កាលពីពេលថ្មីៗនេះ ករណីជនជាតិឥណ្ឌា២នាក់ប្តីប្រពន្ធ ដែលបានធ្វើសកម្មភាពដាក់ថ្នាំយកលុយ ពីនារីជាអាជីវករម្នាក់ ស្ថិតនៅភូមិ គោព្រិច ឃុំចំបក់ ស្រុកគិរីវង្ស ខេត្តកាកែវ តាមរយៈវិធីធ្វើជាមកចូលដូរលុយ រួចដាក់ថ្នាំ រួចរត់ឡើងម៉ូតូម៉ាក PCX ដាក់មេប្រូចបាត់ស្រមោល បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ករណីនេះផងដែរ ដែលថតបានដោយកាមេរ៉ាសុវត្ថិភាព ត្រូវបានចែកចាយព្រោងព្រាតនៅលើបណ្តាញសង្គម ដើម្បីឲ្យសមត្ថកិច្ចពាក់ព័ន្ធគ្រប់ទីកន្លែង ស្ទាក់ចាប់ ព្រោះបើពុំនោះទេ ប្តីប្រពន្ធជនជាតិឥណ្ឌានេះ នឹងប្រាកដណាស់ ជាដើរធ្វើសកម្មភាពគ្រប់ច្រកល្ហក តាមរយៈការធ្វើជាមកដូរលុយ ឬ ទិញអ្វីមួយឲ្យអាប់លុយ រួចដាក់ថ្នាំ ហើយប្រើល្បិចបោកបញ្ឆោត ដើម្បីគេចខ្លួន។
ដូចថាមិនខុសមែន ក្រោយផ្ទុះផ្អើលនៅស្រុកគិរីវង្ស ខេត្តតាកែវ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ឥឡូវនេះ ២នាក់ប្តីប្រពន្ធជនជាតិឥណ្ឌានេះ បានដើរធ្វើសកម្មភាពរីករាលដាលច្រើនកន្លែងហើយ ដោយមិនដឹងថា អាជីវករប៉ុន្មាននាក់ ត្រូវបានរងគ្រោះនោះទេ ខណៈគេបានបញ្ចេញវីដេអូកាមេរ៉ាសុវត្ថិភាព បង្ហាញឲ្យឃើញភិនភាគ និងម៉ូតូ PCX តែមួយ។
ជាក់ស្តែង បើតាមគណនីហ្វេសប៊ុកឈ្មោះ Hem Vuthy បានបញ្ចេញរូបភាពជាច្រើនសន្លឹក ពីកាមេរ៉ាសុវត្ថិភាព បង្ហាញស្រ្តីមាឌមាំម្នាក់ស្លៀកពាក់ជាឥស្លាមឃ្លុំមុខជិត ដែលមានភិនភាគដូចទៅនឹង២នាក់ប្តីប្រពន្ធថ្ងៃមុន ដោយយកលុយក្លែងក្លាយជាច្រើន ទៅទិញទំនិញគេ តែមិនបានសម្រេច។ ម្ចាស់គណនីខាងលើក៏បានបញ្ជាក់ឲ្យដឹងថា «សូមបងប្អូនអាជីវករមានការប្រុងប្រយ័ត្នទាំងគ្នា ឥឡូវមានជនឆបោកច្រើនណាស់ ពួកគាត់ស្លៀកពាក់ធ្វើដូចជនជាតិឥស្លាម យកលុយក្លែងក្លាយមកទិញអីវ៉ានយើង មានក្រដាស ៥០$ ក្រដាស់ ១០០$ និងក្រដាស់ប្រាក់ ៥០០០០៛ (ចង់ធ្វើស៊ីពេទ្យម៉ិចបាន ចែកន្សែងក្រហម ហ៊ានតែមកលើកក្រោយដឹងតែស្ពៃហើយ)។
តែក្រោយឃើញប្តីប្រពន្ធដែលគេអះអាងថាជាជនជាតិឥណ្ឌានេះ អាចធ្វើសកម្មភាពបន្លំបោកប្រាស់ ដាក់ថ្នាំ គ្មានខ្លាចញញើត និងមានសេរីភាពបែបនេះ មហាជនជាប្រពលរដ្ឋ បានចោទជាសំណួរថា ឆ្ងល់ណាស់ ជនបោកប្រាស់ គេផុសគេស៊ែរពីភិនភាគប៉ុណ្ណឹងហើយ ហេតុអ្វីមន្រ្តីពាក់ព័ន្ធនៅតែបណ្ដោយអោយដើរហើរពីមួយកន្លែងទៅមួយកន្លែង ដោយគ្មានចំណាត់ការអីសោះចឹង!?៕