ថ្មីៗនេះ មានរឿងក្តៅគគុកមួយ នៅព្រំដែនរវាងកម្ពុជា-ថៃ ដែលបង្កការចាប់អារម្មណ៍យ៉ាងខ្លាំង ពីប្រជាជនកម្ពុជា បន្ទាប់ពីបានឃើញវីដេអូទាហានថៃ បានចូលមកហាមឃាត់ពលរដ្ឋខ្មែរមួយក្រម កំពុងច្រៀងចម្រៀងជាតិ នៅលើប្រាសាទតាមាន់ធំ ដែលស្ថិតក្នុងទឹកដីរបស់ខ្មែរសោះ។
តែបន្ទាប់ពីបានដឹងថា មានរឿងដ៏ហួសចិត្តនេះកើតឡើង ឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការ កងពលតូចថ្មើរជើងលេខ ៤២ បានឡើងទៅបញ្ចេញប្រតិកម្ម ទៅនឹងក្រុមទាហានទាំងនោះភ្លាមៗ និងបានមានប្រសាសន៍ដ៏ម៉ឺងម៉ាត់ក្លៀវក្លា ផ្តាំទៅទាហានថៃថា បើខាងថៃចូលមកទីនេះវិញ គឺត្រូវតែហាមមិនឲ្យចូលមកជាដាច់ខាត មិនមានឲ្យការច្រៀង ឬក៏សកម្មភាពតម្រង់ជួរណាអ្វីទាំងអស់ បើទោះជាត្រូវផ្ទុះអាវុធយ៉ាងក៏ដោយ អត់មានខ្លាចញញើតនោះទេ។
ទន្ទឹមនឹងរឿងដ៏ក្តៅគគុកនេះកើតឡើង កាសែតរបស់ថៃ Khaosod ក៏បានចុះផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា មេបញ្ជាការយោធភូមិភាគទី២ លោកឧត្តមសេនីយ៍ទោ Boonsin Phadklang បាននិយាយនៅថ្ងៃចន្ទនេះថា លិខិតតវ៉ាមួយត្រូវបានផ្ញើមកកម្ពុជា បន្ទាប់ពីទាហាន និងជនស៊ីវិលកម្ពុជាមួយក្រុម បានចូលប្រាសាទតាមាន់ធំ ជាប់ព្រំដែនថៃ ក្នុងខេត្តសុរិន្ទ និងច្រៀងភ្លេងជាតិកម្ពុជា។ ការប៉ះពាក្យសម្តីដាក់គ្នាយ៉ាងខ្លាំងក្លា បានធ្វើឡើងរវាងភាគីទាំងពីរ នៅពេលមានហេតុការណ៍កើតឡើង។ ប្រទេសថៃមានការព្រួយបារម្ភថា ទង្វើបែបនេះដែលថតជាវីដេអូ អាចត្រូវបានប្រើដើម្បីទាមទារទឹកដីមិនពិត។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Phumtham Wechayachai បានសម្តែងការព្រួយបារម្ភកាលពីថ្ងៃទី១៧ ខែកុម្ភៈ អំពីប្រជាជនកម្ពុជាច្រៀងចម្រៀងជាតិនិយម នៅប្រាសាទតាមាន់ធំ ក្នុងស្រុក Phanom Dong Rak ខេត្ត សុរិន្ទ ។ មេបញ្ជាការយោធាថៃ បានដាក់ការតវ៉ាជាផ្លូវការរួចហើយ ដោយមានបណ្តាញការទូតត្រូវតាមដាន។ លោក Phumtham បាននិយាយថា «សំខាន់បំផុត យើងមិនមើលឃើញថានេះជាជម្លោះនោះទេ។ ប្រទេសទាំងពីររក្សាទំនាក់ទំនងល្អទាំងថ្នាក់ជាតិ និងកម្រិតប្រតិបត្តិការ។ យើងមិនគួរអនុញ្ញាតឱ្យវាកើនឡើងជាជម្លោះនោះទេ។ សន្តិភាពគឺល្អជាង»។
ឧត្តមសេនីយ៍ឯក Boonsin Phadklang មេបញ្ជាការតំបន់កងទ័ពជើងគោកទី២ ក៏បានបង្ហើបថា លោកបានពិភាក្សាអំពីឧបទ្ទវហេតុនេះ ជាមួយមេបញ្ជាការកម្ពុជា តាមរយៈគណៈកម្មាធិការព្រំដែនភូមិភាគថៃ-កម្ពុជា (RBC)។ ស្ថានការណ៍ត្រូវបានដោះស្រាយ ដោយក្រុមការងារ Suranaree បានចេញលិខិតតវ៉ាមួយ ស្នើសុំកុំឱ្យឧប្បទ្ទវហេតុបែបនេះកើតឡើងវិញ ដោយលើកឡើងពីអាកប្បកិរិយាមិនសមរម្យ ដែលបំពានលើកិច្ចព្រមព្រៀងដែលមានស្រាប់។
ទោះជាយ៉ាងណា មន្ត្រីថៃ និងកម្ពុជា បានឈានដល់ការយោគយល់គ្នាមួយ បន្ទាប់ពីមានជម្លោះកាលពីពេលថ្មីៗនេះ នៅប្រាសាទតាមាន់ធំ ក្នុងខេត្តសុរិន្ទ ដែលទាហានថៃបានរារាំងភ្ញៀវខ្មែរ មិនឱ្យច្រៀងបទស្នេហាជាតិ ដែលនាំឱ្យថៃចេញការតវ៉ាជាផ្លូវការដល់កម្ពុជា។
កាលពីថ្ងៃទី ១៧ ខែកុម្ភៈ លោកវរសេនីយ៍ឯក Pakpoom Papakas មេបញ្ជាការកងអនុសេនាធំពិសេសទី ២ របស់ប្រទេសថៃ ក៏បានជួបជាមួយលោកវរសេនីយ៍ឯក ពៅ ផេង ដែលជាប្រធានអង្គភាពសម្របសម្រួលព្រំដែនកម្ពុជា ប្រចាំតំបន់អូរស្មាច់ នៅចំណុចច្រកព្រំដែនអចិន្រ្តៃយ៍ Chong Jom ស្រុក Kap Choeng ខេត្ត Surin ។
កិច្ចប្រជុំបានផ្តោតលើការកែលម្អទំនាក់ទំនងទ្វេភាគី និងទប់ស្កាត់ការយល់ច្រឡំនាពេលអនាគតនៅតាមព្រំដែន។ ភាគីទាំងពីរបានរាយការណ៍ថា កិច្ចពិភាក្សាបានប្រព្រឹត្តទៅក្នុងបរិយាកាសមិត្តភាព និងបានបញ្ចប់ដោយការយោគយល់គ្នាប្រកបដោយជោគជ័យ៕












