Wednesday, February 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការក្រៅរដ្ឋាភិបាលជប៉ុន ប្រគល់ហូលពិតានដ៏ស្រស់ស្អាតចំនួន ៤០ផ្ទាំង ជូនក្រសួងវប្បធម៌និងវិចិត្រសិល្បៈ

ភ្នំពេញ ៖ នៅថ្ងៃទី៤ ខែកុម្ភៈ ឯកអគ្គរាជទូត អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា រួមជាមួយ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ទទួលហូលពិដានដែលធ្វើឡើងនៅសារមន្ទីរជាតិកម្ពុជា។ ហូលពិដានដ៏ស្រស់ស្អាតចំនួន ៤០ផ្ទាំង ត្រូវបានប្រគល់ជូនដោយអង្គការក្រៅរដ្ឋាភិបាលជប៉ុន ហៅថា ក្រុមអង្គការគាំពារកុមារខ្មែរ Caring for Young Khmer (CYK) ហើយហូលពិដានទាំងនេះនឹងត្រូវដាក់តាំងនៅសារមន្ទីរជាតិ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា ក្រុមអង្គការគាំពារកុមារខ្មែរ (Caring for young khmer) ហៅកាត់ CYK ដឹកនាំដោយលោកស្រី Harumi Sekiguchi លោកស្រី ចាន់ ស្រី និង លោក ព្រំ ប៊ុនធឿន បានទទួលការអនុញ្ញាតចូលរួមសម្តែងការគួរសមជាមួយ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅសារមន្ទីរជាតិកម្ពុជា កាលពីព្រឹកថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ១១នាទីព្រឹក។

នាឱកាសនៃជំនួបនេះក្រុមការងារជប៉ុនបានប្រគល់ហូលពិតានសរុបចំនួន ៤០ផ្ទាំង ជូនក្រសួងដើម្បីរក្សាទុកជាសម្បត្តិរដ្ឋនៅសារមន្ទីរជាតិកម្ពុជា ក្រោមធិបតីភាពរបស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី និងឯកឧត្តម UENO Atstushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា។ គួររំឮកផងដែរថា កាលពីកំឡុងឆ្នាំ២០១៤ លោកស្រី Harumi Sekiguchi បានប្រគល់ហូលពិតានមកកាន់សារមន្ទីរជាតិកម្ពុជាចំនួន២លើកម្តងមកហើយ លើកទី១សរុបចំនួន ២៣ផ្ទាំង និង លើកទី២សរុបចំនួន ២ផ្ទាំង។

សមុច្ច័យទាំង៤០ផ្ទាំងនេះ ជាបណ្តុំសមុច្ច័យដ៏សំខាន់ដែលបានឆ្លុះបញ្ចាំងពីភាពសំបូរបែបនៃការបន្តមរតកបេតិកភណ្ឌអរូបីនៃវិស័យតម្បាញខ្មែរនារយៈពេលជាងមួយសតវត្សរ៍កន្លងមកនេះ។ ក្បាច់លម្អដែលមាននៅលើផ្ទាំងសូត្របានរម្លេចពីទិដ្ឋភាពទូទៅនៃជីវភាពប្រចាំថ្ងៃនិងជំនឿនានាដែលខ្មែរគោរពប្រតិបត្តិ ជាពិសេសគឺផ្ទាំងរឿងទាក់ទងនឹងពុទ្ធប្រវត្តិ។

គោលបំណងចម្បងនៃការប្រគល់នេះ គឺដើម្បីធានាបាននូវនិរន្តរភាពនៃការអភិរក្ស ថែរក្សា និងផ្សព្វផ្សាយពីភាពប្រណិតនិងល្អឯក នៃមរតកតម្បាញសូត្រខ្មែរ។ លើសពីនោះ ក្រុម ការងារចង់ផ្តល់លទ្ធភាពនិងភាពងាយស្រួលដល់ក្រុមអ្នកតម្បាញសូត្រខ្មែរ ដែលមានបំណងចង់សិក្សាឈ្វែងយល់ពីទម្រង់ និងក្បាច់រចនានានានៅលើផ្ទាំងសូត្រ អាចចូលមកពិនិត្យផ្ទាល់បាននៅសារមន្ទីរជាតិ ដោយទាក់ទងផ្ទាល់មកសារមន្ទីរជាមុន ដើម្បីក្រុមការងារអាចរៀបចំសមុច្ច័យទាំងនោះទាន់ពេលវេលា ដោយពុំចាំបាច់ចំណាយពេលវេលារង់ចាំ។

សារមន្ទីរ សង្ឃឹមយ៉ាងមុតមាំថា សាធារណជន នឹងពិនិត្យលទ្ធ ភាពនៃការប្រគល់សមុច្ច័យផ្សេងៗទៀតមកសារមន្ទីរទុកជាសម្បត្តិជាតិ ដូចដែលក្រុមការងារជប៉ុននេះបានធ្វើនាថ្ងៃនេះ ដ្បិតសមុច្ច័យទាំងនោះ នឹងក្លាយទៅជាឯកសាររស់សម្រាប់ការផ្សព្វផ្សាយ និងសិក្សាឈ្វែងយល់មរតកអរូបីដែលដូនតាខ្មែរបានបន្សល់ទុក៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×