Monday, February 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា និងស្វីស នឹងបន្តកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន ដើម្បីពង្រឹងទំនាក់ទំនងឱ្យកាន់តែប្រសើរឡើង

ភ្នំពេញ ៖ ឯកឧត្ដម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា រួមជាមួយ​ឯកឧត្តមបណ្ឌិត​ ចែម វីឌ្យ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្ដម Laurent Wehrli ប្រធានគណៈកម្មាធិការគោលនយោបាយការបរទេស នៃក្រុមប្រឹក្សាជាតិនៃប្រទេសស្វីស (រដ្ឋសភា) និងតំណាងទីភ្នាក់ងារស្វីសដើម្បីការអភិវឌ្ឍ និងសហប្រតិបត្តិការ (SDC) នៅរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារ Raffle Hotel ។

កិច្ចប្រជុំបានពិភាក្សានិងផ្លាស់ប្តូរទស្សនអំពីគោលនយោបាយការបរទេស ការងារការទូតសភា និងកិច្ចសហប្រតិបត្តិការរវាងសភាកម្ពុជា និងសភាស្វីស នៅក្នុងក្របខណ្ឌទ្វេភាគី ក្នុងតំបន់ និងអន្តរជាតិ រួមមានក្របខណ្ឌសភាហ្វ្រង់កូហ្វូនី (APF) សហភាពអន្តរសភា (IPU) ជាដើម។ កម្ពុជា និងស្វីសប្រកាន់នូវគោលនយោបាយការបរទេសអព្យាក្រឹត្យអចិន្ត្រៃយ៍ដូចគ្នា។ ប្រទេសទាំងពីរ មានទំនាក់ទំនងជាមួយគ្នាជាយូរអង្វែង មកហើយ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក ទំនុកចិត្ត និងតម្លៃរួមគ្នា ដែលជាមូលដ្ឋានគ្រឹះនៃមិត្តភាពដ៏យូរអង្វែងរបស់ប្រទេសទាំងពីរ។

ភាគីកម្ពុជា ក៏បានជម្រាបជូនអំពី ធម្មនុញ្ញសន្តិភាពសកល (UPC) ដែលត្រូវបានអនុម័តនៅក្នុងសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព (11th IPTP) កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ ហើយកិច្ចខិតខំប្រឹងប្រែងរួមដើម្បីកសាងសន្តិភាពពិភពលោកគឺមានសារៈសំខាន់ណាស់នាពេលបច្ចុប្បន្ន ដែលសភាពការណ៍ពិភពលោកកំពុងតែប្រែប្រួលពិបាកប៉ាន់ស្មាន។

ភាគីកម្ពុជា ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលស្វីស តាមរយៈទីភ្នាក់ងារស្វីសដើម្បីការអភិវឌ្ឍនិងសហប្រតិបត្តិការ (SDC) ដែលបានផ្តល់ការគាំទ្រដល់វិស័យសុខាភិបាល អប់រំ បណ្ដុះបណ្ដាល និងការដោះមីន នៅកម្ពុជានាពេលកន្លងមក។ ភាគីទាំងពីរនឹងបន្តកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្វីស ឱ្យកាន់តែប្រសើរឡើង៕រក្សាសិទ្ធដោយ៖សុទ្ធលី

×