Thursday, February 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងឧស្សាហកម្ម និង UNIDO ពិភាក្សាការពង្រឹងកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍឧស្សាហកម្ម

ភ្នំពេញ ៖ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូអង្គការអភិវឌ្ឍន៍ឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ (UNIDO) ដឹកនាំដោយលោក Gunther Beger នាយកគ្រប់គ្រងផ្នែកនវានុវត្តន៍គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិវត្តកម្មសេដ្ឋកិច្ច ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការបន្ត និងអនាគតនៃវិស័យឧស្សាហកម្មរបស់កម្ពុជា។

ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងពីសារៈសំខាន់នៃការគាំទ្ររបស់ UNIDO ខណៈដែលកម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចនៅចុងឆ្នាំ២០២៩។ ឯកឧត្តម បានលើកឡើងថា៖ “យើងមានពេល៥ឆ្នាំ ដើម្បីអភិវឌ្ឍឧស្សាហកម្ម និងថែបំប៉នសហគ្រាសធុនតូច និងមធ្យមរបស់យើង ឱ្យមានសមត្ថភាពបំពេញតម្រូវការទីផ្សារនាពេលអនាគត។ ជំនាញរបស់ UNIDO ក្នុងការអភិវឌ្ឍឧស្សាហកម្មប្រកបដោយនិរន្តរភាព និងជំនួយបច្ចេកទេស គឺចាំបាច់ដើម្បីពង្រឹងឧស្សាហកម្មក្នុងស្រុក និងគាំទ្រឱ្យពួកគេអាចចូលរួមក្នុងខ្សែច្រវាក់ផលិតកម្មឧស្សាហកម្មធុនធ្ងន់ និងខ្សែច្រវាក់តម្លៃសកល។”

លោក Gunther Beger បានកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជា ជាពិសេសក្នុងការអភិវឌ្ឍឧស្សាហកម្ម និងនវានុវត្តន៍សហគ្រាសធុនតូច និងមធ្យម។ លោកបានលើកឡើងថា៖ “UNIDO នៅតែប្តេជ្ញាចិត្តគាំទ្រក្រសួងឧស្សាហកម្ម និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញបរិវត្តកម្មឧស្សាហកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។”

លោកបានលើកឡើងពីគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH) ដែលគាំទ្រសហគ្រាសធុនតូច និងមធ្យមក្នុងវិស័យកសិ-ឧស្សាហកម្ម និងបានស្នើឱ្យក្រសួងផ្តល់កិច្ចសហការក្នុងការរៀបចំ ”កម្មវិធីភាពជាដៃគូប្រចាំប្រទេស” (PCP) ថ្មីរបស់ខ្លួន ដើម្បីធ្វើសមាហរណកម្មកម្ពុជាបន្ថែមទៀតទៅក្នុងបណ្តាញពាណិជ្ជកម្មនិរន្តរភាពសកល ។

ឯកឧត្តម ហែម វណ្ណឌី បានស្វាគមន៍សំណើនេះ ដោយបញ្ជាក់ពីភាពចាំបាច់នៃការបន្តកិច្ចសហប្រតិបត្តិការ សំដៅបង្កើនផលិតភាព និងភាពប្រកួតប្រជែងនៃឧស្សាហកម្មកម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×