ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានទម្លាយថា ប៉ុន្មានថ្ងៃនេះមានផែនការភេរវកម្មបាញ់ដ្រូនសម្តៅវាយប្រហារចូលគេហដ្ឋានសម្តេច នាក្រុងតាខ្មៅ
សម្ដេចអគ្គមហាសេនាបតីតេជោ បានទម្លាយអំពីផែនការភេរវកម្មនេះ បានធ្វើឡើងក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៅបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល នៅព្រឹកថ្ងៃអង្គារ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
សម្តេចបានបញ្ជាក់ថា ផែនការនេះត្រូវបានសម្តេចដឹងជាមុន តាមរយៈសារសំឡេងសម្ងាត់ ដែលសម្តេចទទួលបាន ហើយសម្តេចបានស្នើដល់បរទេសទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នចំពោះការគាំទ្រណាមួយ ចំពោះសកម្មភាពភេរវកម្ម។
សម្តេចបានបញ្ជាក់ថា សូមផ្តាំផង ផែនការវាយប្រហាដោយដ្រូនចូលតាខ្មៅ អ្នកត្រូវចាំ ហើយបាត់ខ្លួនពីតាកែវមួយ គឺគាំទ្រផែនការវាយប្រហារដ្រូនចូលតាខ្មៅ សន្តិសុខជាតិ អ្នកកុំចង់ប្រហារជីវិតរបស់ខ្ញុំ ចង់សម្លាប់ខ្ញុំ។
សម្តេចតេជោ ហ៊ុន សែន មិនបានបញ្ជាក់អំពីអ្នកពាក់ព័ន្ធក្នុងការរៀបចំដ្រូនដើម្បីវាយប្រហារសម្តេចនោះឡើយ ប៉ុន្តែការបង្ហើបអំពីផែនការធ្វើភេរវកម្មនេះ បានធ្វើឡើងស្របពេលដែល ក្រុមប្រឆាំងនៅក្រៅប្រទេស ប្រកាសបង្កើត រដ្ឋាភិបាលនីរទេស និងបំផុសបំផុលឱ្យផ្តួលរំលំរាជរដ្ឋាភិបាល។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នេះជាអំពើភេរវកម្ម ហើយសូមជនបរទេសទាំងឡាយ ប្រយ័ត្នប្រយែង ក្នុងការគាំទ្រទាំងឡាយនៃសកម្មភាពភេរវកម្ម ខ្ញុំគ្រាន់តែបញ្ជាក់ ក្នុងប៉ុន្មានអាទិត្យនេះ ផែនការវ៉ៃដ្រូនចូលផ្ទះខ្ញុំ។សម្តេចបានស្នើឱ្យបរទេសទាំងអស់ កុំលូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ព្រោះថាកម្ពុជា ត្រូវតែគ្រប់គ្រងសន្តិសុខរបស់ខ្លួនឯង៕ រក្សាសិទ្ធដោយ៖សុទ្ធលី









