ខេត្តក្រចេះ ៖ លោកញឹម វណ្ណដា បានណែនាំ ដល់អាជ្ញាធរខេត្តក្រចេះត្រូវឆ្លើយតប និងសង្គ្រោះបន្ទាន់ ឲ្យបានទាន់ពេលវេលា ក្នុងការជួយសង្គ្រោះពលរដ្ឋរងគ្រោះក្នុងករណីមានគ្រោះទឹកជំនន់ ត្រូវបញ្ជូនទៅកាន់ទីទួលសុវត្ថិភាព ផ្គត់ផ្គង់ទាំងជម្រកស្នាក់ នៅ ទឹកស្អាត និងបរិភោគចំណីអាហារ រួមទាំងការថែទាំសុខភាពផងដែរ។
នៅរសៀលថ្ងៃទី២៨ សីហា ២០១៨ លោក ញឹម វណ្ណដា ទេសរដ្ឋមន្ត្រីទទួលបន្ទុកអនុប្រធានប្រចាំការ និងជាប្រធាន គណៈកម្មាធិការប្រតិបត្តិគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារគ្រោះមហន្តរាយ ៧ខែ ដើមឆ្នាំ២០១៨ និងទិសដៅបន្ត របស់ខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពីគ្រប់ស្ថាប័ន អាជ្ញាធរក្រុង ស្រុកមេឃុំ ចៅសង្កាត់ ប្រមាណ៣០០ នាក់។
លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានធ្វើរបាយការណ៍សងេ្ខបពីស្ថានភាពភូមិសាស្ត្រ និងការប្រឈមមួយចំនួន គឺខេត្តក្រចេះ ក៏មិនខុសពីបណ្តាខេត្តមួយចំនួន របស់ព្រះរាជាណាចក្រកម្ពុជាដែរ ដែលបានទទួលរងនូវគ្រោះធម្មជាតិមានដូចជា៖ ខ្យល់កន្ត្រាក់ គ្រោះទឹកជំនន់ បាក់ច្រាំងស្ទឹង អគ្គិភ័យ លង់ទឹកស្លាប់ ជាដើម ដែលធ្វើឲ្យប៉ះពាល់វិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ វិស័យសង្គមកិច្ច ទៀតផង ហើយជាក់ស្ដែងក្នុងឆ្នាំនេះខេត្តក្រចេះ បានទទួលនិងកំពុងរងគ្រោះដោយសារជំនន់ទន្លេមេគង្គ។
លោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា មានប្រសាសន៍ថា គ្រោះមហន្តរាយបែបនេះ តែងកើតមានឡើងជារៀងរាល់ឆ្នាំ តែសំខាន់នៅត្រង់ថា ក្រុមការងារឆ្លើយតបនិងសង្គ្រោះបន្ទាន់ ត្រូវតែធ្វើការងារឆ្លើយតបឲ្យបានទាន់ពេលវេលា ក្នុងការជួយសង្គ្រោះពលរដ្ឋរងគ្រោះ ដូចជាក្នុងករណីមានគ្រោះទឹកជំនន់ ត្រូវបញ្ជូនពួកគាត់ទៅកាន់ទីទួលសុវត្ថិភាព ផ្គត់ផ្គង់ទាំងជម្រកស្នាក់នៅបណ្តោះអាសន្ន ទឹកស្អាតសម្រាប់ប្រើប្រាស់ និងបរិភោគចំណីអាហារ រួមទាំងការថែទាំសុខភាព ជាដើម ព្រោះថាក្នុងអំឡុងពេលជួបគ្រោះទឹកជំនន់ គឺងាយរងគ្រោះពីជំងឺផ្សេងៗបំផុត ។
លោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ក៏បានរំលឹកដល់អាណាព្យាបាលក៏ដូចជាអាជ្ញាធរ ត្រូវការពារក្មេងតូចៗកុំឲ្យលេងទឹក ព្រោះកន្លងមកមានករណីក្មេងលង់ទឹកស្លាប់ជាច្រើននាក់មកហើយ។ លោកបានជំរុញដល់អាជ្ញាធរ ក៏ដូចជាដៃគូពាក់ព័ន្ធ អោយសហការគ្នាក្នុងការស្តារឡើងវិញ នៅក្រោយគ្រោះមហន្តរាយនូវហេដ្ឋារចនាសម្ព័ន្ធរួមមាន ផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រជាដើម និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមការងារគណៈពង្រឹង សប្បុរសជន និងបណ្តាអង្គការដៃគូនានា ដែលតែងបានចុះជួយដល់ប្រជាពលរដ្ឋនៅក្នុងគ្រា ជួបគ្រោះមហន្តរាយជាពិសេស ទាំងរាជរដ្ឋាភិបាល ទាំងកាកបាទក្រហមកម្ពុជា គឺបានយកចិត្ត ទុកដាក់ជានិច្ចទៅលើពលរដ្ឋរងគ្រោះ តាមរយៈការសម្តែងនូវសមានចិត្តអាណិតអាសូរ ការចុះជួយ សង្គ្រោះបន្ទាន់ និងការផ្តល់នូវជម្រកស្នាក់នៅបណ្តោះអាសន្ន នៅទីទួលសុវត្ថិភាព រួមទាំងការផ្តល់នូវ អាហារ និងការថែទាំសុខភាពជាដើម៕ ដោយ ៖ បញ្ញាស័ក្តិ