ថ្មីៗនេះ គ្រោះថ្នាក់ចរាចរណ៍លើផ្លូវ៦០ម៉ែត្រ បានកើតឡើងដ៏រន្ធត់ទៀតហើយ ដោយបុរសម្នាក់បានស្លាប់ភ្លាមៗ នៅហ្នឹងកន្លែង បន្ទាប់ពីត្រូវបានរថយន្តមួយគ្រឿង បើកក្នុងល្បឿនលឿនដោយបុរសម្នាក់ស្រវឹងជោគជាំ បានមកបុកពីក្រោយយ៉ាងពេញទំហឹង ខណៈជនរងគ្រោះកំពុងបណ្ដើររ៉ឺម៉កយកទៅជួសជុល កាលពីវេលាម៉ោង ៧ និង ៤៥នាទី យប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥។
ហេតុការណ៍នេះបានកើតឡើង គឺនៅពេលដែលជនរងគ្រោះមានគ្នា ៣ នាក់ បានកំពុងរុញរ៉ឺម៉កខូច នៅក្បែរដងផ្លូវ ប៉ុន្តែ ខណៈពេលនោះ ក៏ស្រាប់តែជនស្រវឹងស្រាជោគជាំ បានបើករថយន្តទំនើប HYUNDAI Starex មកបុកពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ ខណៈបុរស២នាក់ទៀត រងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
តែអ្វីដែលគួរឲ្យហួសចិត្តខ្លាំងបំផុតនោះ គឺក្រោយហេតុការណ៍នេះបានកើតឡើង ក៏ស្រាប់តែលេចលឺដំណឹងថា ជនបង្កដែលគេស្គាល់ថាជាមន្រ្តីទើបឡើងតួនាទីថ្មី បានឲ្យក្រុមគ្រួសាររបស់ខ្លួន ទៅពឹងពាក់ត្រូវរ៉ូវគ្នាជាមួយមេឃុំ មេប៉ុស្តិ៍ នៅឯស្រុកស្ទោង ខេត្តកំពង់ធំ ជួយសម្របសម្រួលបញ្ចប់រឿង ដោយបង់ត្រឹមលុយចំនួន ១០ លានរៀល ទៅគ្រួសារជនរងគ្រោះ។
ទោះជាយ៉ាងណា ករណីនេះត្រូវបានសាច់ញាតិគ្រួសារជនរងគ្រោះ គឺលោក ជីង ចក់ បានចេញមុខប្រតិកម្មខ្លាំងៗ ដោយលោកបានលើកឡើងថា មិនអាចទទួលយកបានឡើយ ព្រោះជីវិតមនុស្សមួយ និងរងរបួស២នាក់ បាក់ជើងកំពុងដេកព្យាបាលនៅពេទ្យ បែរជាចង់សម្រួលបង់ឲ្យ ១០ លានរៀល អីក៏សាហាវម្ល៉េះ!? ។
ជាមួយកំហឹងដ៏ក្តៅពេលលឺបែបនេះ លោក ជីង ចក់ ក៏បានព្រមានទៅកាន់មេប៉ុស្តិ៍ឈ្មោះ ឆេង ទី និងមេឃុំ ឈ្មោះពូ វុទ្ធ ប្រយ័ត្នមានរឿងធំ និងដាក់ឲ្យធ្ងន់ៗបែបនេះថា បើរឿងហ្នឹងកើតឡើងលើគ្រួសារអស់លោកឯងវិញ ខ្ញុំបុកអ៊ីចឹង ខ្ញុំយក ២០ លានរៀល បង់ឲ្យ តើលោកមេប៉ុស្តិ៍ មេឃុំអស់ឯងគិតម៉េចវិញ…»។
គួរបញ្ជាក់ថា បើទោះជាអាជ្ញាធរបានធ្វើការរឹតបន្តឹងការបើកបរ នៅលើផ្លូវ ៦០ ម៉ែត្រ យ៉ាងណាក៏ដោយ ក៏គ្រោះថ្នាក់នៅតែបន្តកើតមានឡើងដដែល នោះគឺគ្មានអ្វីក្រៅពីផ្តើមឡើងដោយសារតែជនបង្ក បើកបរស្ថិតក្នុងស្ថានភាពស្រវឹងនោះទេ៕








