ថ្មីៗនេះ រឿងរ៉ាវធ្វើផ្លូវដាក់លូ តែតម្រូវអោយប្រជាជនទិញ ដោយលូ១កង់តម្លៃ 40$ ដ៏ហួសហេតុ រហូតដល់ថ្នាក់ពលរដ្ឋ ចេញវីដេអូសួរជាចម្ងល់ទៅដល់ថ្នាក់លើ និងក៏ដូចមន្រ្តីពាក់ព័ន្ធ សូមជួយពន្យល់អំពីបញ្ហានេះផង ព្រោះប្រជាពលរដ្ឋអត់មានលុយទិញដាក់ទេ ហើយសូម្បីតែពលរដ្ឋចង់ទិញលូដាក់ខ្លួនឯង ក៏គេមិនឲ្យទិញដាក់ឡើយ។
នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ MaLay yu0973329337 ចេញវីដេអូ ដោយភ្ជាប់ជាមួយខ្លឹមសារថា៖ ជួយស៊ែរអោយថ្នាក់លើៗ ឃើញផង បងប្អូន! បញ្ជាក់ផ្សារកណ្ដាលប៉ោយប៉ែត ទារពីប្រជាជន 60$ ដំណាក់ទឹក ភូមិចាន់គិរ៊ី 40$ យកចុះ តែត្រឹមលូ1តា5 ម៉ឺន រ៊ឺ៣ ម៉ឺនបានហើយ ប្រជាជនក្រៗណាស់ ហើយចង់ទិញដាក់ខ្លួនឯង តែលឺគេប្រាប់ថាមិនអោយដាក់ទេ។
បន្ថែមលើនេះ ក្នុងវីដេអូ ស្រ្តីម្ចាស់គណនីខាងលើ ក៏បានសួរជាចម្ងល់ត្រង់ៗថា ក្រែងរដ្ឋធ្វើផ្លូវឲ្យប្រជាពលរដ្ឋ ចុះហេតុអ្វីបានជាឲ្យប្រជាពលរដ្ឋ ទិញលូដាក់? ដោយលូ១កង់តម្លៃ ៤០$ ឯណោះ។ តែយ៉ាងណា គាត់ក៏សូមសំណូមពរថា បើទិញក៏ទិញទៅចុះ តែសូមត្រឹម១កង់ ៣ ទៅ ៤-៥ ម៉ឺនបានហើយ ព្រោះប្រជាពលរដ្ឋសុទ្ធតែក្រៗ គ្មានលុយទិញដាក់ទេ ហើយចុះបើមុខផ្ទះមួយៗ ត្រូវដាក់លូមិនតិចពី ៥ កង់ ទៅ ១០ កង់ សួរថាតើនឹងត្រូវចំណាយលុយអស់ប៉ុន្មានទៅ?។
ជាក់ស្តែង ពលរដ្ឋម្នាក់ ដែលមានគណនីហ្វេសប៊ុកឈ្មោះ «ប៉ោយប៉ែត មានបង់រំលោះ សំភារៈគ្រប់ប្រភេទ» ក៏បានទម្លាយចេញឲ្យដឹងថា រឿងនេះជារឿងពិត អ្នកប៉ោយប៉ែត អ្នកណាក៏គេដឹងដែរ ធ្វើថ្នល់យកលុយ ដាក់លូយកលុយ អត់លុយបង់ មុខផ្ទះអត់លូ អត់ថ្នល់ ខ្ញុំចេញអស់ 700$ ។
តែទោះយ៉ាងណា ក្រោយរឿងនេះបានផ្ទុះឡើង និងរងការរិះគន់ខ្លាំង ពីសំណាក់មហាជន នៅទីបំផុត ខាងរដ្ឋបាលសង្កាត់ប៉ោយប៉ែត បានចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងករណីគណនីហ្វេសប៊ុកឈ្មោះ Malay yu0973339337 បានធ្វើវីដេអូ លើកឡើងខាងលើនេះ។
ក្នុងនោះ រដ្ឋបាលសង្កាត់ប៉ោយប៉ែត បានជម្រាបជូនថា កន្លងមក មានប្រជាពលរដ្ឋរស់នៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានស្នើសុំមកអង្គភាពភូមិ សុំឲ្យអាជ្ញាធរជួយស្ថាបនាផ្លូវថ្មមិកមួយខ្សែ ជូនពួកគាត់ ក្នុងការធ្វើដំណើរឲ្យបានស្រួល ជាពិសេសមានការលំបាកខ្លាំងនៅរដូវវស្សា។ ក្រោយពីទទួលបានព័ត៌មាននេះ អាជ្ញាធរភូមិ ក៏បានរាយការណ៍មកសង្កាត់ ហើយក្រុមការងារសង្កាត់ ក៏បានចុះទៅភ្លាមៗ ដើម្បីពិនិត្យមើលពីស្ថានភាពផ្លូវដែលប្រជាពលរដ្ឋស្នើសុំខាងលើ។
បន្ទាប់ពីបានចុះពិនិត្យ និងសិក្សារួចមក គណៈកម្មការអភិវឌ្ឍន៍សង្កាត់ ក៏បានឯកភាពគ្នាយកគ្រឿងចក្រ ទៅឈូសឆាយសម្រួលជូនជាបណ្តោះអាសន្ន និងបានកាយប្រឡាយរំដោះទឹកសងខាងផ្លូវ ដើម្បីកាត់សំណើមដីជាមុនសិន រួចទើបធ្វើការចាក់ថ្មមិក និងកៀរកិនជូនឲ្យបានស្អាត។ ក្នុងចន្លោះពេលនោះដែរ មានប្រជាពលរដ្ឋមួយចំនួនដែលមានលទ្ធភាព បានទំនាក់ទំនងជាមួយក្រុមហ៊ុនដាក់លូ ដើម្បីដាក់លូខាងមុខផ្ទះរបស់គាត់ ដោយមានការព្រមព្រៀងគ្នា ក្នុងតម្លៃលូមួយកង់ ថ្លៃ ៤០ ដុល្លា រួមទាំងកម្លាំងពលកម្មផង។ ចំណែកប្រជាពលរដ្ឋដែលពុំទាន់មានលទ្ធភាព ពួកគាត់បានធ្វើជាស្ពានឆ្លង ដោយរក្សាប្រឡាយរំដោះទឹកនៅដដែល ចំពោះការដាក់លូជាការព្រមព្រៀងរវាងក្រុមហ៊ុន និងប្រជាពលរដ្ឋ ដោយពុំមានពាក់ព័ន្ធជាមួយអាជ្ញាធរមូលដ្ឋាន ដូចគណនីហ្វេសប៊ុកឈ្មោះ MaLay yu0973329337 បានធ្វើការបង្ហោះជាវីដេអូឡើយ៕
ចុះប្រិយមិត្ត យល់ឃើញយ៉ាងណាដែរ?






