ភ្នំពេញ : នៅថ្ងៃទី ៥ កុម្ភៈ ២០២៥ ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានថ្លែងថា រដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន បានផ្តល់ជំនួយឥតសំណងចំនួន ៤.៤ លានដុល្លារ ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រការងារលុបបំបាត់គ្រាប់មីនរបស់អង្គភាព CMAC។ ជំនួយនេះស្ថិតនៅក្រោម “គម្រោងជំនួយចិន លុបបំបាត់គ្រាប់មីននៅកម្ពុជា” ហើយនឹងអនុវត្តនៅលើរយៈពេល ១២ ខែ (១ មីនា ២០២៥ – ២៩ កុម្ភៈ ២០២៦)។
គម្រោងនេះនឹងគាំទ្រកិច្ចប្រតិបត្តិការនៅ ៧ ខេត្ត រួមមាន កំពង់ធំ, សៀមរាប, ឧត្តរមានជ័យ, ព្រះវិហារ, ស្ទឹងត្រែង, និងក្រចេះ ព្រមទាំង មណ្ឌលសុនខស្វែងរកមីននៅខេត្តកំពង់ឆ្នាំង។ អ្នកជំនាញបច្ចេកទេសជាង ៤០០ នាក់ នឹងចូលរួមអនុវត្តបេសកកម្មសំខាន់ៗចំនួន ៤ រួមមាន៖
- បោសសម្អាតផ្ទៃដី ចំនួនជាង ៣.៤០០ ហិកតា ដែលមានបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌ។
- ស្រាវជ្រាវ ព័ត៌មានអំពីគ្រាប់មីន, UXO និងគ្រាប់បែកចង្កោម។
- ពង្រឹងសមត្ថភាព វិទ្យាស្ថានបច្ចេកទេសសុនខ។
- ពង្រឹងការអប់រំ អំពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងការសង្គ្រោះជនពិការដោយសារគ្រាប់មីន។
ជំនួយនេះគឺជាឆ្នាំទី ៣ នៃដំណាក់កាលទី ៣ (មីនា ២០២៣ – កុម្ភៈ ២០២៦) ដែលមានថវិកាសរុបចំនួន ១៣.២ លានដុល្លារ។
លទ្ធផលសំខាន់ៗចាប់ពីឆ្នាំ ២០១៨ ដល់ ២០២៤
ត្រឹមខែធ្នូ ឆ្នាំ ២០២៤ អង្គភាព CMAC បានសម្រេចលទ្ធផលដូចខាងក្រោម៖
១៥.០៦០ ហិកតា នៃផ្ទៃដីបានរំដោះ។
៨២.៨៤៤ គ្រាប់មីន និង UXO បានរកឃើញនិងបំផ្លាញ។
៦.៦៦៨ សំណើបន្ទាន់ បានឆ្លើយតប។
អប់រំគ្រោះថ្នាក់ពីមីន ជូនប្រជាពលរដ្ឋជាង ១.៨៦៦.៧០០ នាក់។
ប្រជាពលរដ្ឋទទួលផលប្រយោជន៍ ជាង ២.៤៨៥.៣០០ នាក់។
រដ្ឋាភិបាលចិនបន្តជួយកម្ពុជាក្នុងវិស័យនេះ ដើម្បីលុបបំបាត់គ្រាប់មីន និងអភិវឌ្ឍសង្គមជឿនលឿនជាងមុន៕ រក្សាសិទ្ធដោយ៖សុទ្ធលី