Monday, February 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានលើកទឹកចិត្តដល់ក្រុមការងារ (ACIAR) ក្នុងការសិក្សាបន្ថែមពាក់ព័ន្ធនឹងការប្រើប្រាស់ថាមពល និងថាមពលកកើតឡើងវិញ ឥណទានកាបូន​ និងធ្យូងជីវៈ​

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសមជាមួយសាស្ត្រាចារ្យ Wendy Umberger នាយក​ប្រតិបត្តិនៃមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

នាឱកាសនៃជំនួប​ ឯកឧត្តម​រដ្ឋមន្ដ្រី​ បានសម្តែងនូវការស្វាគមន៍ថ្នាក់ដឹកនាំ​ និងក្រុមការងារ (ACIAR) ក្នុងការពិនិត្យលទ្ធភាពចូលរួមចំណែកក្នុងវិស័យកសិកម្មកម្ពុជា និងបន្តពង្រឹងកិច្ចការសហប្រតិបត្តិការនេះឱ្យកាន់តែរលូន ដើម្បីផលប្រយោជន៍របស់ប្រជាកសិករ។ លើសពីនេះ ឯកឧត្តម​រដ្ឋមន្ដ្រី បានលើកទឹកចិត្តដល់ក្រុមការងារ (ACIAR) ក្នុងការសិក្សាបន្ថែមពាក់ព័ន្ធនឹងការប្រើប្រាស់ថាមពល និងថាមពលកកើតឡើងវិញ ឥណទានកាបូន​ និងធ្យូងជីវៈ​ ជាដើមដោយធ្វើយ៉ាងណាមានទិន្នន័យច្បាស់លាស់​ និងអាចអនុវត្តបានពិតប្រាកដ។

ទន្ទឹមនឹងនេះ ឯកឧត្តម​រដ្ឋមន្ដ្រី បានលើកឡើងពីសហគមន៍កសិកម្មទំនើប ដែលជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល អាចកាត់បន្ថយថ្លៃដើមផលិត ផលិតតាមតម្រូវការទីផ្សារ និងមានប្រសិទ្ធភាពសេដ្ឋកិច្ច ហើយ (ACIAR) អាចពិនិត្យលទ្ធភាពចូលរួមក្នុងការវិនិយោគលើកម្ចីដែលមានអត្រាការប្រាក់ទាបសម្រាប់ប្រជាកសិករ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងផ្សាភ្ជាប់គម្រោងនានាជួយដល់សហគមន៍កសិកម្មទំនើបនេះផងដែរ។

បើតាម ឯកឧត្តម​រដ្ឋមន្ដ្រី កម្ពុជាបើកទ្វារស្វាគមន៍រាល់អ្នកវិនិយោគទាំងអស់ដែលមានបំណងវិនិយោគលើវិស័យកសិកម្ម ក្នុងការផលិតធាតុចូលកសិកម្ម ចំណីសត្វគ្រប់ប្រភេទ ការវិនិយោគលើថាមពល ដើម្បីអាចជួយកាត់បន្ថយថ្លៃដើមរបស់ប្រជាកសិករ ជាពិសេសការវិនិយោគលើការសិក្សាស្រាវជ្រាវគ្រប់អនុវិស័យដូចជា ផលិតកម្មសត្វ វារីវប្បកម្ម និងហេដ្ឋារចនាសម្ព័ន្ធនានាចាំបាច់។

ពាក់ព័ន្ធនឹងការងារគម្រោង ឯកឧត្តម​រដ្ឋមន្ដ្រី បានលើកទឹកចិត្តដល់ក្រុមការងារ (ACIAR) បន្តកិច្ចសហប្រតិបត្តិការឱ្យតែល្អបន្ថែមទៀត​ជាមួយក្រសួងកសិកម្ម​ សំដៅផ្តល់ផលប្រយោជន៍​ និងផលចំនេញសេដ្ឋកិច្ច​ដល់ប្រជាកសិករ ប្រកបដោយប្រសិទ្ធភាព​ និងប្រសិទ្ធផលខ្ពស់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×