យោធាជើងទឹកអាហ្សង់ទីន ឲ្យដឹងថា នាវាមុជទឹក ARA San Juan របស់ពួកគេបានរងការផ្ទុះដ៏ខ្លាំងមួយក្រោយពេលបាត់ខ្លួននៅអំឡុងសប្តាហ៍មុន នេះបើតាម Reuters។
Reuters បានដកស្រង់សម្តីអ្នកនាំពាក្យយោធាជើងទឹកអាហ្សង់ទីន Argentina Enrique Balbi ឲ្យដឹងថា អង្គការអន្តរជាតិមួយបានរកឃើញសំឡេងចំលែកស្រដៀងនឹងស្នូផ្ទុះដ៏ខ្លាំងមួយនៅជិតកន្លែងដែលនាវាមុជទឹក ARA San Juan បានទាក់ទងជាលើកចុងក្រោយនៅព្រឹកថ្ងៃទី ១៥/១១។
ជាក់ស្តែងតាមទិន្នន័យរបស់អង្គការសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរទាំងស្រុង (CTBTO) មានស្នាក់ការនៅទីក្រុងVienna មានស្ថានីយឃ្លាំមើល២របស់គេបានរកឃើញសញ្ញាចម្លែក១ នៅជិតតំបន់ដែលនាវាមុជទឹកនេះបាត់ខ្លួន។ ប៉ុន្តែស្ថាប័ននេះ មានការប្រយ័ត្នប្រយែង ពុំទាន់ហ៊ានអះអាងប្រាកដថា វាជាស្នូសំឡេងផ្ទុះមួយ ។
លោក Balbi និយាយថា ព័ត៌មានអំពីស្នូសំឡេងពុំប្រក្រតីនេះ របស់ CTBTO ស្របគ្នាទាំងស្រុងជាមួយព័ត៌មានដែលយោធាជើងទឹករបស់អាហ្សង់ទីនទទួលបានមុននោះអំពីករណីសំឡេងចម្លែកនៅជិតកន្លែងនាវាមុជទឹកបានបាត់ខ្លួននៅព្រឹកថ្ងៃទី ១៥/១១។ លោក Balbi សង្កត់ធ្ងន់ថា “ព័ត៌មាននេះមានសារសំខាន់ណាស់ព្រោះវាជួយឲ្យយើងខ្ញុំមានមូលដ្ឋាននឹងការសន្និដ្ឋានពីសំឡេងចម្លែកដែលកងកម្លាំងស្វែងរករបស់អាមេរិកកត់ត្រាបាន។ យើងខ្ញុំចង់និយាយអំពីស្នូសំឡេងមួយប្រៀបដូចជាករណីផ្ទុះយ៉ាងខ្លាំង ក្នុងរយៈពេលមួយខ្លី ហើយពុំមែនជាការផ្ទុះនុយក្លេអ៊ែរឡើយ ។
លោក Balbi ឲ្យដឹងបន្ថែមថា មកទល់ពេលនេះយោធាជើងទឹកអាហ្សង់ទីនពុំទាន់មានព័ត៌មានគ្រប់គ្រាន់ដើម្បីវាយតម្លៃពីការផ្ទុះនេះ មានទាក់ទងដល់ករណីដែលនាវាមុជទឹករងការវាយប្រហារដែលឬទេ។
ព័ត៌មានថ្មីបំផុតនេះ បានបង្កនូវការព្រួយបារម្ភព្រមទាំងការខឹងសម្បារពីសំណាក់គ្រួសាររបស់នាវិកនៅលើនាវានោះ។ មនុស្សជាច្រើនស្តីបន្ទោសថា “ពួកគេទុកឲ្យយើងខ្ញុំរង់ចាំនៅទីនេះមួយសប្តាហ៍មកហើយ។ ហេតុអ្វីពួកគេពុំផ្តល់ព័ត៌មានបន្តិចណាសោះដល់ពួកខ្ញុំ ខ្ញុំលែងនៅមានក្តីសង្ឃឹមណាមួយទៀតឡើយ “អ្វីៗត្រូវបានបញ្ចប់!” ភរិយារបស់នាវិកម្នាក់បានពោលយ៉ាងដូច្នេះ៕