Wednesday, February 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណីសិស្សមួយថ្នាក់ចំនួន១៥០នាក់ នៅសាលាបឋមសិក្សា ទួលកី មន្ទីរអប់រំស្នើសុំឱ្យ សាលាអញ្ជើញគ្រូបង្រៀនដែលចូលនិវត្តន៍មកជួយបង្រៀនឡើងវិញ ទម្រាំមានគ្រូថ្មីមកជំនួស

ពាក់ព័ន្ធករណីផ្សព្វផ្សាយថា សាលាបឋមសិក្សា ទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ សិស្សមួយថ្នាក់មានចំនួន១៥០នាក់ តើសិស្សរៀនកើតទេ បងៗជួយគិតមើល , មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញបានបញ្ជាក់ថា គណៈអភិបាលរាជធានីភ្នំពេញស្នើសុំឱ្យ សាលាអញ្ជើញគ្រូបង្រៀនដែលចូលនិវត្តន៍មកជួយបង្រៀនឡើងវិញ ទម្រាំមានគ្រូថ្មីមកជំនួស ចំពោះប្រាក់ឧបត្ថម្ភ ឯកឧត្តមនឹងចាត់ចែងដោះស្រាយជូនដល់ពួកគាត់។

កាលពីព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញបានឃើញការចុះ ផ្សាយរបស់ទំព័រហ្វេសប៊ុក ដែលមានខ្លឹមសារថា – សាលាបឋមសិក្សាទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌ កំបូល ក្រុងភ្នំពេញ សិស្សមួយថ្នាក់មានចំនួនជិត ១៥០នាក់ តើសិស្សរៀនកើតទេ? បងបង ជួយគិតមើល។

ឆ្លើយតបនឹងព័ត៌មានខាងលើ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ សូមធ្វើការបំភ្លឺជូនមាតាបិតា អ្នកអាណាព្យាបាលសិស្ស សាធារណជន និងអ្នកសារព័ត៌មាន ក៏ដូចជាម្ចាស់ទំព័រហ្វេសប៊ុក អំពីការពិតដែល បានកើតឡើង និងបានដោះស្រាយដូចខាងក្រោម៖

ករណីសិស្សថ្នាក់ទី១ និងថ្នាក់ទី២ នៅសាលាបឋមសិក្សាទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ដែលបានដាក់ក្នុងមួយថ្នាក់ជាង១០០នាក់ (១៤៨នាក់) ដោយមូលហេតុសាលាមានគ្រូបង្រៀនពីរនាក់ ត្រូវចូលនិវត្តន៍ ធ្វើឱ្យសាលាខ្វះគ្រូ ករណីនេះគណៈនាយកសាលាបានចាត់វិធានការដោះស្រាយជាបឋម ដោយដាក់សិស្សបញ្ចូលគ្នាពីរថ្នាក់មកធ្វើជាមួយថ្នាក់ ដើម្បីឱ្យសិស្សទាំងអស់អាចមានលទ្ធភាពមករៀនបាន។ ប៉ុន្តែការធ្វើបែបនេះ ជាការដោះស្រាយមានលក្ខណៈបណ្តោះអាសន្នតែប៉ុណ្ណោះទម្រាំសាលារកគ្រូបង្រៀនថ្មី មកជំនួសបាន

ដោយមានការណែនាំពី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញស្នើសុំឱ្យ សាលាអញ្ជើញគ្រូបង្រៀនដែលចូលនិវត្តន៍មកជួយបង្រៀនទម្រាំមានគ្រូថ្មីមកជំនួស ចំពោះប្រាក់ឧបត្ថម្ភ ឯកឧត្តមនឹងចាត់ចែងដោះស្រាយជូនដល់ពួកគាត់។ ករណីនេះ សាលាបានចាត់ចែងដោះស្រាយរកគ្រូបង្រៀន មកជំនួសបានរួចរាល់ហើយ

ដោយទទួលបានការចាត់ចែងដោះស្រាយខាងលើ ក្រុមការងាររបស់មន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ គណៈអភិបាលខណ្ឌកំបូលបានប្រជុំផ្សព្វផ្សាយដល់មាតាបិតាសិស្ស អ្នកអាណាព្យាបាលសិស្ស សូមឱ្យមានភាពស្ងប់ស្ងាត់ និងយកកូនពួកគាត់មករៀនជាធម្មតា៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×