Sunday, February 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ហេង រតនា ៖ អង្គភាពស៊ីម៉ាក់ផ្អាកតែកម្លាំងខ្លះ ស្ថិតក្រោមគម្រោងជំនួយអាមេរិកប៉ុណ្ណោះ​ ហើយកម្លាំងអង្គភាពស៊ីម៉ាក់ បន្តឆ្លើយតម្រូវការរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានខេត្តទាំងឡាយ​ តាមសំណូមពរជាធម្មតា

ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃអាទិត្យ​ ទី០២​ ខែកុម្ភៈ ឆ្នាំ២០២៥​នេះ​ នៅទីបញ្ជាការដ្ឋានកងឯកភាពទី៥​ ខេត្តត្បូងឃ្មុំ​ ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ និងថ្នាក់ដឹកនាំអង្គភាព បានជួបសំណេះសំណាលនឹងផ្សព្វផ្សាយការងារពាក់ព័ន្ធការផ្អាកគម្រោងជំនួយរបស់សហរដ្ឋអាមេរិក និងប៉ះពាល់ដល់សកម្មភាពប្រតិបតិ្តការខ្លះ របស់អង្គភាពនៅខេត្តគោលដៅទាំង៨ខេត្តនោះ។

សូមបញ្ជាក់ថា​ កម្លាំងនេះជាកម្លាំងបោសសម្អាតគ្រាប់បែកចង្កោមនិងគ្រាប់មិនទាន់ផ្ទុះជាគោល​មិនសំដៅលើការបោសសម្អាតគ្រាប់មីន/ចម្ការមីននោះទេ។ ពេលខ្លះដោយសារយល់បញ្ហាសំណល់យុទ្ធភណ្ឌសង្គ្រាមមិនច្បាស់ធ្វើឱ្យមានការបកស្រាយខុស។

សូមជម្រាបថា​ សំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជាអាចបែងចែកជា៥បញ្ហាសំខាន់គឺ
១.​ បញ្ហាគ្រាប់មីន៖​ មានគ្រាប់មីនប្រឆាំងមនុស្សគ្រប់ប្រភេទនិងគ្រាប់មីនប្រឆាំងយានយន្ត​ មានចំនួនប្រមាណ៤-៦​ លានគ្រាប់
២.​ បញ្ហាគ្រាប់បែកចង្កោម៖​ គ្រាប់បែកចង្កោម​ដែលទម្លាក់ក្នុងសង្គ្រាមមានចំនួនប្រមាណជាងមួយមុឺនទីតាំងមានបរិមាណគ្រាប់ចំនួនជាង២៨លានគ្រាប់។
៣.​ បញ្ហាគ្រាប់ទម្លាក់ពីយន្តហោះ​៖​ មានចំនួនជាង២សែន៣មុឺនទីតាំងមានទម្ងន់គ្រាប់បែកប្រមាណ៤.០៣​ លានតោន
៤.​ បញ្ហាគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងៗ៖​ គ្រាប់កាំភ្លើងធំ​ គ្រាប់ប្រយុទ្ធថ្មើជើងផេ្សងៗ….​ ជាដើម​ គ្មានព័ត៌មានច្បាស់លាស់ទេ
៥.​ បញ្ហាគ្រាប់បែកអាវុធគីមី៖​ គ្រាប់បែកអាវុធគីមីទម្លាក់ពីយន្តហោះ​មួយចំនួន

បញ្ហាទាំង៥​នៃសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជានេះ​ ស្ថិតក្រោមអនុសញ្ញាអន្តរជាតិមួយចំនួនដូចជា៖​ ១.បញ្ហាគ្រាប់មីនប្រឆាំងមនុស្សស្ថិតក្រោមអនុសញ្ញាអន្តរជាតិហាមឃាត់ការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស.. ២.​ បញ្ហាគ្រាប់បែកចង្កោម​ ស្ថិតអនុសញ្ញាអន្តរជាតិហាមប្រើប្រាស់…គ្រាប់បែកចង្កោម​ និង​៣.​ បញ្ហាអាវុធគីមី​ ស្ថិតក្រោមអនុសញ្ញាអន្តរជាតិហាមឃាត់ប្រើប្រាស់អាវុធគីមី។ ក្នុងចំណោមអនុសញ្ញាអន្តរជាតិទាំង៣ខាងលើនេះ​ កម្ពុជាជារដ្ឋភាគីសម្រាប់អនុសញ្ញាអន្តរជាតិចំនួន២គឺ​ គ្រាប់មីនប្រឆាំងមនុស្សនិងអាវុធគីមី។
ដូចនេះការអនុវត្តភារកិច្ចបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមត្រូវអនុលោមតាមច្បាប់ជាតិនិងអន្តរជាតិ​ផងនិងពង្រឹងកិច្ចសហប្រតិបត្តិការជាអន្តរជាតិផងដែរ។ ជាក់ស្តែងការអនុវត្តអនុសញ្ញាអន្តរជាតិអាវុធគីមី​ មានមាត្រាមួយចំនួនមានចែងច្បាស់ថា​”ការបោសសម្អាតសំណល់អាវុធគីមី​ ជាបន្ទុកទទួលខុសត្រូវដោយប្រទេសផលិតឬរដ្ឋដែលប្រើប្រាស់អាវុធគីមីនោះទៅលើរដ្ឋរងគ្រោះ”…ជាដើម។ ឧទាហរណ៍ជាក់សែ្តងបញ្ហាអាវុធគីមីរវាងប្រទេសជប៉ុននិងចិន​ ដោយក្នុងសង្គ្រាមនិងក្រោយសង្គ្រាមជប៉ុនបានប្រើប្រាស់និងបន្សល់ទុកអាវុធគីមីមួយចំនួននៅលើទឹកដីប្រទេសចិន​ ដូចនេះភាគីរដ្ឋាភិបាលជប៉ុនមានភារកិច្ចជាអ្នករ៉ាប់រងធ្វើការបោសសម្អាតអាវុធគីមីសំណល់សង្គ្រាមនៅទឹកដីប្រទេសចិននោះទាំងស្រុងតែម្តង​ ជំនួសឱ្យភាគីប្រទេសចិន។

សរុបខ្លី​ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងភាពជាដៃគូល្អជាប្រការចាំបាច់​ និងការពង្រឹងភាពជាម្ចាស់​ ដោយម្ចាស់ការលើសភាពការណ៍ដើម្បីឯករាជ្យភាពនិងអធិបតេយ្យជាតិជាមូលដ្ឋានគ្រឹះនៃសុខសន្តិភាពសង្គមជាតិ។ ដូចនេះកង្វះខាតការស្វែងយល់ស៊ីម្រៅលើឬសគល់បញ្ហាហើយបែរជាដាក់បន្ទុកលើរាជរដ្ឋាភិបាលនោះ​ អាចធ្វើឱ្យប៉ះពាល់ផលប្រយោជន៍ជាតិនិងទំនាក់ទំនងអន្តរជាតិ។

ឯកឧត្តមសូមបញ្ជាក់ជាថ្មីថា​ អង្គភាពស៊ីម៉ាក់ផ្អាកតែកម្លាំងខ្លះស្ថិតក្រោមគម្រោងជំនួយអាមេរិកប៉ុណ្ណោះ​ ដូចនេះកម្លាំងអង្គភាពស៊ីម៉ាក់បន្តឆ្លើយតម្រូវការរបស់ប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានខេត្តទាំងឡាយ​ តាមសំណូមពរជាធម្មតា៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×