ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានផ្តល់ការអប់រំណែនាំដល់ប្រជាពលរដ្ឋ ប្រសិនបើក្រុមឱ្យខ្ចីប្រាក់នោះជាក្រុមដែលខុសច្បាប់ ដែលធ្វើការ កម្ចីតាមអនឡាញជាដើមនោះ គឺកុំសងតែម្តង បើសិនជាមានការរករឿងណាមួយ សូមប្តឹងមកសមត្ថកិច្ច។
ពិធីបិទសន្និបាតក្រសួងមហាផ្ទៃ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ សន្និបាតបានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១២ ខែកុម្ភៈ ដែលមានពិភាក្សាលើប្រធានបទសំខាន់ៗ និងការស្តាប់បទបង្ហាញពីវាគ្មិនពាក់ព័ន្ធ។
ឯកឧត្តមអភិសន្តិបណ្ឌិតក្នុងនាមសម្តេចនាយករដ្ឋមន្ត្រី បានកោតសរសើរ និងអរគុណថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ ទូទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវ ធ្វើឱ្យក្រសួងសម្រេចបានលទ្ធផល នៃការបំពេញភារកិច្ចឆ្នាំ២០២៤ ជាង៩៥% ធៀបនឹងផែនការ។ ប្រមុខក្រសួងមហាផ្ទៃបានចាត់ទុកលទ្ធផលនេះថាមិនអាចកាត់ផ្តាច់បានឡើយ ពីការខិតខំប្រឹងប្រែង របស់មន្ត្រីគ្រប់ថ្នាក់ និងការចូលរួមគាំទ្រពីប្រជាពលរដ្ឋ ព្រមទាំងភាគីពាក់ព័ន្ធ ទាំងក្នុងកម្រិតស្ថាប័នរដ្ឋ ស្ថាប័នវិស័យឯកជន និងដៃគូជាតិ និងអន្តរជាតិ។
ដើម្បីពង្រឹងកិច្ចការចាំបាច់មួយចំនួនឯកឧត្តមអភិសន្តិបណ្ឌិតបានលើកឡើងអំពីសារៈសំខាន់នៃការប្ដេជ្ញាចិត្តធ្វើឱ្យបានជោគជ័យការជំរុញកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការសម្របសម្រួលតាមយន្តការ គ.ជ.អ.ប ដើម្បីផ្ទេរមុខងារមួយចំនួនទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យមានភាពជាម្ចាស់។
ទន្ទឹមនឹងការជំរុញឱ្យគ្រប់អង្គភាពពង្រឹងការបណ្តុះបណ្តាលផ្ទៃក្នុង ឯកឧត្តមអភិសន្តិបណ្ឌិតបានស្នើឱ្យក្រុមការងាររាជរដ្ឋាភិបាល ឬក្រុមការងារពាក់ព័ន្ធចុះមូលដ្ឋាន បញ្ឈប់ការអន្តរាគមន៍ដើម្បីយកមន្ត្រីពីកន្លែងផ្សេង ឬមូលដ្ឋានផ្សេងឱ្យទៅកាន់តំណែង នៅមូលដ្ឋានខ្លួនចុះទៅនោះ ដោយឯកឧត្តមបានលើកឡើងពីភាព ចាំបាច់នៃការអនុវត្តលើយន្តការដែលមានស្រាប់ និងការអនុវត្តទៅតាមនីតិវិធី ដែលទុកលទ្ធភាពឱ្យ ថ្នាក់ដឹកនាំរដ្ឋបាលនីមួយៗ ពិនិត្យសម្រេចដើម្បីស្នើតែងតាំង មន្ត្រីនៅក្នុងមូលដ្ឋានរបស់ខ្លួន។
ឯកឧត្តមក៏បានសង្កត់ធ្ងន់អំពីការយកចិត្តទុកដាក់ ឱ្យខានតែបានគ្រប់ថ្នាក់ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ លើការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជួញដូរគ្រឿងញៀនខុសច្បាប់ ការទប់ស្កាត់ និងបង្រ្កាបក្មេងទំនើង និងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលជាប្រធានបទមួយព្រួយបារម្ភ នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។
ក្នុងចំណោមប្រធានបទសំខាន់ទៀតនៅចុងបញ្ចប់នៃ សន្ទរកថា បិទសន្និបាតក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត លោកបានផ្តល់ការណែនាំដល់រដ្ឋបាលរាជធានីខេត្តក្រុងស្រុកខណ្ឌ បន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចូលរួមអនុវត្តឱ្យបាន និងទប់ស្កាត់កុំឱ្យមានការខ្ចីប្រាក់ខុសច្បាប់ ខ្ចីប្រាក់ពីក្រុមជនបរទេស ខ្ចីប្រាក់ដែលមានកម្រិត នៃការដាក់គំនាបទៅលើអ្នកខ្ចី ខុសពីច្បាប់។
ឯកឧត្តមបាន ប្រលយចេញពីក្រសួងមហាផ្ទៃ ឱ្យផ្តល់ការអប់រំណែនាំដល់ប្រជាពលរដ្ឋ ប្រសិនបើក្រុមឱ្យខ្ចីប្រាក់នោះជាក្រុមដែលខុសច្បាប់ ក្រុមជនបរទេសដែលធ្វើការ កម្ចីតាមអនឡាញជាដើមនោះ គឺកុំសងតែម្តង បើសិនជាមានការរករឿងណាមួយសូមប្តឹងមកសមត្ថកិច្ច។ យ៉ាងណាក៏ដោយឯកឧត្តម បានណែនាំបែងចែកឱ្យដាច់រវាង កម្ចីជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុ ឬអង្គភាពផ្តល់ប្រាក់កម្ចី ដែលគេធ្វើប្រតិបត្តិការស្របតាមច្បាប់ និងកម្ចីជាលក្ខណៈឯកជនបុគ្គល និងបុគ្គល ដែលផ្ទុយពីកម្ចីខុសច្បាប់នោះ គឺត្រូវតែមានកាតព្វកិច្ចសងទៅតាមច្បាប់ និងការព្រមព្រៀង៕ រក្សាសិទ្ធដោយ៖សុទ្ធលី
![](https://cen.com.kh/wp-content/uploads/2025/02/9df85bf8f813e71620bd2b752ccb1e28-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/8c027b693dc2b6ceffd7ea61a1fa9c97-1-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/5d5bcd136cdcf3794b3682eb9ca128dc-1-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/cad04e69489855a6a6496a2b7c9f0649-1-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/b904c1ed416b908ab45e4a8c4f4c869d-1-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/841795cf96dadff1fa9bdb6ab4467fa5-1-1024x683.jpg)