Thursday, February 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អយ្យការបន្តស្រាវជ្រាវរឿងទឹកប្រាក់ ៥៥០០ដុល្លារ ពាក់ព័ន្ធនឹងអ្នកលក់កាំបិត ខណៈពាក្យថា ” អាវុធ ” ពីមុនសំដៅទៅលើ ” កាំភ្លើង ” ប៉ុន្តែមកដល់ពេលនេះ ” កាំបិត-ដាវ ” ក៏អាចសម្លាប់មនុស្ស បង្កគ្រោះថ្នាក់ដល់មនុស្ស បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃបានដែរ តើការកសាងសំណុំរឿងរបស់សមត្ថកិច្ចបញ្ជូនទៅតុលាការខុសនីតិវិធីដែរ ឬយ៉ាងណា ?! 

អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ប្រកាសថា នឹងស្រាវជ្រាវបន្ថែមទៅលេីពាក្យចចាមអារ៉ាមថា ដោះលែងអ្នកផលិតកាំបិតជនជាតិចាម ២នាក់ ឱ្យត្រលប់ទៅផ្ទះវិញ ជាថ្នូរនឹងទឹកប្រាក់ ៥៥០០ដុល្លារអាមេរិក ព្រោះករណីនេះវាពាក់ពន្ធ័ស្ថាប័នតុលាការ និងនគរបាលយុត្តិធម៌, ខណៈមហាជនមួយចំនួនទៀត បានចូលរួមលើកឡើងផងដែរថា រឿងនេះពិបាកបន្ទោសសមត្ថកិច្ចណាស់ ដោយហេតុថា បើផ្អែកលើច្បាប់ស្ដីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវវិញ គឺគោលការណ៍ច្បាប់ត្រូវបានហាមឃាត់ចរាចរណ៍មែន ដែលសំដៅ និងផ្ដោតលើកាំភ្លើងតែប៉ុណ្ណោះ ប៉ុន្តែពេលនេះ កាំបិត-ដាវ បានបង្កអសន្តិសុខដល់សង្គម និងប្រជាជនយ៉ាងខ្លាំង, ដូច្នេះ ការទិញ-លក់ កាំបិតរបស់ជនណាមួយ ដែលមិនស្គាល់ប្រវត្តិច្បាស់លាស់ ក៏ត្រូវហាមឃាត់ដែរ ព្រោះគេមិនដឹងថា អ្នកទិញកាំបិតនោះយកទៅធ្វើអ្វីពិតប្រាកដ ?! ប៉ុន្តែទោះជាយ៉ាងណា រឿងប្រព្រឹត្តអំពើពុករលួយ ក្នុងទឹកប្រាក់ ៥៥០០ដុល្លារអាមេរិក គឺជាអំពើខុសច្បាប់ដែលត្រូវបានកំណត់ឱ្យដាក់ទោសទណ្ឌ មានចែងឱ្យផ្ដន្ទាទោសក្នុងច្បាប់ស្ដីពីអំពើពុករលួយ, ដោយឡែក អ្នកលក់កាំបិតវិញ ប្រសិនបើយកមុខរបរមួយនេះ លក់កាំបិត ឬចរាចរណ៍កាំបិត ឱ្យទៅក្រុមក្មេងទំនើងនោះ ដែលខ្លួនបានដឹងរួចស្រេចហើយថា ជាក្រុមក្មេងទំនើង ក៏ចាត់ទុកជាអំពើខុសច្បាប់ផងដែរ។

មុននឹងចូលដល់គោលការណ៍ច្បាប់ ស្ដីពី ការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ យើងសូមនិយាយអំពីសាច់រឿងរបស់តំណាងអយ្យការខេត្តត្បូងឃ្មុំសិន, បើតាមសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ សូមជម្រាបជូនដល់ សាធារណជនទាំងអស់ មេត្តាជ្រាបថា : កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ បានទទួលសំណុំរឿង ពីការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដែលមានអង្គហេតុ ដូចតទៅ : កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានសហការជាមួយក្រុម HOTLANE  SCAM  24/7 របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងអធិការដ្ឋាននគរបាលស្រុកតំបែ បានចុះបង្ក្រាបទីតាំងសិប្បកម្ម ធ្វើកាំបិត មួយកន្លែងនៅចំណុច ផ្ទះឈ្មោះ សា សូទី ស្ថិតនៅភូមិទួលសំបូរ ឃុំត្រពាំងព្រីង ស្រុកតំបែ ខេត្តត្បូងឃ្មុំ ។

សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យចំនួន ០២នាក់ : ១.ឈ្មោះ សា សូទី ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ-ឥស្លាម ជាមេជាង, ២.ឈ្មោះ អិន ប្រុសខូច ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ-ឥស្លាម ជាកូនជាង និងជាអ្នកឡាយវីដេអូ លក់កាំបិត និងដាវ តាម FACEBOOK និងTIKTOK ហើយសមត្ថកិច្ចក៏បានដកហូតវត្ថុតាងមួយចំនួន រួមមាន : ដាវវែង ចំនួន ០៣ដើម, ដាវខ្លីចំនួន ០៦ដើម, កាំបិតផ្គាក់ដងវែងចំនួន ០៣ដើម, កាំបិតផ្គាក់ដងខ្លីចំនួន ០១ដើម, កាំបិតខ្វែវចំនួន ០២ដើម, កាំបិតប៉័ងតោចំនួន ០៣ដើម, កាំបិតស្នៀតចំនួន ០៧ដើម, ពូថៅចំនួន ០២ដើម, ស្រោមដាវធ្វើពីឈើ ចំនួន ០៤, ស្រោមកាំបិតប៉័ងតោធ្វើពីឈើ ចំនួន ០១, ឧបករណ៍សម្រាប់កែច្នៃកាំបិតចំនួន ០៥ និងម៉ូទ័រចំនួន ០៥។

សូមជម្រាបសាធារណជនផងដែរថា ក្រោយពីតំណាងអយ្យការធ្វើការសាកសួរទៅលើជនសង្ស័យទាំងពីរនាក់ ដែលមានឈ្មោះ ឈ្មោះ សា សូទី ភេទប្រុស និងឈ្មោះ អិន ប្រុសខូច ភេទប្រុស តំណាងអយ្យការបានសម្រេចឱ្យជនសង្ស័យទាំងពីរនាក់នេះ បានត្រឡប់ទៅផ្ទះវិញជាបណ្តោះអាសន្ន តាមរយៈការស្នើសុំធានាកូនក្តីឱ្យបានត្រឡប់ទៅផ្ទះវិញជាបណ្តោះអាសន្នពីសំណាក់មេធាវី របស់ពួកគេ ហើយសំណុំរឿងតំណាងអយ្យការកំពុងស៊ើបអង្កេតបន្ត។

ដូចបានលេចឮខាងលើ អំពីការដោះលែងថ្នូរនឹងទឹកប្រាក់ចំនួន ៥.៥០០ដុល្លារអាមេរិកនោះ និងដូចបានជម្រាបជូនខាងលើ អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ នឹងធ្វើការស្រាវជ្រាវបន្ថែមទៅលើពាក្យចចាមអារ៉ាម ដែលបានលើកឡើងថា “ដោះលែងអ្នកផលិតកាំបិតឱ្យបានត្រឡប់ទៅផ្ទះវិញ ជាថ្នូរនឹងប្រាក់ចំនួន ៥.៥០០ដុល្លារអាមេរិក។

ឥឡូវនេះ យើងចូលនិយាយដល់គោលការណ៍ច្បាប់ស្ដីពី ការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ , ពាក្យថា អាវុធ គឺនិយាយសំដៅទៅដល់កាំភ្លើងដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សបាន, រីឯគ្រឿងផ្ទុះ និងគ្រាប់រំសេវ លោក-អ្នកបានដឹងរួចហើយ មិនបាច់រៀបរាប់ទៀតទេ។ ក្នុងមាត្រា ៤ : ច្បាប់ ស្ដីពី ការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ គឺបាននិយាយទៅដល់ការផ្គត់ផ្គង់ ការដឹកជញ្ជូន អាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវនេះឯង, ក្នុងមាត្រានេះ ត្រូវបានកំណត់ហាមឃាត់ ការបំពាក់ ការកាន់កាប់ ការយកតាមខ្លួន ការប្រើប្រាស់ ការទិញ ការលក់ ការធ្វើពាណិជ្ជកម្ម ការឲ្យខ្ចី ការផ្ទេរ ការចែកចាយ ការជួល ការផលិត ការកែច្នៃដំឡើង ការជួសជុល ការដឹកជញ្ជូន ការនាំឆ្លងកាត់ ការនាំចូល ការនាំចេញ ការស្តុកអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ គ្រប់ប្រភេទ ចំពោះជនស៊ីវិលក្នុងព្រះរាជាណាចក្រកម្ពុជា។

