានប្តីឈ្មោះ ប៉ុល សា
វឿន ភេទប្រុស អាយុ៤២ឆ្នាំ និងប្រពន្ធឈ្មោះ ហាំ ស្រីដើង អាយុ៣៩ឆ្នាំ មកកាន់អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ម្ចាស់កន្ត្រកវិលខាងលើ បានឆ្លើយសារភាពថា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៥ និង ០០នាទី ខ្លួននិងប្រពន្ធ បានដឹកសម្ភារមានដូចជា កន្ត្រកវិល ម៉ូតូហោះ កូនឡានរត់តាមខ្សែភ្លើង និងគប់ប៉េងប៉ោង មកដាក់តាំង និងសម្រាប់ជួលឲ្យក្មេងៗជិះលេង នៅក្នុងកម្មពិធីបុណ្យមានល្ខោនលេង នៅភូមិត្រោកធំ ឃុំស្វាយធំ ដោយពុំបានសុំអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានទេ។ ប៉ុន្តែ មិននឹកស្មានថា កើតមានគ្រោះថ្នាក់បែបនេះនោះទេ។
ចំណែកក្មេងៗរងគ្រោះចំនួន៣នាក់ មានរួមមាន៖ ឈ្មោះ ខន រស្មី ភេទស្រី អាយុ១៥ឆ្នាំ, ឈ្មោះ ស៊ុត មករា ភេទស្រី អាយុ ១៥ ឆ្នាំ និងឈ្មោះ ឌុច ស្រីមុំ ភេទស្រី អាយុ ១៤ ឆ្នាំ ។ បច្ចុប្បន្ន ពួកគេកំពុងដេកព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកស្វាយជ្រំ។ ហើយទាក់ទិនករណីនេះដែរ សមត្ថកិច្ចបានសម្របសម្រួលដោះស្រាយតាមនីតិវិធី៕