Friday, February 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធររាជធានីភ្នំពេញ ស្នើឱ្យកងកម្លាំងសមត្ថកិច្ច និងម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នាគ្រប់គ្រងវត្តមានជនបរទេស

ភ្នំពេញ ៖ ឯកឧត្ដម ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ បានស្នើឱ្យអាជ្ញាធរ កងកម្លាំងនិងម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នាឱ្យបានស្អិតរមួត ក្នុងការគ្រប់គ្រងវត្តមានជនបរទេស ដោយធានាបានថា ជនបរទេសស្នាក់នៅក្នុងរាជធានីភ្នំពេញទាំងអស់ សុទ្ធតែជនដែលស្នាក់នៅដោយស្របច្បាប់។ ការស្នើបែបនេះរបស់ឯកឧត្ដម ហ៊ុន សុរិទ្ធី បានធ្វើឡើង ខណៈឯកឧត្ដមអញ្ជើញជាអធិបតី តំណាងឯកឧត្ដមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយការងារ គ្រប់គ្រងវត្តមានជនបរទេសដល់ម្ចាស់ និងអ្នកគ្រប់គ្រង ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នារសៀល ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដមហ៊ុន សុរិទ្ធី បានមានប្រសាសន៍លើកឡើងថា៖ ការអញ្ជើញ បងប្អូនដែលជាម្ចាស់ និងអ្នកគ្រប់គ្រង ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល មកប្រជុំ នាពេលនេះ មានគោលបំណងផ្សព្វផ្សាយពីខ្លឹមសារនៃការគ្រប់គ្រងវត្តមានជនបរទេស ដើម្បីធានាបានថា ជនបរទេសដែលស្នាក់នៅទីតាំងអាជីវកម្មរបស់បងប្អូន គឺសុទ្ធតែជាជនដែលស្នាក់នៅដោយស្របច្បាប់ មិនមានបទល្មើស មិនរត់គេចមកលាក់ខ្លួន។ បងប្អូនត្រូវជៀសឱ្យបានពីការចោទប្រកាន់ថា ជាអ្នកផ្សំគំនិតបិទបាំងបទល្មើសឬ លាក់បាំងជនបរទេសស្នាក់នៅខុសច្បាប់នៅកម្ពុជា។

ឯកឧត្ដមហ៊ុន សុរិទ្ធី អភិបាលរាជធានីបានបន្តទៀតថា៖ សម្រាប់អាជ្ញាធររាជធានីភ្នំពេញ ពិតជាគាំទ្រ ចំពោះការបើកអាជីវកម្មរបស់បងប្អូន តែយើងក៏មិនចង់ឃើញបងប្អូនអនុវត្តខុសច្បាប់ ដូចជាការជួលទីតាំងអាជីវកម្ម បើកជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់ ឬលាក់ទុកជនបរទេសមិនស្របច្បាប់នោះទេ។

ដើម្បីឱ្យបងប្អូនជាម្ចាស់ និងអ្នកគ្រប់គ្រង ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួលរួចផុតទោសទណ្ឌនៃផ្លូវច្បាប់ ខណៈមានជនបរទេសមកជួលស្នាក់នៅ បងប្អូនត្រូវរាយការណ៍តាមប្រព័ន្ឋ FPCS ដែលជាប្រព័ន្ឋគ្រប់គ្រងទិន្នន័យស្នាក់នៅរបស់ជនបរទេស ទូទាំងប្រទេសកម្ពុជា។ ធ្វើបែបបទគ្រប់គ្រងរដ្ឋបាល ដោយយកមកប្រថាប់ត្រានៅសង្កាត់ ដែលមានកិច្ចសន្យាច្បាស់លាស់ តើថា ជនបរទេសទាំងនោះស្នាក់នៅប៉ុន្មាននាក់ ប៉ុន្មានថ្ងៃ ខែជាដើម។ បើបងប្អូនមិនអនុវត្តតាមការណែនាំខាងលើនេះទេ នៅពេលមានបញ្ហា បងប្អូនអាចប្រឈមមុខចំពោះផ្លូវច្បាប់ហើយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×