រាជធានីភ្នំពេញ៖ អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំកម្លាំងប្រតិបត្តិការ ស៊ើបអង្កេតបង្ក្រាបបទល្មើសគ្រឿងញៀន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលដឹកនាំការងាររដ្ឋបាល និងបច្ចេកទេស មន្ទីរប្រឆាំងគ្រឿងញៀន និងដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន, កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបបានករណី រក្សាទុក ដឹកជញ្ជូនដោយខុសច្បាប់ នូវសារធាតុញៀន ចាប់ខ្លួនជនសង្ស័យម្នាក់ និងថ្នាំញៀនជិត ២០គីឡូក្រាម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១៣៖២០នាទី កម្លាំងជំនាញការិយាល័យ ក១១ នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ជាវ តុលា នាយករងមន្ទីរប្រឆាំងគ្រឿងញៀន និងលោកវរសេនីយ៍ឯក សេង ឃុនណាង នាយការិយាល័យ បានសហការជាមួយកម្លាំងនគរបាលរាជរាជធានីភ្នំពេញ និងដោយមានការដឹកនាំសម្រសម្រួលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ និងបង្រ្កាបការណី រក្សាទុក ដឹកជញ្ជូននៅចំណុច តាមបណ្តោយផ្លូវលេខ ២២០ ភូមិ៩ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោករាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហេង សំណាង ជនជាតិខ្មែរ ភេទប្រុស អាយុ២០ឆ្នាំ ដោយចាប់យកគ្រឿងញៀន១៖ ប្រភេទកេតាមីន ១៨កញ្ចប់ ទម្ងន់សរុប ១៧ ៩២៨ក្រាម (១៧គីឡូ ៩២៨ក្រាម)។
បច្ចុប្បន្នជនល្មើស និងវត្ថុតាង ត្រូវបានកម្លាំងជំនាញរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី
![](https://cen.com.kh/wp-content/uploads/2025/02/4f71daf5beea6b2b84e9cb8ff0eea90d-1024x562.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/7af6357fad19ee513e21d3295acb999e-1024x627.jpg)