Sunday, February 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិប្បកម្មស្ងោរអំបិល និងរោងចក្រផលិតគ្រឿងផ្សំស្បែកជើង នៅស្រុកគងពិសី បង្កផលប៉ះពាល់ដល់បរិស្ថាន ព្រោះយកផ្លាស្ទិក និងជ័រទៅដុត

គងពិសី : ថ្ងៃទី១ ខែ កុម្ភៈ ឆ្នាំ ២០២៥ រដ្ឋបាលស្រុកគងពិសី សូមជម្រាបជូន សាធារណៈជនដែលកំពុងប្រើប្រាស់បណ្តាញ សង្គមទាំងអស់មេត្តាជ្រាបថាៈ ក្នុងពេលថ្មីៗនេះមានបណ្តាញសង្គមមួយចំនួនបានចុះផ្សាយថា សិប្បកម្មស្ងោរ អំបិលចំនួន ៣ កន្លែង និងរោងចក្រផលិតគ្រឿងផ្សំស្បែកជើងមួយ ដែលមានទីតាំងក្នុងស្រុកគងពិសី ខេត្ត កំពង់ស្ពឺ កំពុងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន និងគុណភាពខ្យល់ ព្រោះការយកផ្លាស្ទិក និងជ័រទៅដុតនៅ ក្នុងឡ ដែលមិនអនុលោមតាមបច្ចេកទេសកំណត់ដោយច្បាប់ស្តីពីបរិស្ថាន។ លើករណីនេះសូមជម្រាបជូន ព័ត៌មានដូចតទៅ៖

-ក្រោយពីទទួលព័ត៌មានថាៈ ទីតាំងស្ងោរអំបិល ៣ កន្លែង នៅអង្គរោង និងភូមិអង្គសុគន្ធា ឃុំមហា ឫស្សី ស្រុកគងពិសី បានដុតកម្ទេចក្រណាត់ ផ្លាស្ទិក និងជ័រ នៅក្នុងឡ ធ្វើអោយមានផ្សែងហុយ និងបង្កផលប៉ះ ពាល់ដល់បរិស្ថាន, នៅថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២៥ ក្រុមការងាររដ្ឋបាលស្រុក ដោយមានការចូលរួមពី ការិយាល័យជំនាញពាក់ព័ន្ធ បានចុះទៅដល់ទីតាំង ពិនិត្យឃើញ នៅទីតាំងសិប្បកម្មស្ងោរអំបិល ៣ កន្លែង ដែលមានម្ចាស់ឈ្មោះ ខែម ពុទ្ធថៃ ស្ថិតនៅភូមិអង្គសុគន្ធា ឈ្មោះ យ៉ែម អៀង និងឈ្មោះ យ៉ែម យ៉ា ស្ថិតនៅ ភូមិអង្គរោង ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ក្រុមការងារស្រុកបានធ្វើការណែនាំអោយម្ចាស់ទីតាំង ខាងលើ បញ្ឈប់ការដុតកម្ទេចក្រណាត់ ផ្លាស្ទិក និងជ័រ ចាប់ពីពេលនោះតទៅ និងជូនដំណឹងទៅមន្ទីរជំនាញ ជ្រាបអំពីព័ត៌មានខាងលើនេះ។

-មកដល់ថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០២៥ ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន ដោយមានការចូលរួមពីក្រុមការងារមន្ទីរបរិស្ថានខេត្ត ក្រុមការងាររដ្ឋបាលស្រុក និងក្រុមប្រឹក្សាឃុំមហាឫស្សី បានចុះពិនិត្យទីតាំងស្ងោរអំបិលទាំង ៣ កន្លែងខាងលើ និងបានធ្វើការណែនាំអោយម្ចាស់ ទីតាំងដូចតទៅ៖

១-សិប្បកម្ម ត្រូវបញ្ឈប់ការដុតសំណល់កម្ទេចក្រណាត់ កម្ទេចស្បែក និងប្លាស្ទិក នៅក្នុងឡជាបន្ត ទៀតចាប់ពីពេលនោះតទៅ ទោះបីក្នុងរូបភាពណាក៏ដោយ។

២-ម្ចាស់សិប្បកម្មត្រូវប្រើប្រាស់អុសឬអង្កាមជំនួសការដុតកម្ទេចក្រណាត់ កម្ទេចស្បែក និងប្លាស្ទិក ជាបណ្តោះអាសន្នសិន ក្នុងករណីម្ចាស់សិប្បកម្មដំណើរការផលិតកម្ម។

៣-ត្រូវទុកដាក់សំណល់គ្រប់ប្រភេទ និងផេះចេញពីឡឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។

-នៅរសៀលថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០២៥ ដដែល បន្ទាប់ពីទទួលបានព័ត៌មានថា នៅរោងចក្រ ផលិតគ្រឿងផ្សំស្បែកជើង មួយកន្លែង បានបង្កផលប៉ះពាល់ដល់បរិស្ថាន ព្រោះតែយកផ្លាស្ទិក និងជ័រទៅដុត។ ក្រុមការងារមន្ទីរបរិស្ថានខេត្ត ដោយមានការចូលរួមពីក្រុមការងារស្រុក ឃុំ បានបន្តចុះទៅពិនិត្យដល់ទីតាំង

រោងចក្រផលិតគ្រឿងបន្សំស្បែកជើង ក្រុមហ៊ុន ដី អ៊ុនហេរីធេន (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិអង្គសុគន្ធា ឃុំ មហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយបានរកឃើញថា បានប្រើប្រាស់សំណល់ឧស្សាហកម្ម (កម្ទេចជ័រ ស្បែកជើង កម្ទេចឈើកិន និងធ្យូងថ្ម)មកដុតលាយឡំជាមួយគ្នា ក្នុងឡចំហាយបណ្តាលឱ្យមានផ្សែងខ្មៅខ្លាំង ចេញពីបំពង់ឡរបស់រោងចក្រ។

ក្រុមការងារបានណែនាំដល់ម្ចាស់រោងចក្រដូចខាងក្រោម៖

១-ឲ្យបញ្ឈប់ជាបន្ទាន់ ការយកសំណល់ ប្លាស្ទិក ជ័រ ស្បែក ទៅដុតលាយឡំជាមួយកម្ទេចឈើ កិន និងធ្យូងថ្ម ទោះក្នុងរូបភាព ឬគោលបំណងណាក៏ដោយ។

២-ត្រូវបញ្ឈប់ជាបន្ទាន់ រាល់ការបញ្ចេញផ្សែងខ្មៅ ដោយផ្ទាល់ចូលទៅក្នុងបរិយាកាស ទោះក្នុងរូប ភាព ឬគោលបំណងណាក៏ដោយ។

៣-ត្រូវរៀបចំកែប្រែប្រព័ន្ធបច្ចេកទេសឡចំហាយ និងស្តង់ដាបច្ចេកទេស និងត្រូវបំពាក់ឧបករណ៍ សម្អាតចម្លោះផ្សែងជាប្រចាំ។

៤-ត្រូវអនុវត្តអោយបានត្រឹមត្រូវតាមកិច្ចសន្យាការពារបរិស្ថាន។

៥-ត្រូវផ្តល់របាយការណ៍ស្វ័យត្រួតពិនិត្យ និងស្វ័យរាយការណ៍រៀងរាល់ ៣ខែម្តង និង ៦ខែម្តងឱ្យ បានទៀងទាត់ទៅមន្ទីរបរិស្ថាន និងក្រសួងបរិស្ថាន ។

៦-ត្រូវចូលរួមបង់មូលនិធិបរិស្ថាន និងសង្គមឲ្យបានទៀងទាត់ ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×