ករណីលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដែលបានប៉ះទង្គិចទាស់ពាក្យសម្តីគ្នាយ៉ាងខ្លាំង ជាមួយសមត្ថកិច្ចវាស់ជាតិអាល់កុល នៅផ្លូវហាណូយ (មុខសាលាបឋមសិក្សាភ្នំពេញថ្មី) កាលពីយប់មិញ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឃើញថា នៅលើបណ្តាញសង្គមមកទល់ពេលនេះ បាននិងកំពុងផ្ទុះការវែកញែកមិនទាន់ចប់ទេ ខណៈមហាជនជាច្រើនបានផ្ទុះការរិះគន់មិនសំចៃមាត់ ទៅលើកម្លាំងសមត្ថកិច្ចទាំងនោះ។
ពិតណាស់ មហាជនបានផ្ទុះការប្រតិកម្មយ៉ាងខ្លាំង ទៅលើក្រុមមន្រ្តីអនុវត្តច្បាប់ចរាចរណ៍មួយចំនួន ក្នុងចំណោមនោះ ក្រោយពីបានឃើញវីដេអូបង្ហាញពីទង្វើដ៏ហាក់អាក្រក់ខ្លាំង ដល់ថ្នាក់ចាប់ក្រៀកក្លេ បង្ខំលោកបណ្ឌិត សុខ ទូច ឲ្យវាស់ជាតិអាល់ ធ្វើដូចអ្នកទោសឧក្រិដ្ឋអ៊ីចឹង បើទោះជាបង្ខំឲ្យវាស់ជាតិអាល់ច្រើនដង ប៉ុន្តែ មិនចេញលទ្ធផល រហូតមហាជនឆ្ងល់ថា ផ្លុំជាតិអាល់កុល១ដងអត់ចេញ ២ ដងអត់ចេញ រហូត៤-៥ដងទាល់តែចេញ…ម៉េចចឹង? នេះជាចំណុចមួយគួរពិចារណាទាំងអស់គ្នា!។
ដោយឡែក ក្រោយពីបានឃើញវីដេអូមួយទៀត ដែលបង្ហាញខណៈពេលចុងក្រោយ ដែលលោកបណ្ឌិត សុខ ទូច ទំនងជាលែងសហការផ្លុំជាតិអាល់កុលតទៅទៀត ដោយបានបង្ខំចិត្តដើរចាកចេញទៅផ្ទះ តែជាមួយវ៉ាលីសរុញមួយប៉ុណ្ណោះ ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ហើយក៏ត្រូវបានសមត្ថកិច្ចមួយក្រុម ដេញចាប់រុញច្រានលោកបណ្ឌិត ស្ទើរផ្កាប់មុខ ហាក់គ្មានផ្តល់តម្លៃសូម្បីបន្តិចសោះឡើយ បានធ្វើឲ្យមហាជនសម្តែងក្តីអាណិតខ្លោចចិត្ត ព្រោះមិននឹកស្មានថា មន្រ្តីសមត្ថកិច្ចពាក់ព័ន្ធទាំងនោះ ធ្វើទង្វើដល់ថ្នាក់ហ្នឹង!?
ក្រោយពីបានឃើញនូវទង្វើរុញច្រាន អូសទាញមិនឲ្យលោកបណ្ឌិត សុខ ទួច ចាកចេញទៅណាបែបនេះរួចភ្លាម ពលរដ្ឋម្នាក់ដែលយល់ដឹងពីច្បាប់ចរាចរណ៍ បានលើកឡើងថា បើតាមច្បាប់ចរាចរណ៍ ពាក់ព័ន្ធការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង គឺត្រឹមពិន័យជាប្រាក់ទេ ហើយការពិន័យនេះគឺមិនចាំបាច់តែនៅចំពោះមុខ ឬនៅនឹងកន្លែងនោះទេ គឺអាចផ្ញើប័ណ្ណពិន័យទៅឲ្យលោកបណ្ឌិតដល់ផ្ទះ ឬកន្លែងធ្វើការបាន ចុះហេតុអីបានចាំបាច់ច្រានទ្រូង ក្នុងគោលបំណងបន្ទុចបង្អាក់ការចាកចេញពីគោលដៅនោះរបស់លោកបណ្ឌិត?។
ជាមួយនឹងទង្វើដ៏មិនគួរគប្បីដែលកំពុងក្តៅគគុកនេះផងដែរ មហាជនភាគច្រើន បានដាក់ចំៗថា សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា តើយ៉ាងណាទៅ?៕






