មហាអំណាចយោធាពិភពលោក អាមេរិចគ្រោងនឹងបញ្ជូនយន្តហោះប្រតិកម្មចំនួន ៦គ្រឿងដើម្បីចូលរួមធ្វើសមយុទ្ធដែនអាកាសជាមួយនឹងប្រទេសកូរ៉េខាងត្បូងនៅដើមខែក្រោយនេះ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីអាមេរិចកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។
ការបញ្ជូនយន្តហោះបំបាំងកាយដ៍មានអនុភាពអាមេរិចដើម្បីចូលរួមសមយុទ្ធដែនអាកាសជាមួយសម្ព័ន្ធមិត្តរបស់ខ្លួននេះ ត្រូវបានគេជឿជាក់ថា ជាការដាក់សម្ពាធបន្ថែមទៀតរបស់អាមេរិច លើកូរ៉េខាងជើង។
បើតាមមន្ត្រីអាមេរិចបានឲ្យដឹងថា “យន្តហោះប្រតិកម្មប្រភេទ F-22 ចំនួន ៦គ្រឿងរបស់កងទ័ពដែនអាកាសរបស់អាមេរិច គ្រោងនឹងចូលរួមជាមួយកូរ៉េខាងត្បូងដើម្បីធ្វើសមយុទ្ធឈ្មោះ Vigilant Ace ពីថ្ងៃទី ៤ ដល់ទី ៨ខែធ្នូ”។
យន្តហោះប្រតិកម្មទាំងនោះនឹងហោះលើឧបទ្វីបកូរ៉េ ពីមូលដ្ឋានអាកាស Kadena នៅកោះអូគីណាវ៉ា ប្រទេសជប៉ុន និងចតនៅមូលដ្ឋានទ័ពអាកាសក្នុងប្រទេសកូរ៉េខាងត្បូងក្នុងកំឡុងពេលធ្វើសមយុទ្ធ។
ប្រភេទយន្តហោះចំបាំង F-35A ចំនួន ៤គ្រឿងក៍ទំនងនឹងចូលរួមក្នុងសមយុទ្ធនោះដែរ។
វាគឺជាលើកដំបូងហើយដែលអាមេរិច គ្រៀងនឹងបញ្ជូនយន្តហោះប្រតិកម្មរហូតដល់ ៦គ្រឿងក្នុងពេលតែមួយទៅកាន់ឧបទ្វីបកូរ៉េ ហើយការបញ្ជូននេះគឺដើម្បីដាក់សម្ពាធលើកូរ៉េខាងជើង។
យន្តហោះប្រតិកម្មទាំងនោះគឺជាប្រភេទយន្តហោះពិសេស និងមានអនុភាពអស្ចារ្យព្រោះវាមានសមត្ថភាពអាចហោះទៅកាន់គោលដៅសត្រូវនិងអាចធ្វើការវាយប្រហារបានដោយប្រព័ន្ធរ៉ាដា។ វាមានល្បឿនអតិបរិមា ៣.០០០គីឡូម៉ែត្រក្នុងមួយម៉ោង៕ សុភ័ក្ត្រ