ដូច្នេះ គប្បីយើងត្រូវយល់ថា ” ពាក្យថា អាវុធ ” គឺសំដៅទៅលើកាំភ្លើង ដែលអាចសម្លាប់មនុស្ស និងបង្កគ្រោះថ្នាក់ដល់មនុស្សតែប៉ុណ្ណោះ, ចំណែកកាំបិតវិញ  មានធំ មានតូច មានវែង មានខ្លី ត្រូវបានអ្នកភូមិ យកទៅប្រើប្រាស់ក្នុងជីវភាពរស់នៅធម្មតា ដូចជា ធ្វើកិច្ចការផ្ទះនិងធ្វើកិច្ចការនៅស្រែចម្ការ… ជាដើម។ ប៉ុន្តែយើងតោងយល់ថា កាំបិត-ដាវ ក៏អាចកាប់មនុស្សឲ្យស្លាប់ និងបង្កឱ្យរងរបួស ព្រមទាំងបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃផងដែរ។ សូមរំលឹកថា កាលពីជាង ៣០ឆ្នាំមុន ស្រុកទេសយើង ប្រជាជនព្រួយបារម្ភរឿងផ្ទុះអាវុធសេរី បាញ់បោះសេរីដោយកាំភ្លើង និងការប្រើប្រាស់កាំភ្លើងក៏អនាធិបតេយ្យផងដែរ… ប៉ុន្តែ ជាង ៣០ឆ្នាំមកនេះ…  ជាពិសេស បច្ចុប្បន្ននេះតែម្ដង ស្រុកទេសយើង មានសន្តិភាពពេញលេញ មានសន្តិសុខសណ្ដាប់ធ្នាប់សម្រាប់ប្រជាពលរដ្ឋរស់នៅ ស្ងប់ស្ងាត់រឿងកាំភ្លើងមួយអន្លើ… ប៉ុន្តែ មកផ្ទុះភាពឆោឡោរឿងកាំបិត ដាវទៅវិញ ពោលគឺ ក្រុមក្មេងទំនើង បានទៅកុម្មង់ជាង ឱ្យធ្វើកាំបិត និងដាវ ខ្លះល្អវិចិត្រ ខ្លះមិនសូវល្អ រួចហើយដាក់តាមខ្លួន ខ្លះលាក់ទុកក្នុងកែបម៉ូតូ ខ្លះកាន់សម្ញែងគ្មានព្រឺខ្លាចសមត្ថកិច្ច ហើយបង្កអសន្តិសុខវាយកាប់ចាក់គ្នា, កាប់ចាក់អ្នកដំណើរដែលមិនដឹងអី, កាប់បំផ្លាញម៉ូតូ និងទ្រព្យសម្បត្តិផ្សេងៗរបស់អ្នកដទៃ, ជាពិសេស ពួកក្មេងទំនើងណាត់គ្នាវាយកាប់ចាក់គ្នានៅតាមដងផ្លូវសាធារណៈឥតញញើតសមត្ថកិច្ច បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋយ៉ាងខ្លាំងសម្បើម… តើនេះបណ្ដាលមកពីអ្វី ? ទី១.ប្រភពក្មេងទំនើងប្រដៅមិនស្ដាប់, ទី២.ប្រភពពីការផលិតកាំបិត-ដាវដ៏គួរឱ្យទាក់ទាញ,  និងទិ៣.ការអនុវត្តច្បាប់របស់សមត្ថកិច្ចនៅទន់ខ្សោយនៅឡើយ។

និយាយដល់ក្រុមក្មេងទំនើងប្រើប្រាស់កាំបិតកាប់ចាក់គ្នា, ថ្មីៗនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានដាក់បញ្ជាម៉ឺងម៉ាត់ឱ្យសមត្ថកិច្ចបង្ក្រាបក្មេងទំនើងនេះឱ្យខាងតែបាន និងថែមទាំងឪ្យស្រាវជ្រាវដល់កន្លែងផលិតកាំបិត-ដាវទៀតផង ក្រែងមានផលិតកាំបិតលក់ឱ្យក្រុមក្មេងទំនើង ឬក្រុមក្មេងទំនើងទៅកុម្មង់កាំបិត-ដាវនៅកន្លែងផលិតនោះ… បើដូច្នេះ កន្លែងផលិតកាំបិតនោះ ក៏ខុសច្បាប់ដែរ, ឬអ្នកលក់កាំបិតទៀតសោត ប្រសិនបើយកមុខរបរមួយនេះ លក់កាំបិត ឬចរាចរណ៍កាំបិត ឱ្យទៅក្រុមក្មេងទំនើងទាំងឡាយណានោះ ដែលខ្លួនបានដឹងរួចស្រេចហើយថា ជាក្រុមក្មេងទំនើង ក៏នៅតែចចេសលក់ ឬចរាចរណ៍ ក៏ចាត់ទុកជាអំពើខុសច្បាប់ផងដែរ… សមត្ថកិច្ច មានមន្ត្រីនគរបាលយុត្តិធម៌ អាចកសាងសំណុំរឿងបញ្ជូនទៅតុលាការបាន៕ ពិសិដ្ឋ CEN